របាយការណ៍និរន្តរភាពសម្រាប់ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា

កិច្ចពិភាក្សាក្រុមអំពីរបាយការណ៍និរន្តរភាព។ រូបថត៖ ផៃ ចិត្ត/អុកស្វាម

Back to Pineeh Pinooh#4

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ កំពុង​តែ​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស​ ដែល​បាន​រួម​ចំណែក​យ៉ាង​ សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ប៉ុន្តែ​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស​នេះ​ ក៏​នាំ​មក​នូវ​បញ្ហា​ប្រឈម​ដល់​សង្គម​​​សេដ្ឋកិច្ច​ផង​ដែរ​។ ទោះ​បី​ជា​ភាព​ក្រី​ក្រ​​បាន​ថយ​ចុះ​ក៏​ដោយ​ ក៏​បញ្ហា​សំខាន់​បី​ពាក់​ព័ន្ធ​​ទៅ​នឹង​ការ​កាត់​បន្ថយ​វិសមភាព​រួម​មាន ​ការចំណាយ​ទៅលើបញ្ហាសង្គម​ ពន្ធ​ និង​សិទ្ធិ​ការងារ​ នៅ​តែ​ជា​បញ្ហា​ប្រឈម​ដែល​ទាមទារ​ឲ្យមាន​ដំណោះ​ស្រាយ​។ ដោយសារ​កំនើន​វិសមភាព​ និង​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​កើត​មាន​​ជា​បន្ត​បន្ទាប់​ ប្រព័ន្ធ​ហិរញ្ញវត្ថុ​ និង​គំរូ​នៃ​កំណើន​សេដ្ឋកិច្ច​បច្ចុប្បន្ន​មិន​ទាន់​បាន​ឆ្លើយ​តប​តាម​តម្រូវការ​សេដ្ឋកិច្ច​ និង​សង្គម​ទាំង​មូល​នៅ​ឡើយ​នោះ​​​​​​​​​​​​​​​​​​​​​​​ទេ​។

ក្នុង​បរិបទ​នេះ​ ធនាគារ​​ដើរ​តួ​នាទី​​យ៉ាង​សំខាន់​ សម្រាប់​សេដ្ឋកិច្ច​ ដែល​មាន​បរិយាប័ន្ន​ និង​ប្រកប​ដោយ​ចីរភាព​ មិន​ត្រឹម​តែ​ក្នុង​វិស័យ​បរិស្ថាន​​ និង​សង្គម​។ ដំណោះ​ស្រាយ​ដែល​សម​ស្រប​ និង​មាន​ប្រសិទ្ធិភាព​ គឺ​ល័ក្ខខ័ណ្ឌ​មួយ​ដែល​ប្រកប​ដោយ​បរិយាប័ន្ន​ សម្រាប់​បរិស្ថាន​ សង្គម​ និង​អភិបាលកិច្ច​ (ESG) ដោយ​រួម​បញ្ចូល​នូវ​ការ​វិនិយោគ​ប្រកប​ដោយ​ចីរភាព​ និង​ទំនួល​ខុស​ត្រូវ​។ យុទ្ធសាស្រ្ត​វិនិយោគ​ដែល​មាន​បញ្ចូល​បទដ្ឋាន​បរិស្ថាន​ សង្គម​ និង​អភិបាលកិច្ច​ ទៅ​ក្នុង​អាជីវកម្ម​ អាច​​​ផ្តល់​ផល​ប្រយោជន៍​ដល់​អ្នក​វិនិយោគ​ និង​សង្គម​ទាំង​មូល​។​

សមាគម​ធនាគារ​នៅ​កម្ពុជា​ ដែល​មាន​គោល​ដៅ​ការពារ​អនាគត​របស់​ប្រទេស​កម្ពុជា​ បាន​ផ្តួច​ផ្តើម​គោលការណ៍​​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា​ ក្នុង​ខែ​មីនា​ ឆ្នាំ​២០១៩​។ គោលការណ៍​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ជាមួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ការពារ​បរិស្ថាន​ និង​ប្រជាពលរដ្ឋ​ និង​អភិរក្ស​បេតិកភណ្ឌ​​វប្បធម៌​ តាម​រយៈ​ការ​វាយ​តម្លៃ​ គ្រប់គ្រង​ កាត់​បន្ថយ​ ទូ​ទាត់​ និង​បញ្ជៀស​ហានិភ័យ​​​ និង​ផល​ប៉ះ​ពាល់​អវិជ្ជមាន​​​យ៉ាង​សកម្ម ​ដែល​អាច​កើត​ឡើង​ពី​​សកម្មភាព​អាជីវកម្ម​របស់​អតិថិជន​ បទដ្ឋាន​ ឬ​ការ​អនុវត្ត​។

Fair Finance Cambodia Coalition ជាពិសេស​អង្គការ​អុកស្វាម​ និង​តម្លាភាព​អន្តរជាតិ​កម្ពុជា​ដែល​ជា​សមាជិក​ បាន​សហការ​ជាមួយ​​សមាគម​ធនាគារ​នៅ​កម្ពុជា​ ដើម្បី​រៀប​ចំ​សិក្ខាសាលា​ស្តី​ពី​របាយការណ៍​និរន្តរភាព​ ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ នៅ​ពាក់​កណ្តាល​ខែ​តុលា​ សម្រាប់​សមាជិក​របស់​​សមាគម​ធនាគារ​នៅ​កម្ពុជា​។ អ្នក​ជំនាញ​ និង​វាគ្មិន​ជា​ច្រើន​ មាន​មក​ពី​ក្រសួង​បរិស្ថាន​ ធនាគារជាតិ​កម្ពុជា​ Deloitte Myanmar, Liberty Shared, H&M Cambodia, អេស៊ីលីដា​ និង​ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​។

លោក​ Biju Abraham ប្រធាន​កម្មវិធី​អង្គការ​អុកស្វាម​ បាន​ថ្លែង​ក្នុង​សុន្ទរកថា​ថា​ “ចលនា​នៃ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ចីរភាព​នេះ​ រួម​ចំណែក​ដល់​ផែនការ​ដែល​អាច​នឹង​បង្កើត​ឡើង​ និង​បទពិសោធន៍​ល្អ​ៗ​ ដែល​អាច​ចែក​រំលែក​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ ការកំណត់​ឱកាស​សម្រាប់​រៀន​សូត្រ​ និង​កិច្ចសហប្រតិបត្តិការ​ អាច​ពង្រឹង​ភាពធន់​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​​”​។

អង្គការ​អុកស្វាម ក្រោមគម្រោង Fair Finance Cambodia ​សហការ​ជាមួយ​ ធនាគារ​ជាតិ​ សមាគម​ធនាគារ​នៅ​កម្ពុជា​ និង Fair Finance Coalition​ នឹង​បន្ត​ប្តេជ្ញា​ចិត្ត​​​ខិត​ខំ​ប្រឹង​ប្រែង​​ធ្វើ​ការ​​លើ​​យុទ្ធសាស្រ្ត​ទំនាក់​ទំនង​ឆ្ពោះ​ទៅ​រក​និរន្តរភាព​បរិស្ថាន​ សង្គម​ និង​សេដ្ឋកិច្ច​​៕​