អ្នកស្រី ពៅ ចាន់ដារី ជាអាជីវករលក់ដូរតាមដងផ្លូវ និងជាម្តាយមានកូនពីរនាក់ អំពាវនាវឱ្យមានអត្ថប្រយោជន៍គាំពារសង្គមស្មើៗគ្នាសម្រាប់កម្មករទាំងអស់។ រូបថត៖ អុកស្វាម

ផ្តល់កិច្ចគាំពារសង្គមដល់អ្នកលក់តាមដងផ្លូវ ដើម្បីកម្ពុជាឈានទៅកាន់សង្គមប្រកបដោយសមភាព និងសមធម៌

For English, click HERE

អតីត​កម្មការិនី​រោងចក្រ​ អ្នកស្រី​​ ពៅ ចាន់ដារី​ អាយុ​៣០ឆ្នាំ​ បច្ចុប្បន្ន​ជាអាជីវករ​លក់ដូរ​តាម​ដងផ្លូវ​មួយ​រូប​ ដែល​មាន​ស្វាមី​ជា​អ្នក​រត់​រ៉ឺម៉ក​កង់​បី​។ ការងារ​របស់​អ្នកទាំង​ពីរ​ ត្រូវ​បាន​ចាត់ទុក​ជា​ការងារ​ក្រៅ​ប្រព័ន្ធ ដោយសារ​មិន​មានការ​​គ្រប់គ្រង និងគាំពារ​ដោយច្បាប់​ និងរដ្ឋ។ ​​ជា​ម្តាយ​ដែល​មាន​កូន​២នាក់​ និង​ធ្លាប់ធ្វើការ​នៅរោងចក្រ ចាន់ដារី​ អាច​មើលឃើញ​ពីភាព​ខុសប្លែកគ្នា​ និង​​​អត្ថប្រយោជន៍​ជាច្រើន​ដែល​កម្មករក្នុងប្រព័ន្ធទទួលបាន​ពីរបបកិច្ចគាំពារ​សង្គម​ដូចជា ការថែទាំ សុខភាព​ ធានារ៉ាប់រង​ជំងឺ​ និង​ហានិភ័យ​ការងារ​ ការឈប់សម្រាកលំហែមាតុភាព​ និង​ប្រាក់សោធនជាដើម។ ​អ្នកស្រី​ ចង់មើលឃើញ​អាជីវករ​ និង​កម្មករ​ក្រៅ​ប្រព័ន្ធ​ទាំងអស់​ទទួលបាន​អត្ថប្រយោជន៍​ដូច​គ្នា​ដែរ។​​​​

