ការប្តេជ្ញាចិត្តឆ្នាំថ្មី ឆ្នាំ២០១៩, ឯកឧត្តម George Edgar, ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា

2019 Resolution, H.E. George Edgar, EU Ambassador to Cambodia

ឯកឧត្តម George Edgar, ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា។ រូបថត: សហភាពអឺរ៉ុប

យើងតែងតែរៀនសូត្រ មេរៀនជាច្រើន អំពីរបៀបធ្វើការឱ្យបានប្រសើរជាងមុន តាមរយៈការធ្វើការដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល និងអង្គការ សង្គមស៊ីវិល។ ខ្ញុំសូមជូនពរមិត្តអ្នកអាន “ពីនេះពីនោះ” ឱ្យទទួលបានតែសុភមង្គល ជោគជ័យ និងវិបុលភាព នៅក្នុងឆ្នាំ២០១៩នេះ។

នៅក្នុង​ឆ្នាំ​២០១៩ យើង​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋា​ភិបាល​កម្ពុជា និង​ដៃគូសង្គម​ស៊ីវិល​ ឆ្ពោះទៅអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព (SDGs) នៅកម្ពុជា។ SDGs ជាក្របខណ្ឌ​សម្រាប់​អ្វីៗគ្រប់​បែបយ៉ាងដែលយើង​ធ្វើ​នៅកម្ពុជា។ យើង​មាន​បំណង​ចង់​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​ទទួល​បានកំណត់​ត្រា​ល្អនៅ​ក្នុង​ការ​សម្រេចគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព ដូចគ្នា​នឹង​កំណត់​ត្រា​ដែល​ប្រទេសនេះទទួល​បាននៅក្នុង​ការ​សម្រេច​គោលដៅអភិវឌ្ឍន៍សហសវត្សរ៍កន្លងមកដែរ។

និយាយ​ឱ្យ​ទូលាយបន្តិច អ្វី​ដែលសំខាន់​ខ្លាំងក្នុង​ចំណោម​រឿងសំខាន់​នានាសម្រាប់​ឆ្នាំនេះ គឺ​​យើង​ទាំង​អស់ធ្វើយ៉ាងណា​ត្រូវ​ប្រកាន់​ភាពម៉ឺងម៉ាត់ជាមួយ​បញ្ហា​ប្រឈម ការ​គំរាម​កំហែង និង​វិបត្តិ​បណ្តាល មក​ពីការ​ប្រែប្រួល​អាកាសធាតុ​ ហើយ​យក​វា​មក​ឆ្លុះ​បញ្ចាំង​នៅ​តាមគ្រប់​វិធី​ដែល​យើង​ឆ្លើយ​តប​ទៅនឹង​បញ្ហា​ប្រឈម​ទាំងនោះ។ នៅកម្រិតសាកល យើ​ងក៏ត្រូវ​តែ​បង្កើន​មហិច្ឆតា​របស់​យើង​ឱ្យ​កាន់​តែមាន​កម្រិត​ខ្លាំងឡើង​ថែមទៀតដែរ។

សហភាពអឺរ៉ុបឧបត្ថម្ភគាំទ្រ​ដល់​កម្មវិធីធំមួយ​ស្តីពីកំណែទម្រង់​វិស័យអប់រំ ដោយផ្តោតសំខាន់​ទៅលើ​ការ​អប់រំ​មុនកម្រិតបឋមសិក្សា ក្នុង​កម្រិត​បឋមសិក្សា និង​ក្នុងកម្រិត​​មធ្យម​សិក្សា​ចំណេះទូទៅ។ សហភាពអឺរ៉ុបក៏នឹង​បន្តគាំទ្រ​ទៀត​ដែរដល់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកម្មវិធីកំណែទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ដើម្បី​ធានាយ៉ាងណាឱ្យ​មាន​ភាពកាន់​តែប្រសើរ​នៅ​ក្នុង​ការ​ប្រមូល​ចំណូល​ និង​ចំណាយក្នុងស្រុក ដែល​បម្រើប្រកប​ដោយ​ប្រសិទ្ធភាពដល់​​សេចក្តីត្រូវការរបស់​ប្រជាជន។

បច្ចុប្បន្ននេះ សហភាពអឺរ៉ុបកំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​សម្ពោធ​ដំណាក់​កាល​ថ្មីមួយ​ទៀត​នៃ​ការ​ចូលពាក់​ព័ន្ធ​ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់វិស័យ​នេសាទ ទាំងផ្នែកវារីវប្បកម្ម ដែល​កម្ពុជានៅមាន​សក្តានុពលធំ និង​ផ្នែកនេសាទត្រី។ វា​ជា​រឿងសំខាន់ដែលត្រូវ​ធានា​យ៉ាងណា​ឱ្យ​វិស័យជលផល​នេះ​រួម​ចំណែក​មាន​ប្រសិទ្ធភាព​ដល់​ការ​ចិញ្ចឹមជីវិត​របស់​ប្រជា​ជន និង​ដល់​​អាហារូបត្ថម្ភ​នៅ​កម្ពុជា។ ប៉ុន្តែ វា​ក៏មាន​សារៈសំខាន់​ស្មើគ្នាដែរ ដែល​គេ​ត្រូវ​ផ្តោតទៅលើ​ការ​អភិរក្សធន​ធាន ដើម្បី​ធានា​យ៉ាង​ណា​កុំ​ឱ្យ​វា​ត្រូវ​បាន​គេ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​លើស​សមត្ថភាព​ ឬ​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​សារ​តែសកម្មភាពអភិវឌ្ឍន៍នៅតាម​តំបន់​ជុំវិញទន្លេ និង​បឹង។