សួស្តីមិត្តជាទីរាប់អាន,
ពាក្យចាស់លោកពោលថា “នៅពីក្រោយភាពជោគជ័យរបស់បុរសគ្រប់រូប គឺមានស្ត្រី” ។ ប្រការនេះ គឺមានការជាប់ទាក់ទងនឹងការឲ្យតម្លៃដែលមានភាពលំអៀងខាងផ្នែកសង្គម វប្បធម៌ ហើយនេះជាចំណែកមួយដែលបានផ្តល់តួនាទីមិនសមស្របដល់ស្ត្រីនៅក្នុងសង្គម។ បច្ចុប្បន្នកំពុងតែមានការផ្លាស់ប្តូរផ្នត់គំនិតនេះ ឆ្ពោះទៅរកភាពជាអ្នកដឹកនាំដែលឱ្យតម្លៃដល់ស្ដ្រី ហើយទាំងនេះត្រូវការការទទួលស្គាល់ និងគាំទ្រពីសង្គម។
និន្នាការនៃភាពដឹកនាំដែលឱ្យតម្លៃដល់ស្ត្រី គឺកំពុងតែឈានដល់កម្រិតខ្ពស់ក្នុងការផ្លាស់ប្ដូរទម្រង់ជំនឿចាស់ៗពីមុនដែលមានតែបុរសជាអ្នកដឹកនាំ ហើយជំនួសឲ្យដោយការបង្កើនការផ្ដល់អំណាច និងភាពជាអ្នកដឹកនាំដល់ស្ត្រី។ ការប្រែប្រួលថ្មីនៃភាពជាអ្នកដឹកនាំដែលឱ្យតម្លៃដល់ស្ត្រី គឺកំពុងជម្រុញឱ្យមានគំរូថ្មី នៅក្នុងស្ថាប័នរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ និងគ្រួសារ។ ឥលូវនេះ ស្រ្តីកាន់តែច្រើនឡើងៗ គឺជាអ្នកចូលរួមយ៉ាងសកម្ម ក្នុងការរួមចំណែកដល់វិស័យសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសជាតិ។
ដូច្នេះ សំណួរអាចនឹងត្រូវបានគេសួរថា “តើអ្វី គឺជាភាពជាអ្នកដឹកនាំដែលឱ្យតម្លៃដល់ស្ត្រី?” ចម្លើយ គឺថា ទាំងបុរស និងស្ត្រី ដែលមានចក្ខុវិស័យចំពោះយុត្តិធម៌សង្គម ដោយធ្វើការលើកកម្ពស់សមភាពយេនឌ័រ និងលុបបំបាត់នូវរាល់ទម្រង់នៃការផ្ដល់សិទិ្ធអំណាចមិនស្មើគ្នារវាងបុរស និងស្ដ្រីនៅក្នុងសង្គម។ អង្គការអុកស្វាម ជឿជាក់ថា ការផ្លាស់ប្តូរខ្លួនឯង និងការផ្លាស់ប្តូរ សង្គម គឺត្រូវដើរទន្ទឹមគ្នា។ អង្គការអុកស្វាម ក៏ជឿជាក់ផងដែរថា ការផ្លាស់ប្តូរនេះ គឺត្រូវចាប់ផ្តើមពី “ពួកយើង” មិនមែន "“ពួកគេ” នោះទេ។ យុត្តិធម៌សង្គម គឺមានទាំងនៅក្នុងការគិត ជំនឿ និងអាកប្បកិរិយារបស់យើងម្នាក់ៗ។ ទន្ទឹមនឹងពេលដែលយើងរស់នៅក្នុងសង្គមដែលផ្ដល់តម្លៃដល់បុរសច្រើនជាងស្ដ្រី ហើយដែលប្រព័ន្ធនេះត្រូវបានគ្រប់គ្រងដោយបុរស យុត្តិធម៌សង្គមដែលមិនបានយកចិត្តដាក់លើសមភាពយេនឌ័រ គឺមិនមែនជាការដឹកនាំដែលឱ្យតម្លៃដល់ស្រ្ដីពេញលេញនោះទេ។ ការដឹកនាំដែលឱ្យតម្លៃដល់ស្រ្តី គឺតម្រូវឱ្យមានការផ្លាស់ប្តូរប្រព័ន្ធ និងទម្រង់នានា ក៏ប៉ុន្តែជាបឋម គឺតម្រូវឱ្យមានការផ្លាស់ប្តូរផ្នែកខាងក្នុងជាមុនសិន មុនពេលការផ្លាស់ប្តូរផ្នែកខាងក្រៅ។ ការដឹកនាំដែលឱ្យតម្លៃដល់ស្រ្តី មិនមែនមានន័យថា ជាការប្រឆាំងនឹងបុរសនោះទេ ប៉ុន្តែគឺជាការផ្លាស់ប្តូរទៅលើប្រព័ន្ធមួយ ដែលបានផ្តល់សិទ្ធិ និងអាទិភាពដល់បុរសច្រើនលើសលប់ ។
ការផ្ដល់សិទ្ធិអំណាចដល់ស្ដ្រី គឺជាគោលការណ៍សំខាន់ និងជាស្នូលរបស់អង្គការអុកស្វាម។ អង្គការអុកស្វាម បានប្តេជ្ញាចិត្ដក្នុងការបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាព ការគាំទ្រ និងមានបរិយាប័ន្ន សម្រាប់បុគ្គលិកគ្រប់រូប ដៃគូពាក់ព័ន្ធនានា និងសហគមន៍ទាំងអស់ ដើម្បីដោះស្រាយការរើសអើងយេនឌ័រ និងការលើកកម្ពស់សមភាពយេនឌ័រ។ សម្រាប់ខ្ញុំ ភាពជាអ្នកដឹកនាំដែលឱ្យតម្លៃដល់ស្ត្រី គឺការដឹកនាំប្រកបដោយបរិយាប័ន្ន។ ប្រការនេះ នឹងជួយផ្លាស់ប្តូរនូវគំនិតដែលថា ការងារថែទាំ (ការងារស្រាលៗ) គឺជាការរបស់ស្ដ្រី។ ប្រការនេះ ក៏ជួយលុបបំបាត់នូវការរើសអើងយេនឌ័រ តាមរយៈការជួយស្ត្រីឱ្យទទួលបាន និងមានសិទ្ធិធ្វើការសម្រេចចិត្ដ ការបញ្ចេញមតិ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ការលើកកម្ពស់ ការគោរព និងការផ្ដល់តម្លៃ និងការលើកកម្ពស់អត្ថប្រយោជន៍រយៈ ពេលវែង ពាក់ព័ន្ធនឹងការជំរុញយុត្ដិធម៌យេនឌ័រ និងការកាត់បន្ថយភាពក្រីក្រសម្រាប់ប្រជាជនគ្រប់រូប ។
ខ្ញុំសង្ឃឹមថា លោកអ្នកនឹងរីករាយជាមួយ ពីនេះពីនោះ!
Biju