ការការពារសុវត្ថិភាពសម្រាប់ដៃគូ

វគ្គណែនាំតម្រង់ទិស ស្តីពី ការការពារ លើកទី២ ខែកុម្ភៈ ឆ្នាំ២០១។ Photo: Naratevy Kek/Oxfam

English version

អង្គការអុកស្វាម បានរៀប​ចំវគ្គ​បណ្តុះបណ្តាលស្តីពី ​ការការពារសុត្ថិភាព ​ចំនួនបីវគ្គ ដល់​អង្គការដៃគូ​ចំនួន ៨៦ ស្ថាប័ន ដែល​មាន​អ្នកចូលរួម​សរុប ១៣០ នាក់ រួមមាន​នាយកប្រតិបត្តិ នាយកកម្មវិធី នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងធនធានមនុស្ស ដើម្បី​លើក​កម្ពស់​គោលនយោបាយ​ផ្ទៃក្នុង​របស់អង្គការដៃគូ។

អង្គការអុកស្វាម​ប្តេជ្ញាថា​នឹង​មិនអនុញ្ញាត​ឱ្យមាន​ការសំលុត​ យាយីបៀតបៀន ការកេងប្រវ័ញ្ច និងការរំលោភ​បំពាន​ផ្លូវភេទ នៅ​កន្លែង​ធ្វើការ​នោះឡើយ។ យើងធ្វើគ្រប់យ៉ាង​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​បញ្ហា​ទាំងនេះ​កើត​មាន​ឡើង ហើយ​ដោះស្រាយ​ឱ្យបាន​ម៉ត់ចត់​នៅ​ពេល​វា​កើត​ឡើង។

គោល​នយោបាយចំនួន៨ ត្រូវបានចែក​រំលែក​ដល់អ្នកចូលរួម គោលនយោបាយទាំងនោះ​រួមមាន ក្រមសីលធម៌​របស់​អង្គការ គោលនយោបាយ​ការពារកុមារ គោលនយោបាយ​ប្រឆាំងនឹង​ការសំលុត និងការបៀតបៀន​ផ្លូវភេទ សិទ្ធិកំណត់អត្តសញ្ញាណ​យេនឌ័រ និងភេទចម្រុះ ការការពារ​ពីការ​កេងប្រវ័ញ្ច និងការ​រំលោភ​បំពាន​ផ្លូវភេទ ការពិភាក្សា​ពីគោលនយោបាយ​ប្រឆាំង​អំពើ​ពុករលួយ យន្តការ​រាយការណ៍​ ព្រមទាំង​គោលនយោបាយ​ប្រឆាំង​ផ្តល់ហិរញ្ញប្បទាន​ភេរវកម្ម និងបទឧក្រិដ្ឋហិរញ្ញវត្ថុ។

គោលការណ៍គ្មានការអត់ឱនដើម្បីលើកកម្ពស់បរិយាកាសនៅកន្លែងធ្វើការ

លោក ចាន់ កានីកា ក្នុងពេលបណ្តុះបណ្តាល។ Photo: Naratevy Kek/Oxfam

លោក ចាន់ កានីកា ប្រធានគ្រប់គ្រងធនធានមនុស្ស​នៃ​អង្គការអុកស្វាម និងជា​អ្នកបណ្តុះបណ្តាល និយាយថា «ដៃគូមួយចំនួន​ដឹង​ពីគោលការណ៍​ខ្លះៗ​រួចទៅ​ហើយ ប៉ុន្តែ​មិនទាន់​ដឹងលម្អិត​នោះទេ ខណៈ​ដែលអ្នក​ឯទៀត​កំពុង​រៀប​ចំគោលការណ៍​សម្រាប់​ស្ថាប័នខ្លួន​»។ វគ្គសិក្សានេះ ជួយឆ្លុះបញ្ចាំង​ពី​គោលការណ៍​នីមួយៗ ហើយ​ចាប់ផ្តើម​ពិនិត្យ​កែ​លំអ ឬបង្កើត​ឡើង ប្រសិន​បើស្ថាប័នណា​មួយ​មិនទាន់​មាន​នៅ​ឡើយ។»

លោកស្រី អ៊ូ​ ទេពផល្លីន ប្រធាន​សហព័ន្ធសេវាការងារ និងចំណីអាហារ​កម្ពុជា (CFSWF) និយាយថា «ពាក្យ​បច្ចេកទេសថ្មី និងគោលការណ៍​សំខាន់​មួយ​ដែល​ខ្ញុំ​បាន​កត់​សម្គាល់​នៅថ្ងៃនេះ ​ផ្តោតលើ​ការ​បៀតបៀន ការប៉ុនប៉ង ការកេងប្រវ័ញ្ច និងការរំលោភ​បំពានផ្លូវភេទ ដែលយើងត្រូវ​យក​ចិត្តទុក​ដាក់​បន្ថែម​ទៀត។»

លោកស្រី ទេពផល្លីន បានបន្ថែមថា​អង្គការរបស់លោកស្រី​មិនទាន់​មានគោលនយោបាយ​ស្តីពី​ការការពារ​នៅ​កន្លែងធ្វើការនោះទេ ដោយសារ​ខ្វះធនធាន ដូចនេះ បន្ទាប់ពី​វគ្គ​សិក្សា​នេះ លោកស្រី​នឹង​ពិនិត្យ និង​កែលំអ​គោលការណ៍​មួយចំនួន ដែល​មិន​តម្រូវឱ្យ​ប្រើធនធាន​ច្រើន​នោះទេ ដូចជា​បញ្ហា​បៀតបៀន​ផ្លូវភេទ និងការ​បង្កើត​ឲ្យមានយន្តការ​ប្តឹងតវ៉ា។

អង្គការ​អុកស្វាម គ្រោង​នឹងរៀបចំ​សិក្ខាសាលា​ប្រមូល​លទ្ធផល ស្តីពីការកែលំអគោលការណ៍ជាមួយដៃគូសហការនាចុងឆ្នាំនេះ។ វេទិកានេះ នឹងអាចជួយដៃគូ ក្នុងការលើកកម្ពស់​អភិបាលកិច្ច និងបរិយាកាស​នៅកន្លែង​ធ្វើការរ​បស់ពួកគេ​ផងដែរ។

By Naratevy Kek/Oxfam