ពង្រឹងកសិករខ្នាតតូច តាមរយៈធុរកិច្ចប្រកបដោយបរិយាប័ន្ន

Back to Pineeh Pinoo#4

លោក​ស្រី​ គង់​ សុ​ភិន​ អនុ​ប្រធាន​នៃ​សហករណ៍​កសិកម្ម​រណសិរ្ស​ព្រះខ័ន​អភិវ៉ាត់​ (AC Ronakse)​ និយាយថា “ឈ្មួញ​កណ្តាល​ដែល​មក​ទិញ​ស្រូវ​ធ្លាប់​ជា​អ្នក​កំណត់​តម្លៃ​ស្រូវ​ ហើយ​យើង​មិន​អាច​តវ៉ា​បាន​ឡើយ​”។ លោក​ស្រី​​បាន​បន្ត​ប្រាប់​ទៅ​ក្រុម​អ្នក​ទស្សនកិច្ច​សិក្សា​ ចំនួន​២៦​នាក់​ មក​ពី​កម្មវិធី​លើក​កម្ពស់​យេនឌ័រ​ និង​ធុរកិច្ច​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ​ ក្នុង​វិស័យ​កសិកម្ម​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ (GRAISEA 2) ជាមួយ​នឹង​ស្នាម​ញញឹម​ថា​ “ប៉ុន្តែ​វា​នឹង​មិន​មែន​ដូច្នេះ​ទៀត​ទេ”​។

ក្រុម​អ្នក​ទស្សនកិច្ច​សិក្សា​ រួម​មាន​ក្រុម​ការងារ​​ដៃ​គូ​ ក្រុម​អ្នក​គ្រប់​គ្រង​ និង​ម្ចាស់​ជំនួយ​នៃគម្រោង​ GRAISEA​ 2​ បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​តា​សេង​ ក្នុង​ឃុំរណសិរ្ស​ នៅ​ថ្ងៃ​ទី​៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ ដើម្បី​ជួប​ជាមួយ​ប្រជាកសិករ​២០​នាក់​ និង​សមាជិក​គណៈ​កម្មាធិការ​សហករណ៍​កសិកម្ម​ (AC) ចំនួន​បី​កន្លែង ​ដែល​គាំទ្រ​ដោយកម្មវិធី​ GRAISEA 2 នៅ​ក្នុង​ស្រុក​សង្គម​ថ្មី​ ខេត្ត​ព្រះវិហារ​។

ក្នុង​រយៈ​ពេល​២​ម៉ោង​នៃ​ការ​ពិភាក្សា​ផ្លាស់​ប្តូរ​ព័ត៌មាន​ ប្រជាពលរដ្ឋ​ដែល​យើង​ធ្វើការ​ជាមួយ​ បាន​ចែក​ រំលែក​ព័ត៌មាន​ជា​ច្រើន​ រាប់​ចាប់​ពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ភាព​ជា​សមាជិក​ស្រ្តី​នៃ​សហគមន៍កសិកម្ម​ (AC) រហូត​ដល់​អត្ថប្រយោជន៍​នៃ​ការ​ដាំ​ដុះ​ស្រូវ​តាម​បែប​ធម្មជាតិ​។

អ្វី​ដែល​លេច​ធ្លោ​នោះ​ គឺ​ភាព​ប្រសើរ​ឡើង​នៃ​ជីវភាព​រស់​នៅ​ និង​អំណាច​របស់​ពួក​គេ​ក្នុង​ទី​ផ្សារ​ នៅ​ពេល​ដែល​ពួក​គេ​បាន​ធ្វើ​កសិកម្ម​តាម​កិច្ច​សន្យា​​ជាមួយ​ក្រុមហ៊ុន​ដែល​ព្យាយាម​លើក​កម្ពស់​​បរិយាប័ន្ន​។​ មុន​ពេល​​ទទួល​បាន​ការគាំទ្រ​ពី​កម្មវិធី​ GRAISEA ក្នុង​ប្រទេស​កម្ពុជា​ សហករណ៍​កសិកម្ម​​ទាំង​បី​កន្លែង​នេះ​ បាន​លក់​ស្រូវ​ធម្មជាតិ​ទៅ​ឱ្យ​ឈ្មួញ​កណ្តាល​ ដែល​ជា​អ្នក​កំណត់​តម្លៃ​ស្រូវ​របស់​ពួក​គេ​ ហើយ​ជា​ធម្មតា​ទទួល​បាន​តម្លៃ​ទាប​។

