ការពង្រឹងភាពជាអ្នកដឹកនាំ ការផ្លាស់ប្តូរជីវិតនៅតំបន់ជនបទកម្ពុជា - បទពិសោធន៍របស់ខេមរា
លោកស្រី បាង ខេមរា កសិករក្នុងខេត្តកំពង់ធំ។ រូបថត៖ Theng Thara/SMP

កំពង់ធំ គឺជាខេត្ត ដ៏ធំមួយនៅចំកណ្តាលប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់នឹងខេត្តចំនួន ៦ផ្សេងទៀត។ អ្នកខ្លះ យល់ថាខេត្តនេះមមាញឹក តែខ្លះទៀតក៏យល់ថាស្ងប់ស្ងាត់ដែរ។ សម្រាប់មនុស្សភាគច្រើន ជីវភាពនៅខេត្តនេះហាក់មិនមានការផ្លាស់ប្រែអ្វីទេ ប៉ុន្តែ បាង ខេមរា ដែលជាអតីតគ្រូបង្រៀននៅសាលាបឋមសិក្សាមួយរូប បែរជាគិតផ្សេងទៅវិញ ហើយក៏បានក្លាយជាកសិករធ្វើការពេញម៉ោង និងជាអ្នកតស៊ូមតិយ៉ាងសកម្ម ចំពោះការធ្វើស្រែចម្ការប្រកបដោយនិរន្តរភាព និងតាមកិច្ចព្រមព្រៀងមានភាពច្បាស់លាស់។
រួមជាមួយនឹងអ្នកដឹកនាំមូលដ្ឋានផ្សេងទៀត ខេមរា បានទទួលការបណ្តុះបណ្តាលដែលធ្វើឱ្យជីវិតគាត់ផ្លាស់ប្តូរ តាមរយៈគម្រោង ការលើកកម្ពស់សមភាពយេនឌ័រ និងការវិនិយោគលើវិស័យកសិកម្មប្រកបដោយ ការទទួលខុសត្រូវ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជំហានទី២ (GRAISEA 2) ដែលសម្របសម្រួលដោយដៃគូអង្គការអុកស្វាម នោះ គឺអង្គការ សន្សំម្លប់ព្រៃ (SMP)។
គ្រោះរាំងស្ងួតតែងតែគម្រាមកំហែងដល់ភូមិរបស់ខេមរា នៅឃុំពោធិ៍ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាសហគមន៍ ដាច់ស្រយាល។ ជីវភាពអ្នកភូមិពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម ហើយទឹកភ្លៀង គឺជាប្រភពធារាសាស្រ្តតែមួយគត់សម្រាប់ដំណាំពួកគាត់។ សហគមន៍បានបែកខ្ញែកគ្នា ដោយសារកសិករផលិតស្រូវរៀងៗខ្លួន ហើយពុំសូវយល់ដឹងអំពីការកំណត់គុណភាពស្រូវ ការប្រើប្រាស់ជី ឬការថែទាំដំណាំនោះទេ។ ពួកគេភាគច្រើនច្រូតស្រូវតាមទម្លាប់ ឬដោយខ្លួនឯង ហើយលក់ផលិតផល របស់ខ្លួនដោយខ្លួនឯង ដោយលក់ដេញថ្លៃគ្នាទៅវិញទៅមក នៅលើទីផ្សារសេរី។
ដំបូងឡើយ ខេមរា ស្ទាក់ស្ទើរក្នុងការចូលរួមគម្រោង GRAISEA 2 ដោយឃើញអត្ថប្រយោជន៍តិចតួចពីគម្រោងផ្សេងទៀតដែលអនុវត្តនៅក្នុងតំបន់របស់គាត់។ ទោះយ៉ាងណាក្តី បន្ទាប់ពីបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលក្នុងឆ្នាំ ២០១៨ ដែលរៀបចំដោយ SMP គាត់បានប្តូរចិត្ត ដោយសម្រេចផ្តោតលើការកសាងជំនាញដឹកនាំរបស់គាត់ ហើយវិវឌ្ឍខ្លួនយ៉ាងលឿនទៅជាកសិករដ៏សំខាន់មួយរូបក្នុងក្រុមអ្នកផលិតស្រូវប្រកបដោយនិរន្តរភាព (SRP)។
