រ៉ាយស៍ថេកខេមបូឌា (RiceTechCambodia) គឺជាគម្រោងរយៈពេល៥ឆ្នាំរវាងក្រុមហ៊ុន អេមរុរ៉ាយស៍ (Amru Rice) សាណូរ៉ាយស៍ (SanoRice) អង្គការអុកស្វាម អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (Development and Partnership in Action) ឡារីហ្វ៍អន្តរជាតិ (Larive International) និងមន្ទីរកសិកម្មខេត្តមណ្ឌលគិរី។ គោលបំណងនៃគម្រោងនេះ គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់កសិករខ្នាតតូច ដោយជួយឱ្យពួកគេធ្វើកសិកម្មស្រូវសរីរាង្គ ដែលមានការបញ្ជាក់ត្រឹមត្រូវ បង្កើនផលិតភាព និងទិន្នផល និងធានាតម្លៃខ្ពស់ក្នុងទីផ្សារអឺរ៉ុប។
គម្រោងនេះត្រូវបានសម្ភោធនៅថ្ងៃទី ២៥ ខែកញ្ញា នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងសហគមន៍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ធនាគារ និងស្ថាប័ន រដ្ឋាភិបាលពាក់ព័ន្ធ។
ក្នុងកិច្ចបើកកម្មពិធី ឯកឧត្តម វេង សាខុន មានប្រសាសន៍ថា គម្រោងនេះនឹងត្រូវបានអនុវត្ត នៅក្នុងខេត្តមណ្ឌលគិរី ក្នុងគោលបំណងជួយកសិករខ្នាតតូច ចំនួន២,៤០០ នាក់។ ក្នុងនោះកសិករ ៥៤% នឹងទទួលបានការបណ្តុះបណ្តាលពេញលេញ ស្តីពីកសិកម្មសរីរាង្គ និងការអនុវត្តកសិកម្មឲ្យបានល្អ ព្រមទាំងទទួលបានឧបករណ៍សម្ងួត ឧបករណ៍ស្តុកទុក និងឧបករណ៍កិនស្រូវ ដើម្បីបង្កើនគុណភាពផលិតផលស្រូវ។ ជាផ្នែកមួយនៃគម្រោងនេះ យើងនឹងណែនាំគម្រោងសាកល្បងនៃការចិញ្ចឹមត្រីក្នុងស្រែផងដែរ។
លោកស្រី លឹម សូលីន នាយិកាអង្គការអុកស្វាមប្រចាំនៅកម្ពុជាមានប្រសាសន៍ថា៖ “យើងជឿជាក់ថាកសិករខ្នាតតូចគួរនឹងទទួលបានតម្លៃបន្ថែម ក្នុងចំណែកសមស្របមួយនៅក្នុងខ្សែសង្វាក់តម្លៃនៃវិស័យកសិកម្ម ដែលវាអាចសម្រេចបានតាមរយៈខ្សែសង្វាក់តម្លៃមួយ ដែលមានបរិយាប័ន្ន ដោយមានការលើកកម្ពស់ដៃគូទាំងអស់។ ភាពជាដៃគូនេះ ត្រូវបានបង្កើតឡើង ដោយផ្អែកលើគំរូអាជីវកម្មប្រកបដោយបរិយាប័ន្ន និងមានគោលបំណងផ្តល់ផលប្រយោជន៍សមស្របដល់កសិករខ្នាតតូច ក្រុមហ៊ុនឯកជន អតិថិជន និងរដ្ឋាភិបាលជាដើម។ យើងសូមថ្លែងអំណរគុណចំពោះដៃគូរបស់យើង ដែលបានចូលរួមក្នុងដំណើរនេះ ដើម្បីគាំទ្រដល់កសិករខ្នាតតូច ជាពិសេសស្រ្តី ក្នុងការផ្លាស់ប្តូរជីវភាពរស់នៅរបស់ពួកគេ” ។
រាល់សកម្មភាពក្នុងគម្រោង នឹងនាំមកនូវភាពល្អប្រសើរក្នុងជីវភាពរស់នៅរបស់កសិករខ្នាតតូច នៅខេត្តមណ្ឌលគិរី និងពង្រឹងបរិយាកាសធុរកិច្ចទូទៅដោយប្រយោលនៅប្រទេសកម្ពុជា ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
លោកស្រី ហឿ លាភ ប្រធានសហគមន៍កសិកម្មមកពីខេត្តមណ្ឌលគិរី និយាយថា “យើងសង្ឃឹមថា តម្លៃនឹងល្អប្រសើរឡើង តាមរយៈការចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនអេមរុរ៉ាយស៍។ វាមានសារៈសំខាន់ណាស់សម្រាប់យើង ក្នុងការវិនិយោគទៅលើការអនុវត្តកសិកម្មស្រូវសរីរាង្គថ្មី” ។
លោក សុង សារ៉ន នាយកប្រតិបត្តិក្រុមហ៊ុនអេមរុរ៉ាយស៍ បញ្ជាក់ថា “យើងជួយឱ្យកសិករផ្លាស់ប្តូរទៅរកការដាំស្រូវសរីរាង្គតាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា និងជួយបង្កើនតម្លៃបន្ថែម ដោយផ្ដល់ជាម៉ាស៊ីនសម្ងួត កិន និងរក្សាទុក ហើយមានឲ្យតម្លៃខ្ពស់ និងការធានាទិញ”។
លោក Robert Vreeman ប្រធាន SanoRice Holding B.V. និយាយថា “ក្រុមហ៊ុន SanoRice បន្ថែមជំនាញការសុវត្ថិភាពអាហារដល់កម្រិតមួយដូចគ្នានឹងអាហារកូនក្មេង។ ជាមួយនឹងជំនាញការនេះ យើងអាចធានាបាននូវសុវត្ថិភាពច្រវាក់ផលិតកម្ម ពីកសិករក្នុងខេត្តមណ្ឌលគិរី តាមរយៈកំពង់ផែនៅទីក្រុង Rotterdam ទៅអ្នកប្រើប្រាស់ចុងក្រោយ។
លោក Thomas van Leeuwen ឯកអគ្គរដ្ឋទូតរងនៃប្រទេសហូឡង់ ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “រដ្ឋាភិបាលហូឡង់ គាំទ្រគម្រោងរ៉ាយស៍ថេកខេមបូឌា ព្រោះគម្រោងនេះ រួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងពង្រឹងចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងប្រទេសហូឡង់” ៕