ភាពក្រីក្រ និងវិសមភាព ផ្នែកសេដ្ឋកិច្ច និងសង្គម

Rising inequalities

វេទិការផ្លាស់ប្តូរយោបល់ អំពីបញ្ហានៃវិសមភាព។ រូបថត៖ អុកស្វាម

តើវិធានការអ្វីខ្លះ​ដែល​រដ្ឋា​ភិបាល​កម្ពុជា​ត្រូវ​ប្រកាន់​យក​ដើម្បី​ធានាថា ប្រជា​ជនកម្ពុជា​ដែល​ងាយ​រង​គ្រោះ​បំផុត មិនធ្លាក់​ក្នុង​ភាពក្រីក្រវិញ​បាន? សំណួរនេះ និង​សំណួរ​ប្រហាក់​ប្រហែល​គ្នា​ផ្សេងទៀត ត្រូវ​បាន​លើកឡើងក្នុង​កិច្ច​ពិភាក្សា​មួយ​ស្តី​ពីអភិបាល​កិច្ច និង​គណនេយ្យភាព​របស់​កម្ពុជា ក្នុងវេទិកាផ្លាស់ប្តូរយោបល់ (Forum of Exchanges) ដែល​ត្រូវ​បានរៀបចំឡើង​នៅ​ថ្ងៃទី២៦ ខែវិច្ឆិកា នៅ​ទីក្រុង​ភ្នំពេញ។

ប្រទេសកម្ពុជាមាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ដែលគួរឲ្យកត់សម្គាល់ ​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្លងមកនេះ។ យោង​តាម​ធនាគារ​ពិភពលោក អត្រា​កំណើនខ្ពស់​នេះនៅមិនទាន់​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ ទទួល​បាន​ផល​ស្មើគ្នា​ទេ ហើយ​បច្ចុប្បន្ន មាន​ប្រជា​ជន​ ៤,៥លាននាក់ ដែល​នៅ​តែរស់នៅក្នុងភាពក្រីក្រ ហើយ​ងាយ​នឹង​ធ្លាក់ក្នុង​ភាពក្រីក្រ​តោកយ៉ាកណាស់​ក្នុង​ករណី​មាន​ស្ថានភាព​មិនអំណោយផលណាមួយ​ផ្នែកសេដ្ឋកិច្ច។ នេះ​ជា​ស្ថានភាពពិតមួយ​ ជា​ពិសេស​សម្រាប់​ពលករ​ក្រៅ​ប្រព័ន្ធ ដែល​មិន​ទាន់ត្រូវ​បាន​គ្របដណ្តប់​ដោយ​ប្រព័ន្ធ​សុខាភិបាលសាធារណៈ និង​​ការ​ធានារ៉ាប់រង​ផ្នែកសន្តិសុខសង្គម។

បញ្ហាសំខាន់ៗក្នុងវេទិកាផ្លាស់ប្តូរយោបល់

កិច្ចពិភាក្សាក្នុងវេទិកានេះ ​បាន​ផ្តោតលើបញ្ហានៃការ​កើន​ឡើង​នូវ​វិសមភាព​ក្នុង​ប្រទេស​កម្ពុជា បើ​ទោះ​ជាមាន​លំនឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់ក៏​ដោយ។ ​វាគ្មិន​បាន​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​ដែលរដ្ឋាភិបាល​កម្ពុជា​បង្កើត និងពង្រឹងសំណាញ់​សុវត្ថិភាព​ឱ្យ​បានកាន់​តែរឹងមាំ និង​គ្រប់​ជ្រុងជ្រោយ​ថែមទៀត ដើម្បី​ការ​ពារ​ពលករ ជា​ពិសេស​អ្នក​ទាំងឡាយ​ដែល​ប្រកប​របរ​ក្រៅប្រព័ន្ធ។

អ្នកស្រី លឹម សូលីន នាយិកា​អង្គការ​អុកស្វាម​នៅកម្ពុជា ជា​អ្នក​សម្រប​សម្រួល​វេទិកាវាគ្មិននេះ។ អ្នក​ឯកទេសផ្នែកអភិវឌ្ឍន៍​ និង​អភិបាលកិច្ចតំណាង​បួនស្ថាប័ន​នៅកម្ពុជា បាន​ចែករំលែក​ឯកទេស​ បទពិសោធរបស់​ពួកគេ​នៅលើ​ប្រធានបទនេះផងដែរ។

​វាគ្មិនក៏​បាន​ពិភាក្សា​អំពី​​ការរីកចម្រើនគួរឲ្យកត់សម្គាល់នៃប្រព័ន្ធ​របស់រាជ​រដ្ឋាភិបាលក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ​ក្នុង​ការ​​គ្រប់​គ្រងហិរញ្ញវត្ថុ​សាធារណៈ និង​ផ្តល់​សេវាសង្គម ​ដូច​ជា​ការ​ធានារ៉ាប់រងសុខភាព និង​ការ​អប់រំ ប៉ុន្តែ​នៅ​មាន​កង្វះខាត​ធាតុផ្សំ​សំខាន់​ៗមួយចំនួនទៀត​ដែល​ចាំបាច់​សម្រាប់ធ្វើ​ឱ្យ​ប្រព័ន្ធនោះដំណើរ​ការឱ្យ​បាន​ពេញទំហឹង។ ក្នុងនោះ វាគ្មិន​បាន​ចង្អុល​ទៅលើ​ភាពពុករលួយ​ គណនេយ្យភាព​នៅមាន​កម្រិត និង​កង្វះ​ជំនាញក្នុង​ចំណោម​មន្ត្រីរាជការ។ ​ចំណុច​ទាំង​នេះ​ស្ថិត​ក្នុង​ចំណោម​ដើមហេតុ​ធំៗ​មួយ​ចំនួន​ដែលធ្វើ​ឱ្យ​ការ​ផ្តល់​សេវាសង្គម​នៅ​មាន​កម្រិត និង​មិន​ទាន់​ជា​ទីពេញចិត្ត​ដល់​ពលករ ​និង​ពលរដ្ឋ​ទូទៅ។

កិច្ចពិភាក្សានេះ​ ​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពីអគ្គនាយកដ្ឋាន​សម្រាប់​កិច្ច​សហប្រតិបត្តិការអភិវឌ្ឍន៍ និង​ជំនួយមនុស្សធម៌របស់​ប្រទេសប៊ែលហ្ស៊ិក ហើយ​វាក៏​ជា​ផ្នែកមួយ​​នៃ​កម្មវិធី​សន្ទនា​របស់​ឯកអគ្គរដ្ឋ ទូតប៊ែលហ្ស៊ិក គឺឯកឧត្តម Philippe Kridelka ជាមួយ​សមាជិក​របស់​ក្របខណ្ឌ​យុទ្ធសាស្ត្រ​រួមរបស់កម្ពុជា (JFS) ដែរ។