ការពង្រឹងភាពជាអ្នកដឹកនាំ ការផ្លាស់ប្ដូរជីវិតនៅតំបន់ជនបទកម្ពុជា - បទពិសោធន៍វេទិកាស្រូវប្រកបដោយនិរន្តរភាពក្នុងឃុំប្រឡាយ
_3.jpg?itok=A4Web_Jb)
ក្រុមការងារអង្គការសន្សំម្លប់ព្រៃបណ្តុះបណ្តាលដល់កសិករផលិតកម្មស្រូវប្រកបដោយនិរន្តរភាព អំពីបច្ចេកទេសប្រមូលផលទឹក
ដែលហូលចោលសម្រាប់ផលិតកម្ម ខេត្តកំពង់ធំ ខែកញ្ញា ឆ្នាំ២០២១។ រូបថត៖ Boeng Phally/SMP
បើបានទៅលេងឃុំប្រឡាយ យើងនឹងឃើញពីសម្ព័ន្ធភាពដ៏សុខដុមរវាងមនុស្ស និងធម្មជាតិ។ ឃុំប្រឡាយ ស្ថិតនៅកណ្តាលតំបន់អភិរក្សដ៏ធំមួយក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ កន្លងមក ប្រជាកសិករនៅឃុំប្រឡាយធ្វើការបង្កបង្កើនផលដាច់ដោយឡែកពីគ្នា ភាគច្រើនមិនតាមស្តង់ដារ និងបានទិន្នផលមិនសូវខ្ពស់។ តំបន់នេះងាយនឹងជួបគ្រោះរាំងស្ងួត ហើយកសិករមានការពិបាកក្នុងការស្វែងរកប្រភពទឹក។
មនុស្សតិចណាស់ដែលគិតបែបសុទិដ្ឋិនិយមថាអ្វីៗនឹងផ្លាស់ប្តូរ ដោយសារអ្នកឃុំប្រឡាយច្រើនប្រកបរបរស្រែចម្ការ តាមបែបប្រពៃណី។ កសិករជំនាន់ក្រោយៗបានប្រើបច្ចេកទេសបែបប្រពៃណីតាមបុព្វបុរសរបស់ខ្លួន ហើយក៏ទទួលផលតាមនោះដែរ។
កសិករម្នាក់នៅឃុំប្រឡាយឈ្មោះ លោក ផាត់ អឿន ដែលកំពុងជួបបញ្ហាអស្ថេរភាពសេដ្ឋកិច្ចនៅក្នុងជីវភាពប្រចាំថ្ងៃ និយាយថា៖ «អស់រយៈពេល២ឆ្នាំមកនេះ ស្រែខ្ញុំបានផល ប៉ុន្តែមិនដែលចំណេញនោះទេ។ ខ្ញុំថែមទាំងយកប្រាក់ខ្លួនឯងមកចំណាយលើការកិនស្រូវទៀត។» គាត់បារម្ភច្រើនអំពីការប្រែប្រួលអាកាសធាតុ ពោលគឺ មិនអាចធ្វើការប្រមូលផលនៅរដូវកាលក្រោយៗបាន។ អ្វីដែលកាន់តែពិបាកជាងនេះទៅទៀតនោះ គឺផលស្រូវរបស់គាត់ ពុំមានទីផ្សារលក់ចេញស្រួលឡើយ។
ជាដំណោះស្រាយ លោកអឿន បានងាកទៅរកគម្រោងផលិតកម្មស្រូវប្រកបដោយនិរន្តរភាព (SRP) ដែលអនុវត្តដោយអង្គការ សន្សំម្លប់ព្រៃ (SMP) នៅឆ្នាំ២០១៦។ នៅឆ្នាំ២០១៨ ដើម្បីពង្រីកគម្រោងនេះ អង្គការអុកស្វាម បានផ្តល់ជំនួយបន្ថែមលើការផ្លាស់ប្ដូរផ្នត់គំនិតយេនឌ័រ តាមរយៈគម្រោងការកសាងសមត្ថភាពស្រ្ដីនិងការផ្ដល់អំណាចសេដ្ឋកិច្ចដល់ស្រ្ដី និងការវិនិយោគលើវិស័យកសិកម្មប្រកប ដោយការទទួលខុសត្រូវនៅអាស៊ីអាគ្នេយ៍ ជំហានទី២ (GRSISEA 2) ដែលជួយឱ្យសម្រេចបានឱកាសផ្លាស់ប្តូរដល់បុរស និងស្ត្រីដែលមានការខ្វះខាតក្នុងវិស័យកសិកម្មនៅកម្ពុជា។
វគ្គបណ្តុះបណ្តាលដែលសម្របសម្រួលដោយ SMP បានធ្វើឱ្យកសិករដូចជាអឿន ទទួលបានចំណេះដឹងក្នុងការបង្កើន គុណភាព និងបរិមាណទិន្នផលស្រូវរបស់គាត់។ ជំនាញផ្សេងទៀតដែលបានបង្រៀន រាប់បញ្ចូលទាំងការធ្វើកសិកម្ម អាហារូបត្ថម្ភ និងការគ្រប់គ្រងការវេចខ្ចប់ ការរៀបដីមុនដាំដុះស្រូវ បច្ចេកទេសពេលប្រមូលផល និងក្រោយពេលប្រមូលផល របៀបថែទាំសុខភាព និងសុវត្ថិភាពល្អ និងសិទ្ធិការងារ។