នៅកម្ពុជា​ អាជីវករលក់ដូរតាមដងផ្លូវដូចជា​ ចាន់ដារី​ ជួបប្រទះ​បញ្ហាប្រឈមជាច្រើន​ រួមមាន​ ប្រាក់ចំណូល​មិន​ទៀងទាត់​​ កង្វះអនាម័យ​ គ្មានកិច្ចគាំពារ​សង្គម និង​រង​ការបៀតបៀន និង​ការរើសអើង​គ្រប់រូបភាព។​ ពួកគេ​ ទទួល​បាន​ការការពារ​ផ្នែក​ច្បាប់​តិចតួច​ទាក់ទង​នឹង​សិទ្ធិការងារ​ ប្រឈមមុខ​នឹង​លក្ខខណ្ឌ​ការងារមិនល្អ​ មិន​ទទួល​បាន​ការបណ្តុះបណ្តាល និងការអប់រំផ្លូវការ​នានា​ ព្រម​ទាំង​ពិបាក​ស្នើសុំ​​កម្ចី​សម្រាប់​​ពង្រីក​អាជីវកម្ម​។ ពេលខ្លះ​ ពួកគេរង​ការ​យាយីពី​ម្ចាស់ផ្ទះ​ ប៉ូលីស​ឬ អាជ្ញាធរមូលដ្ឋាន​ឲ្យ​ចាកចេញ​ពី​កន្លែងលក់​។ ការរីករាល​ដាល​នៃ​ជំងឺ​រាតត្បាត​សាកល​កូវីដ​១៩​ បាន​ធ្វើ​ឲ្យ​ក្រុម​​អ្នកលក់ដូរតាមដងផ្លូវ​កាន់​តែ​ជួប​ការ​លំបាក​បន្ថែម​ទៀត ​កាន់តែ​ងាយ​រងគ្រោះ​ និង​​​ ប្រឈម​​នឹងភាព​មិន​ជាក់លាក់ និង​​ហានិភ័យ​សុខភាព សង្គម និងសេដ្ឋកិច្ច​។​ ក្រៅ​អំពី​ប្រាក់ចំណូល​មិន​ទៀងទាត់​ និង​កង្វះ​សុវត្ថិភាព​ អាជីវករ​តាមដងផ្លូវ​ មិន​ទាន់​បាន​ចុះបញ្ជីក្នុង​ប្រព័ន្ធរបប​សន្តិសុខ​សង្គម​ និង​មិន​ត្រូវ​បាន​កត់ត្រា​នៅក្នុងការប្រមូលទិន្នន័យ​ផ្លូវការនៅឡើយ​ទេ រីឯការ​រួមចំណែក​ផ្នែក​សេដ្ឋកិច្ច​របស់​ពួកគេ​ទទួលបាន​ការ​វាយ​តម្លៃ​ទាប​​ និង​ជារឿយៗ​ត្រូវ​បាន​​ផាត់ចេញ។​ ពួកគាត់មិនមានឈ្មោះពេញលេញក្នុងនាមជាកម្មករ សេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងក្របខណ្ឌគោល​នយោបាយជាតិគាំពារសង្គម និងច្បាប់ស្តីពីសន្តិសុខ សង្គមនៅឡើយ​ ដែល​នេះជាហេតុធ្វើឲ្យពួកគាត់ ពុំទាន់អាចទទួលបាននូវការឆ្លើយ​តប​ទៅតាមតម្រូវការ​ មិនទទួលបានរបបសន្តិសុខសង្គម និងជំនួយដើម្បី​ពង្រឹងស្ថានភាពរស់នៅ​នៅឡើយ។​​​​​​

បញ្ហាលំបាក​ ដែលចាន់ដារី​​បាន​ឆ្លង​កាត់​ មិនមែនជារឿងថ្មី ឬជា​ករណី​ពិសេស​កម្ពុជា​នោះទេ ប៉ុន្តែ​ស្ថានភាព​លំបាក​នៅ​បន្ត​កើត​មាន​​ ហើយ​កាន់តែ​អាក្រក់​ជាង​មុន​​ ក្រោយ​មាន​ការរីករាលដាល​នៃ​ជំងឺកូវីដ​១៩។​​​

ប្រសិនបើយើងមើលឲ្យកាន់ស៊ីជម្រៅ​ អាជីវករ​តាមចិញ្ចើមផ្លូវ គឺដូចជា​សហគ្រិនដែរ​​ ប៉ុន្តែ​ជាអកុសល​សហគ្រិនភាព​នេះ​ មិន​ទទួលបាន​ការការពារ​ ឬ​ការទទួលស្គាល់ទេ​​ ថ្វី​បើ​ពួកគេមាន​​ការរួមចំណែកដ៏ធំធេង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ ដូចជា​តាមរយៈ​ការបង់ពន្ធ​ជាដើម​។ អាជីវកម្មតាម ដងផ្លូវ​ ​ភាគ​ច្រើន​គឺ​​ស្ត្រីជា​ម្ចាស់អាជីវកម្ម​ ​បាន​ផ្តល់​អាហារ​ និង​ទំនិញ​ដែល​មាន​តម្លៃសមរម្យ​ ដល់​​​ប្រជា​ពលរដ្ឋ​រាប់លាននាក់​នៅ​តាម​ប្រទេសចំណូលមធ្យមកម្រិតទាបដូចជា​កម្ពុជា ជាពិសេស​នៅ​តាម​​​ទី​សាធារណៈ​ ដូចជា​​ចិញ្ចើម​ផ្លូវ​ និង​ផ្លូវ​ថ្មើរជើង​។​ អាជីវករ​តាមចិញ្ចើមផ្លូវ​ បាន​បំលាស់​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ដើម្បី​លក់​ទំនិញ​ និង​ផលិតផល​ ដោយ​បានផ្តល់ភាព​ងាយ​ស្រួល​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​​មមាញឹក​ពេក​មិន​មាន​ពេល​វេលា​ទៅផ្សារ​។​ ជាង​នេះ​ទៅ​ទៀត​ អ្នក​លក់ដូរ​តាមដងផ្លូវ​​​ គឺ​ជាកម្លាំង​ពលកម្មនៅ​ក្នុង​សេដ្ឋកិច្ចទីក្រុង​ ព្រម​ទាំង​កាត់បន្ថយ​ការ​ចំណាកស្រុក​ដោយ​ប្រថុយ​ប្រថាន​។ ​