តាមរយៈការបណ្តុះបណ្តាលរបស់គម្រោង ជាពិសេសលើការដាំដុះដំណាំស្រូវ ការពង្រឹងសិទ្ធិអំណាចដល់ស្ត្រី និងទីផ្សារ ខេមរាទទួលបានចំណេះដឹងជាក់ស្តែងពីបច្ចេកទេសកសិកម្ម ហើយបានផ្ទេរចំណេះដឹងដល់កសិករដទៃទៀត ដែរ។ ខេមរាក៏ចាប់ផ្តើមផ្សព្វផ្សាយពីក្រុម SRP ហើយលើកទឹកចិត្តអ្នកដទៃទៀតឱ្យចូលរួមដូចគ្នា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចព្រមព្រៀងមានភាពច្បាស់លាស់ និងសុវត្ថិភាពប្រាក់ចំណូល។
ខេមរារំលឹកថាគាត់ចាប់ផ្តើមធ្វើស្រែចំការ ដោយប្រើចំណេះដឹងដែលបានរៀនពីគម្រោង ហើយទិន្នផលស្រូវរបស់គាត់ ក៏កើនឡើងគួរឱ្យកត់សម្គាល់។ គាត់បានបន្ថែមទៀតថា៖ «កសិករឯទៀតក៏ចាប់សួរខ្ញុំថាធ្វើយ៉ាងណាបានដូចខ្ញុំ ហើយខ្ញុំក៏បានណែនាំ GRAISEA 2 ឱ្យពួកគាត់ស្គាល់ទៅ»។
ក្រុមការងារអង្គការ SMP ផ្តល់វគ្គបណ្តុះបណ្តាលអំពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងជំនាញចរចារ ទៅសមាជិកគម្រោងពង្រឹងសេដ្ឋកិច្ចស្ត្រី និងកសិករផលិតកម្មស្រូវប្រកបដោយនិរន្តរភាព ខែសីហា ឆ្នាំ២០២០ វត្តបទុំ ស្រុកស្ទោង ខេត្តកំពង់ធំ។ រូបថត៖ SMPខេមរាបានចែករំលែកគន្លឹះដល់កសិករផ្សេងទៀតថា ពួកគាត់អាចស្រោចស្រពដំណាំរបស់ខ្លួនបានទៀងទាត់ជាងមុន បើសិនពួកគាត់ទុកដីចំណែកតូចខ្លះដើម្បីធ្វើស្រះទឹក។ គាត់ក៏បានបង្រៀនកសិករទាំងនោះ ពីរបៀបដាំដុះប្រកបដោយនិរន្តរភាព មិនឱ្យងាកទៅរកដំណាំដ៏ទៃផ្សេងទៀតទេ ហើយបានជួយពួកគេឱ្យទទួលយកយុទ្ធសាស្ត្រសហគមន៍ ផងដែរ។
ខេមរាបានប្រាប់ថា៖ «ដោយសារស្រូវរបស់យើងមានគុណភាពខ្ពស់ ឈ្មួញក៏ចង់ទិញថែមទៀត»។ «ដោយធ្វើតាមអ្វីដែលអង្គការ SMP បានបង្រៀនយើង តម្លៃទីផ្សារបានកើនឡើងពី ៧៥០ រៀល (០,១៨ ដុល្លារ) ដល់ ១២៥០ រៀល ក្នុង១គីឡូក្រាម។ ជាងនេះទៅទៀត ការលក់សរុបបានកើនឡើងពី១០លានរៀល (២៤៥០ ដុល្លារ) ដល់២២ លានរៀល។ កសិករក៏បានចាប់ដៃគូពាណិជ្ជកម្មជាផ្លូវការ ជាមួយរោងម៉ាស៊ីនកិនស្រូវ១កន្លែងនៅខេត្តបាត់ដំបងផងដែរ។
ខេមរាបន្តទៀតថាគម្រោង GRAISEA 2 បានជួយលើកកម្ពស់ជីវភាព និងលើកកម្ពស់សមភាពយេនឌ័រ។ «បុរសៗ នៅតាមមូលដ្ឋានកំពុងចាប់ធ្វើការងារមួយចំនួនដែលកន្លងមកជាការងាររបស់ស្រ្តី ហើយកាន់តែបើកចិត្ត ទទួលចំពោះ គំនិតទាក់ទង នឹងអាជីវកម្ម ឬបញ្ហាគ្រួសារដែលស្ត្រីផ្តល់ឱ្យពួកគាត់បានច្រើនជាងមុន។ អំពើហិង្សាក្នុងគ្រួសារក៏បាន ធ្លាក់ចុះច្រើនហើយដែរ»។ សម្រាប់ខេមរា ការសម្រេចចិត្តបោះបង់ប្រាក់ខែស្ថេរជាគ្រូបង្រៀន គឺមិនអាចមើលស្រាលបានឡើយ។ ការយកចិត្ត ទុកដាក់របស់គាត់ក្នុងការជួយកសិករ គឺជាសក្ខីកម្មបញ្ជាក់ពីឥទ្ធិពលរបស់កម្មវិធីនេះ។