អឿនបានចាប់ផ្ដើមដាំស្រូវសរីរាង្គដោយចំណាយតិចជាងមុន ហើយអាចទទួលបានតម្លៃពិសេសនៅទីផ្សារថែមទៀត។ អឿនធ្វើស្រែបានល្អប្រសើរជាងមុន ហើយទទួលបានផលចំណេញចន្លោះពី ២០០រៀល (០.០៥ ដុល្លារ) ទៅ ៣០០រៀល (០.០៧ ដុល្លារ) ក្នុង១គីឡូក្រាម ច្រើនជាងពេលដែលគាត់មិនទាន់បានចូលរួមកម្មវិធីនេះ។ គាត់យកប្រាក់បន្ថែមរបស់គាត់ ដើម្បីផ្គត់ផ្គង់ការសិក្សារបស់កូនៗគាត់ ទិញដីស្រែ និងគោបន្ថែមសម្រាប់ធ្វើស្រែចម្ការ។ សុខភាពផ្លូវចិត្តរបស់គាត់ក៏បានល្អប្រសើរជាងមុនដូចគ្នា។
ទោះបីជំនាញដែលអឿនទទួលបានត្រូវបានគេឱ្យតម្លៃខ្ពស់ ជំនាញទាំងនោះមុខជាមិនសូវមានប្រយោជន៍ ប្រសិនបើគ្មានជំនួយពីរបៀប នៃការគ្រប់គ្រងទឹកឱ្យប្រសើរទេនោះ។ កសិករបានជីកស្រះចំនួន៥ ហើយកំពុងបន្តជីកចំនួន៣បន្ថែមទៀត។ តាមការលើកឡើងរបស់ថារ៉ា ស្រះទាំងនេះ ជាតឹកតាងបង្ហាញថាការទុកដីតូចៗរបស់កសិករធ្វើអាងស្តុកទឹកនឹងនាំផលល្អដល់ពួកគាត់។
ការសាកល្បងមុន និងបន្ទាប់ពីវគ្គបណ្តុះបណ្តាលបច្ចេកទេសប្រមូលទឹក ដែលរៀបចំឡើងដោយអង្គការ SMP ទៅកសិករផលិតកម្មស្រូវប្រកបដោយនិរន្តរភាព ដើម្បីពិនិត្យមើលកម្រិតយល់ដឹងរបស់កសិករអំពីរបៀបគ្រប់គ្រងប្រព័ន្ធទឹកមុន ខេត្តកំពង់ធំ ខែកញ្ញា ឆ្នាំ២០២១។ Boeng Phally/SMPសហគមន៍បានកត់សម្គាល់ឃើញថា ស្រូវនៅក្បែរស្រះផ្តល់ទិន្នផលចន្លោះពី ២ទៅ៣ដង នៃទិន្នផលមធ្យមធៀបទៅនឹងស្រូវដែលមិននៅក្បែរស្រះ។ ប្រជាកសិករជាច្រើននៅក្នុងភូមិជឿថាស្រះទឹកទាំងនោះពិតជាសំខាន់ក្នុងការផ្លាស់ប្ដូរតំបន់ដាំដុះនោះ ហើយសង្ឃឹមថា SMP ជាមួយនិង GRAISEA 2 នឹងបន្តផ្ដល់ជាជំនួយបច្ចេកទេសដល់សហគមន៍នេះ។
គម្រោងនេះកំពុងបង្ហាញយ៉ាងជាក់ច្បាស់ថាការបណ្តុះបណ្តាល និងការដឹកនាំអនុវត្ត ជាមធ្យោបាយសំខាន់ដែលជំរុញឱ្យមានការផ្លាស់ប្តូរនៅកម្រិតមូលដ្ឋាន។ ថារ៉ា បានបន្តថា៖ «គម្រោងនេះស្ថិតក្នុងដំណាក់កាលចាប់ផ្ដើមនៅឡើយ ប៉ុន្តែវាបានផ្តល់គុណប្រយោជន៍ជាច្រើនដល់សហគមន៍រួចទៅហើយ។» «គម្រោង GRAISEA 2 របស់អង្គការអុកស្វាម ដែលអនុវត្តដោយ SMP អាចចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាជនដូចបានឃើញជាក់ស្តែង ហើយយើងជឿជាក់ថាអត្ថប្រយោជន៍ ជាច្រើនទៀតរាប់មិនអស់អាចនឹងកើតមាន ប្រសិនបើសិនគម្រោងនេះត្រូវបានចែករំលែកទៅកាន់សហគមន៍ផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។»