ការជ្រោមជ្រែងរបស់សុភាព ដើម្បីកម្មកររោងចក្រ

អ្នកស្រី​ អឹម សុភាព​ អាយុ ៣៣ឆ្នាំ​ មាន​ស្រុកកំណើត​ និង​ធំធាត់​ឡើង​នៅ​ក្នុង​គ្រួសារ​កសិករ​នៅ​ខេត្ត​កំពង់ចាម​។​ កាល​ពី​​ឆ្នាំ​២០០៥​ ​ប្រាក់​ចំណូល​ពី​ការ​ធ្វើ​កសិកម្ម​​របស់​គ្រួសារ​សុភាព​ មិន​ឋិតថេរ​​​ និង​មិន​គ្រប់គ្រាន់​សម្រាប់​​ចិញ្ចឹម​គ្រួសារ​ដែល​មាន​សមាជិក​ប្រាំ​ពីរ​នាក់​​។​ សុភាព​​ បាន​សម្រេច​ចិត្ត​មក​ទីក្រុង​ភ្នំពេញ​​ ស្វែងរក​ការងារ​​នៅ​រោងចក្រ ដើម្បី​​​សម្រាល​បន្ទុក​ចំណាយ​ក្នុង​​គ្រួសារ​ រយៈពេល​១៦ឆ្នាំ​កន្លង​មកនេះ​។

សុភាព​ ធ្វើការ​ ៨​ ម៉ោង​ក្នុង​មួយថ្ងៃ​ ​៦​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ ​ពេលខ្លះ​គាត់​​ត្រូវ​ធ្វើការ​នៅ​ថ្ងៃ​អាទិត្យ​ បន្ថែមទៀត​ ដើម្បី​រក​ប្រាក់​ចំណូល​ឲ្យ​បាន​២៨០​ដុល្លារ​ក្នុង​មួយ​ខែ​។ គាត់ចាំបានថា ឆ្នាំ២០១៣​ គឺជាឆ្នាំ​ដែល​​កម្មករ​រោងចក្រ​ជួប​ប្រទះ​ស្ថានភាព​លំបាក​ជាងគេ។​ ថៅកែ​រោងចក្រ​​ បាន​បង្ខំកម្មករ​ឲ្យ​ធ្វើការ​ថែមម៉ោង​ មាន​ការ​បញ្ឈប់​កម្មករ​ស្ត្រី​មាន​ផ្ទៃពោះ​ មិនមានការផ្តល់​​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ស្ត្រី​សម្រាល​កូន​ កម្មករ​មិនមាន​សិទ្ធិ​ពេញលេញ​នៅ​កន្លែង​ធ្វើការ ​កម្មករ​ភាគច្រើនដែល​មាន​កិច្ច​សន្យា​ការងារ​ខ្លី​ (៦ខែ) ​ភ័យខ្លាច​ថៅកែ​ផ្តាច់​កិច្ចសន្យា​ការងារ​។ ដោយសារការ​បារម្ភភ័យ​ខ្លាច​បាត់បង់ការងារ​ កម្មករភាគច្រើន​សុខចិត្ត​ទ្រាំ​នៅស្ងៀម​ បើទោះ​ជា​មាន​ការ​រំលោភបំពាន​ពី​ថៅកែ​រោងចក្រ​យ៉ាង​ណា​ក៏ដោយ​។​

ដោយមើល​ឃើញ​ស្ថានការណ៍​អយុត្តិធម៌បែបនេះ​អស់​រយៈពេល​ជាង​ដប់ឆ្នាំ​មកហើយ​ នៅឆ្នាំ​ ២០១៧​ សុភាព​ សម្រេច​ចិត្តចូលរួម​បង្កើតសហជីពមួយនៅក្នុងរោងចក្រដែលគាត់កំពុងធ្វើការ ហើយគាត់ត្រូវបានជាប់ជាអគ្គលេខាធិការក្នុងសហជីពនេះ និងក្រោយមក​បានក្លាយជាប្រធានសហជីព។ សហជីពនេះ គឺជាសមាជិកនៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)។​

អ្នកស្រី​ អឹម​ សុភាព​ និយាយ​ថា​ សកម្មភាព​នានា​របស់​សហជីព​ បាន​លើក​កម្ពស់​ការ​យល់ដឹង​ និង​ពង្រឹង​សិទ្ធិ​កម្មករ​។​ «យើង​ធ្វើយ៉ាងណា​ឲ្យ​សមាជិក​យើង​ទទួល​បាន​ព័ត៌មាន​តាមរយៈ​ការ​បណ្តុះ​បណ្តាល​ និង​ការចែករំលែក​ចំណេះដឹង​អំពី​ច្បាប់​សហជីព​ និង​ច្បាប់​ការងារ​ជាដើម​ ដើម្បី​ឲ្យ​ពួកគាត់​បាន​ដឹង​ថាមាន​រឿង​អី​ខ្លះ​កើតឡើង​ជុំវិញ​​លក្ខខណ្ឌ​ការងារ​ និង​ស្ថានភាព​កម្មករ​»។