ទោះជាយ៉ាងនេះក្តី​​ នៅ​តាម​បណ្តា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប​ជា​ច្រើន​ ការផ្តល់​កិច្ចគាំពារ​សង្គម​ប្រកបដោយ​ប្រសិទ្ធិភាព​នៅតែជាបញ្ហា​ប្រឈមមួយដ៏ធំដែលធ្វើឱ្យ​កម្មករសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ប្រឈម​នឹងការផាត់ចេញ​ពីការទទួលបានកិច្ចគាំពារ​សង្គមនេះ​។ យើង​អាច​មើលឃើញ អ្នកលក់តាមដងផ្លូវ​នៅគ្រប់ទីក្រុង​ និង​រាជធានី​ក្នុង​ពិភពលោក​ ជាពិសេស​នៅ​តំបន់​អាស៊ី។ កម្ពុជា​ អាច​ជា​ប្រទេស​ដែល​​មាន​វត្តមាន​អ្នក​លក់​ដូរ​តាម​ផ្លូវ​​ច្រើន​ជាង​គេក្នុង​តំបន់។​ យ៉ាង​ហោច​ណាស់​ អាជីវករ​តាមដងផ្លូវ មាន​ចំនួន​ជិត​៦ម៉ឺន​៣​ពាន់​នាក់ ឬ៣,៨% នៃ​ចំនួន​សរុប​ជិត​១លាន​ ៧​ សែន​នាក់​ ដែល​បាន​ចុះ​បញ្ចី​ក្នុងទម្រង់អាជីវកម្ម​នានា​​ (NIS/EC2011)។​ ក្នុង​ចំណោម​នេះ​ ជាង​១​ម៉ឺន​៦​ពាន់​អាជីវកម្ម ឬ​១%​ គឺ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ហើយ​​ ៧៥%​ គឺ​ជាអាជីករ​​ស្ត្រី។​​​ ទិវា​អ្នកលក់ដូរតាមដង​ផ្លូវអន្តរជាតិ​ គឺ​ជា​ភស្តុតាង​បង្ហាញថា ​វត្តមាន​អាជីវករ​លក់ដូរ​តាមដងផ្លូវ​កំពុង​ត្រូវ​បាន​គេ​យកចិត្ត​ទុកដាក់​នៅ​ថ្នាក់អន្តរជាតិ​ ហើយ​នេះ​ក៏ជា​ឱកាស​ដែល​កម្ពុជា​អាច​នាំ​មុខ​គេ​ក្នុងតំបន់​ចំពោះ​ការទទួល ស្គាល់ ​និង​ផ្តល់​ការ​គាំពារ​ដល់​អ្នកលក់ដូរតាមដងផ្លូវ​ផងដែរ​។​​