នៅ​ក្នុង​ឆ្នាំ​២០១៧​ ដោយ​មាន​​ការគាំទ្រ​ពី​អង្គការ​អភិវឌ្ឍន៍​ និង​ភាព​ជា​ដៃ​គូ​ក្នុង​សកម្មភាព​ ដែល​ជា​​ដៃ​គូ​​អនុវត្ត​របស់ ​​GRAISEA សហគមន៍​កសិកម្ម​ទាំង​បី​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​​អេមរុរ៉ាយស៍ ដែល​ជា​ក្រុមហ៊ុន​កិន​​ ​និង​នាំ​ចេញ​ស្រូ​វ​ឈាន​មុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​។ ជា​លើក​ដំបូង​ កសិករ​តាម​រយៈ​ការ​ដឹកនាំ​របស់​សហគមន៍​កសិកម្ម​ អាច​ចរចា​តម្លៃ​ និង​ល័ក្ខខ័ណ្ឌ​នៅ​ក្នុង​កិច្ច​សន្យា​ ហើយ​ប្រសិន​បើ​មាន​ការបញ្ជាក់​ត្រឹម​ត្រូវ​ថា​ជា​ស្រូ​វ​សរីរាង្គ​ នោះ​ស្រូវ​របស់​ពួក​គេ​អាច​ទទួល​បាន​​តម្លៃ​ខ្ពស់​ ដែល​បង្កើន​ប្រាក់​​ចំណូល​ពី​ ១០%​ ទៅ​ ៣០%​។

ខណៈ​ពេល​ដែល​កសិករ​បាន​សម្តែង​ការ​ពេញ​ចិត្ត​ចំពោះ​តម្លៃ​ដែល​បាន​ចរចា​​ ​ការ​អនុវត្ត​កិច្ច​សន្យា​នៅ​មាន​បញ្ហា​ខ្លះ​ៗ​។ កត្តា​ជា​ច្រើន​រួម​មាន​ល័ក្ខខ័ណ្ឌ​អាកាសធាតុ​មិន​អំណោយ​ផល​ និង​កង្វះ​ហេដ្ឋារចនា​សម្ព័ន្ធ​​សមរម្យ​ បាន​រារាំង​​លទ្ធភាព​របស់​កសិករ​ក្នុង​ការ​សម្រេច​បាន​ទាំង​បរិមាណ​ និង​គុណភាព​ ដែល​បាន​កំណត់​នៅ​ក្នុង​កិច្ច​សន្យា​​។ ចំណែក​ឯ​ការទូទាត់​យឺត​ពី​ក្រុមហ៊ុន​ ក៏​មាន​ផល​ប៉ះ​ពាល់​ដល់​លំហូរ​ថវិកា​ និង​ទំនុក​ចិត្ត​របស់​កសិករ​ផង​ដែរ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ថ្នាក់​ដឹក​នាំ​សហករណ៍​កសិកម្ម​​ជឿជាក់​យ៉ាង​មុត​មាំ​ថា​ ​ទំនាក់ទំនង​តាម​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ដោយ​ផ្អែក​លើ​ជំនឿ​ទុក​ចិត្ត​ និង​ការប្តេជ្ញា​ចិត្ត​ នឹង​ផ្តល់​អត្ថប្រយោជន៍​​ជា​ច្រើន​ក្នុង​រយៈ​ពេល​វែង​​៕​