ការលើកកម្ពស់បុគ្គលិកស្ត្រី និងមាតុភាព

អ្នកស្រី​ សួស ស្រីឡែន​​ អាយុ ៣១ឆ្នាំ​ បានចូលធ្វើការ​ជាបុគ្គលិក​ក្រុមហ៊ុន​ កូកាកូឡា​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ​ក្នុងរាជធានីភ្នំពេញ ជាង​៦ឆ្នាំ​ហើយ​។ គាត់​មាន​កូន​ពីរ​នាក់​ អាយុ​៦​ឆ្នាំ និង​អាយុ​១​ឆ្នាំ ហើយ​បច្ចុប្បន្ន​កំពុង​ពពោះ​កូន​ទី​៣ ​បាន​៤​ខែ​។​ មុនពេលចូល​ធ្វើការនៅក្រុមហ៊ុន​ កូកាកូឡា​ ស្រីឡែន គឺជា​ជំនួយ​ការចុងភៅ​នៅក្នុងភោជនីយដ្ឋាន​មួយក្នុង​ទីក្រុង​ភ្នំពេញ​ ហើយក្រោយ​មក​បានធ្វើការ​ជាកម្មករ​កាត់ដេរ​បាន​ប្រហែល​មួយឆ្នាំ​។

រយៈពេល​ ៥ឆ្នាំ​កន្លង​មក​នេះ​ ស្រីឡែន បាន​ទទួល​ការ​គាំពារ​ និង​អត្ថប្រយោជន៍​​ពី​បេឡាជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស)​ តាមរយៈប័ណ្ណ​ ប.ស.ស​ ដោយ​ទទួល​បាន​ការពិនិត្យ​ ការថែទាំ​ និង​ព្យាបាល​ដោយ​ឥត​គិត​​ថ្លៃ​​។ ដោយសារ​ស្រីឡែន​ មានការ​ចំណាយ​សំខាន់ៗ​ច្រើន​ផ្សេងទៀតក្នុង​គ្រួសារ​​ រួមទាំង​ថ្លៃសាលា​​កូនៗ​ទាំង២​របស់​គាត់​ ថ្លៃទឹក​ ភ្លើង ​និង​ម្ហូប​អាហារ​ជាដើម​ ដូច្នេះ​ហើយ ​ស្រឡែន​ ព្យាយាម​សន្សំ​សំចៃ​​ចំណាយ​ថ្លៃ​មន្ទីរពេទ្យ​ ដែល​កើត​មាន​ក្រៅ​ការ​គ្រោង​ទុក។​

ក្នុង​នាម​ជាស្ត្រី​មាន​ផ្ទៃពោះ​មួយរូប​ ស្រីឡែន​ កត់សម្គាល់​ឃើញ​​អាកប្បកិរិយា​របស់​ខ្លួន​មាន​ការ​ផ្លាស់ប្តូរ​ មុន និង​​ក្រោយ​ពេល​មាន​ប័ណ្ណប.ស.ស.។ ​​​ស្រីឡែន​ និយាយ​ថា​ «កាល​​ពី​ពេល​​ខ្ញុំ​អត់ទាន់​មាន​ប័ណ្ណ ប.ស.ស. ខ្ញុំមិនហ៊ានទៅពេទ្យទេ​ ទាល់តែខ្ញុំ​ឈឺ​ធ្ងន់​អី​ បាន​ទៅ​ពេទ្យ។​ តែ​ ឥឡូវ​ខ្ញុំ​​មាន​ទំនុកចិត្ត​ទៅពិនិត្យ​សុខភាព​នៅ​ពេទ្យ​ ពេល​ខ្ញុំឈឺ​។ ដូច​ថា​​ ខ្ញុំ​មានអារម្មណ៍​ថា​កក់ក្តៅ​ជាង​មុន​ដោយសារ​យើង​ដឹងថា ​​ប័ណ្ណ​ប.ស.ស នឹង​​រ៉ាប់រង​ថ្លៃ​ថ្នាំ​ ថ្លៃ​ព្យាបាល​ឲ្យ​ខ្ញុំ​អញ្ចឹង​»​។ ជាមួយ​ ប័ណ្ណ​ប.ស.ស. ស្រីឡែន​ ​មាន​ភាព​កក់ក្តៅ​ទៅ​ពិនិត្យ​​ និង​​តាមដាន​សុខភាព​ផ្ទៃ​ពោះ​​យ៉ាង​ទៀង​ទាត់។ «ខ្ញុំ​ក៏​បាន​ប្រើ​ប័ណ្ណ​​ប.ស.ស ពេល​ទៅ​ពិនិត្យ​ និង​សម្រាល​កូនទីពីរ​របស់ខ្ញុំ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដែរកាល​ពីមុន។ ​កូនទីបីខ្ញុំ ក៏អញ្ចឹង​​ដែរ»​។