នៅឆ្នាំនេះ ក្នុង​​ទិវាអ្នកលក់តាម​ដងផ្លូវ​អន្តរជាតិ​លើកទី៩​ អង្គការ​អុកស្វាម​កម្ពុជា (OXFAM) រួម​ជាមួយនឹង​សមាគមប្រជាធិបតេយ្យឯករាជ្យ​នៃសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ (IDEA) និងដៃគូបានរួមគ្នា​ប្រារព្ធ​ពិធី​នេះ​ ដើម្បី​រំឭក​ពី​ភាព​សំខាន់​របស់​អ្នកលក់ដូរតាមដង​ផ្លូវ​ចំពោះ​បរិយាបន្ន​សង្គម​ និងការរួមចំណែក​របស់ពួកគេក្នុង​តម្លៃ​សង្គម​សេដ្ឋកិច្ច​។ ក្នុង​ឱកាស​នេះ​ យើង​សូម​អំពាវនាវ​ឲ្យ​មានការយល់ដឹង​បន្ថែមទៀត​អំពី​ភាព​សំខាន់​របស់​កម្មករ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ការទទួលស្គាល់​កាន់តែស៊ីជម្រៅ​ជុំវិញ​តម្រូវការ​សង្គម​ និង​ការ​ចូលរួមជា​បន្តបន្ទាប់​របស់​ពួកគេ​ចំពោះសង្គមកម្ពុជា។​ អ្នកលក់ដូរតាមដងផ្លូវ​ មាន​តម្លៃ​ស្មើគ្នា​នឹង​កម្មករ​ដទៃ​ទៀត​ដែរ​ ហើយ​គប្បី​ទទួល​បាន​សិទ្ធិស្មើគ្នា​ក្នុងការទទួលបាននូវសេវា​ និងការការពារ​ដោយ​របបគាំពារសង្គម​ ក៏ដូចជាសេរីភាពសមាគម​ ដើម្បី​ធានា​ថាពួកគេក៏អាចទទួលបាន​អត្ថប្រយោជន៍នានា​ ​ដូចគ្នានឹងកម្មករ​ក្នុង​ប្រព័ន្ធ​នៅកម្ពុជាដែរ។ ហេតុ​ដូច្នេះ​ ជំនួសឱ្យការជម្លៀស​​ អ្នក​លក់ដូរ​តាម​ដង​ផ្លូវ​ ចេញ​ពី​ទីតាំង​លក់​ កម្ពុជា​គួរ​តែផ្តល់​ឲ្យ​ពួកគេ​នូវ​កិច្ច​គាំពារសង្គម​ ជាអាទ៍​ ការធានារ៉ាប់រងសុខភាព​ សេវាថែទាំ​កុមារ​ ការផ្តល់ ទីតាំងសមរម្យ​ និង​មាន​អនាម័យ​សម្រាប់អាជីវកម្ម​តាមដងផ្លូវ​ ការទទួលបានសេវា និង​ជំនួយ​ហិរញ្ញវត្ថុ​​ ព្រម​ទាំង​ការ​ព័ត៌មានស្តីពី​សុខភាព​សាធារណៈ​ និង​សុវត្ថិភាពស្បៀង​ជាដើម​។

យើង​សម្លឹង​ឃើញសង្គម​មួយ​ដែល​មិនទុក​នរណា​ម្នាក់ឲ្យ​នៅឯកា​។​ កម្ពុជា​ បានកំណត់ គោលដៅ​ឆ្ពោះ​ទៅរក​សង្គម​មួយ​ប្រកប​ដោយ​សមភាព​ សមធម៌ និងបរិយាបន្ន​។ ក៏ប៉ុន្តែ​ គោលដៅ​នេះ​អាច​សម្រេច​បាន​​ លុះ​ត្រាតែយើង​មាន​ការ​​ប្តេជ្ញាយ៉ាង​មោះ​មុត​​ចំពោះ​គោលនយោបាយ និងការ អនុវត្ត​កិច្ចគាំពារសង្គមប្រកប​ដោយសមធម៌ និងបរិយាបន្ន​ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​។

អង្គការអុកស្វាម និងអង្គការដៃគូ ត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ​ និងធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​គោលដៅកិច្ចគាំពារសង្គមក្លាយជាការពិត​ ដើម្បី​ធានា​ថា​ អ្នក​លក់ដូរ​តាម​ដង​ផ្លូវ​ដូចជា​ អ្នកស្រី​​​ ពៅ ចាន់ដារី​​ អាចទទួល​បានអត្ថប្រយោជន៍​ការពារ​នានា ដូច​​ដែល​នាងធ្លាប់មាន​ពី​មុន​។ យើងនឹងបន្តសហការជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត ដើម្បី​សម្រេច​ការ​​ប្តេជ្ញានេះ​៕​​​