ដោយសារ​សហជីពបាន​ជួយដោះស្រាយ​បញ្ហា និងរកយុត្តិធម៌ជូនកម្មករ ទើបធ្វើឲ្យកម្មករជាច្រើនទៀត សុំចូលរួមជាមួយសហជីព។ បច្ចុប្បន្ន​ កម្មករ​រោងចក្រ​ ស្ទើរ​តែ​គ្រប់​គ្នា​បាន​ក្លាយ​ជា​សមាជិក​សហជីព​ ដែល​មាន​ចំនួន​សរុប​ប្រហែល​ជិត ​៦០០នាក់។​

សុភាព​ និយាយ​ថា «មាន​ការ​លំបាក​ច្រើន​ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​ទទួល​បាន​ការ​គាំពារ​សង្គម​កាន់តែ​ប្រសើរ​ឡើង​ និង​ការ​ចរចារ​ដើម្បី​​សិទ្ធិ​ និង​អត្ថប្រយោជន៍​កម្មករ​ច្រើន​ជាង​មុន​ តាមរយៈការ​ចុះហត្ថលេខាលើអនុសញ្ញារួម ។ អនុសញ្ញារួមនេះជួយ​ឲ្យ​លក្ខខណ្ឌការងារ​ និង​ជីវភាពរស់នៅរបស់​​កម្មករ​មានភាព​ប្រសើរជាងមុន»។

ក្នុង​នាម​ជាប្រធាន​សហជីព​​ស្ត្រី​មួយរូប ​សុភាព​សប្បាយ​ចិត្ត​ពេល​ឃើញ​អនុសញ្ញារួមត្រូវ​បាន​​​ដាក់​ឲ្យ​អនុវត្ត។ អនុសញ្ញារួមនេះ​ ផ្តល់​អត្ថប្រយោជន៍ដល់​កម្មករ​ច្រើន​ជាង​អត្ថប្រយោជន៍​ជា​មូលដ្ឋាន​ដែល​មាន​ចែង​ក្នុង​ច្បាប់​ ដូចជា​ ពេលស្ត្រី​សម្រាលកូនអាច​ឈប់​សម្រាក់​មាតុភាព​បានចំនួន៨​ថ្ងៃ​បន្ថែម (គឺ៩៨​ថ្ងៃ រីឯច្បាប់បានកំណត់ត្រឹមតែ៩០ថ្ងៃ​ប៉ុណ្ណោះ) ផ្តល់​ប្រាក់ ៨ដុល្លារ​ដល់កម្មករ​ដែលមានកូនដំបូង​សម្រាប់​ទិញ​ទឹកដោះគោ​ឲ្យ​កូនរហូត​ដល់​កូន​មានអាយុ​១៨ខែ​ និង​១២ដុល្លារ​ទៀត​សម្រាប់​ការថែ​ទាំ​កូន​រហូត​ដល់កូនមាន​អាយុ១៨ខែ​។ បន្ថែម​ពី​នេះ​​ កម្មករនិយោជិត​ទាំងអស់​ទទួល​បាន​ប្រាក់ឧបត្ថម្ភអាហារ​បន្ថែម​ពេលធ្វើការ​ថែមម៉ោង​ និងទទួល​សេវា​គាំពារសង្គមតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជាដើម។​

សុភាព​ យល់​ថាកិច្ចគាំពារសង្គមអាច​ល្អប្រសើរ​ជាង​នេះ​ ប្រសិន​បើអ្នកផ្តល់សេវា ​(ប.ស.ស) ​ ផ្តល់​ការ​យកចិត្ត​ទុកដាក់​ខ្ពស់ និង​មានភាព​រួសរាយរាក់ទាក់។​​​​​​ «​បងប្អូន​កម្មករ​ គាត់​បានរាយការណ៍​មកខ្ញុំថា​ នៅពេលដែលពួកគេប្រើប្រាស់បណ្ណ​ ប.ស.ស​ ពេល​ទៅ​ពិនិត្យ​សុខភាព ឬ​ព្យាបាល ភាគច្រើន​វាមាន​ភាព​យឺត​យ៉ាវ​ ហើយដូច​បងប្អូន​កម្មករ​ចឹង​គេ​​មិន​សូវ​យកចិត្តទុកដាក់ជាមួយ​ពួកគាត់​ដូច​អ្នក​កាន់លុយ​ទៅ​ព្យាបាល»។

អ្នក​ស្រី អឹម​ សុភាព​ បានជំរុញ​ឲ្យ​រដ្ឋាភិបាល​ និងអ្នកពាក់ព័ន្ធយកចិត្តទុកដាក់​ក្នុងការ​ពិនិត្យ និងព្យាបាល​ដល់កម្មករ​បន្ថែមទៀត​ បង្កើន​ប្រសិទ្ធិ​ក្នុងការព្យាបាល​ និង​ជាពិសេស​ស្នើ​ឲ្យកម្មករធ្វើការ​នៅក្នុងរោងចក្រ​ស៊ីឈ្នួលបន្ត​ទទួលសេវា(ប.ស.ស) និងអនុវត្ត​របប​សោធន​និវត្តន៍ឲ្យបានឆាប់រហ័ស៕​