ស្រីឡែន​ បានក្លាយជាសមាជិក​សហព័ន្ធសហជីពកម្មករចំណីអាហារ​ និង​សេវាកម្ម​កម្ពុជា (CFSWF) អស់​​​រយៈពេលបីឆ្នាំ​​មកហើយ​។ ក្នុង​អំឡុងពេល​នេះ​​ ស្រីឡែន​បាន​​ចូលរួមក្នុង​​សិក្ខាសាលា​​ និង​ការបណ្តុះបណ្តាល​ផ្សេងៗ​ ដែល​ផ្តោតសំខាន់​លើ​ផ្នែកថែទាំ​សុខភាពមាតា​ និង​ទារក​។​ កាលពី​៦​ខែមុន​ ស្រីឡែន​ ត្រូវ​បាន​បោះឆ្នោត​​ជ្រើសរើស​ជាថ្នាក់ដឹកនាំ​​តំណាង​អោយបុគ្គលិក​កម្មករ​នៅក្នុង​សហជីព​ក្នុង​តួនាទី​ជា​ហិរញ្ញិក​ផងដែរ។

ក្នុង​តួនាទីដឹកនាំ​ថ្មីនេះ​ ស្រីឡែន​ ប្ដេជ្ញា​ប្រមូលផ្តុំ​ឲ្យមាន​កម្មករ​ និង​បុគ្គលិក​ស្ត្រី​បន្ថែមទៀត​ ​ចូលរួម​ក្នុង​សហជីព​ ដើម្បីអាច​ដោះស្រាយ​​ និង​ឆ្លើយតប​ឲ្យ​បានត្រឹមត្រូវ​​ចំពោះ​បញ្ហាស្ត្រី​នានា​ ដែល​កើត​មានឡើង​នៅកន្លែង​ធ្វើការ​។

«ខ្ញុំ​សប្បាយចិត្ត​​ ដែល​ត្រូវ​បានជ្រើសរើស​ជា​តំណាង​កម្មករ​។ ក្នុងនាម​ខ្ញុំជាស្ត្រី​ម្នាក់​ ខ្ញុំមាន​ចង់​​ជួយ​លើកកម្ពស់​តួនាទីស្ត្រី​ និង​លើកទឹកចិត្ត​ពួកគាត់​ហ៊ាន​លើកយក​នូវបញ្ហា​កង្វល់​​ និង​បញ្ចេញមតិ​របស់ពួកគេ។​សំខាន់​ជាងនេះ​ទៅទៀត គឺខ្ញុំ​ចង់​កៀងគរ​ស្ត្រីកាន់តែច្រើន​ឲ្យ​ចូលរួម​ក្នុង​សហជីព​»។

បន្ថែម​ពីលើ​ការ​កសាង​សមត្ថភាព​ និង​លើក​កម្ពស់​ការ​យល់ដឹង​អំពី​កិច្ច​គាំពារ​សង្គម​ និង​យេនឌ័រ​ ស្រីឡែន​​ ថា សហជីព​ក៏​ជួយ​កម្មករ​ឲ្យ​ទទួល​បាន​លក្ខខ័ណ្ឌ​ការងារ​សមរម្យ​ និង​​ប្រាក់​ចំណូល​នឹងនរ​ផងដែរ​។

ស្រីឡែន​​ និយាយ​ថា​ «កាលណា​យើង​មាន​គ្នា​ច្រើន​ ​យើង​ងាយស្រួល​ចរចារ​ជាមួយ​ថៅកែ​ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ផ្តល់​​ផលប្រយោជន៍​ការងារ​ដែលយើង​សម​នឹង​ទទួល​បាន​។​ ពីមុន​ធ្លាប់​​មានករណី​ដែល​ថៅកែ​គាត់​បាន​បណ្តេញ​បុគ្គលិក​ចេញ​ដោយអត់​សមហេតុផល។ យើងបានតវ៉ា​ ហើយបាន​ទាមទារ​ឲ្យ​សមាជិក​សហជីព​យើង​អាច​ចូលធ្វើការវិញ»។​

កន្លង​មក​ ​សហជីព​​ក៏​បាន​ចរចារ​អោយ​ក្រុមហ៊ុន​ផ្តល់​មធ្យោបាយធ្វើដំណើរប្រចាំថ្ងៃដល់កម្មករ​ ផ្តល់​កន្លែងស្នាក់នៅ​ដល់កម្មករ ព្រមទាំង​មាន​ផ្តល់​ប្រាក់ឧបត្ថម្ភ​ជំនួសការសង់ទារកដ្ឋាន​ចំនួន ៨០ដុល្លា​រ ក្នុងមួយខែ​ រហូត​ដល់កូន​មានអាយុ​៣៦ខែផងដែរ៕​​