ក្តីសុបិន្ត និងការពិត

ពេលផ្លាស់មករាជធានីភ្នំពេញកាលពី១០ ឆ្នាំមុន សុខៃសុបិន្តថាថ្ងៃណាមួយនាងនឹងសន្សំប្រាក់គ្រប់ ដើម្បីសាងសង់ផ្ទះតូចមួយសម្រាប់ខ្លួនឯង និងគ្រួសារ។ នាងបានចាកចេញពីស្រុកកំណើតរបស់នាងនៅខេត្តពោធិ៍សាត់ដើម្បីស្វែងរកការងារធ្វើនៅក្នុងរោងចក្រកាត់ដេរនាទីក្រុងភ្នំពេញ។
អស់រយៈពេលជាងមួយទសវត្សរ៍មកហើយដែល សុខៃ នៅតែបន្ដធ្វើការនៅក្នុងរោងចក្រកាត់ដេរមួយនៅក្នុងរាជធានីភ្នំពេញ។ ថ្វីបើជាញឹកញាប់ នាងធ្វើការលើសម៉ោងក៏ដោយ ក៏នាងមិនអាចសន្សំប្រាក់បានច្រើននោះទេ។ បច្ចុប្បន្ន សុខៃ ជួលបន្ទប់ដ៏តូចមួយដែលមានភាពងងឹតនៅជាប់នឹងរោងចក្រដែលនាងធ្វើការ ហើយរស់នៅទីនោះជាមួយស្វាមីរបស់នាងឈ្មោះ សូរុន ដែលជាអ្នកបើកបរម៉ូតូកង់បី។
សហជីពកម្មករបានផ្តល់ផលប្រយោជន៍ដល់កម្មករ
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហជីពកម្មករ បានធ្វើការស្នើសុំ និងអាចទទួលបានប្រាក់ខែខ្ពស់ជាងមុន ប៉ុន្តែការចំណាយលើថ្លៃឈ្នួលផ្ទះ និងការចំណាយសម្រាប់ការរស់នៅក៏មានការកើនឡើង ដែលនៅតែជាបន្ទុកដ៏ធំ ហើយប៉ះពាល់ដល់ការសន្សំរបស់ពួកគេ។
ដោយសារតែ បេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស)របស់កម្ពុជា សុខៃ ក៏មានលទ្ធភាពទទួលបានអត្ថប្រយោជន៍ពីការធានារ៉ាប់រងសុខភាព នៅពេលដែលនាងបានផ្តល់កំណើតកូនទី២របស់នាង។ ក្នុងនាមជាកម្មករដែលមានការងារជាទៀងទាត់ ការចំណាយភាគច្រើនដែលទាក់ទងនឹងការមានផ្ទៃពោះ និងការសម្រាកលំហែមាតុភាពរបស់នាង ត្រូវបានចំណាយដោយប.ស.ស ។
ជាអកុសល មិនមែនមនុស្សគ្រប់រូប សុទ្ធតែអាចទទួលបានអត្ថប្រយោជន៍ពី ប.ស.ស នេះទេ។ ឧទាហរណ៍៖ ស្វាមីរបស់ សុខៃ ឈ្មោះ សូរុន មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ ប.ស.ស ឡើយ។ ក្នុងនាមជាអ្នកបើកបរម៉ូតូកង់បី ដែលគាត់ធ្វើការដោយខ្លួនឯង គាត់ត្រូវបានចាត់ទុកថាជាអ្នកធ្វើការក្រៅប្រព័ន្ធ ដូច្នេះហើយគាត់មិនអាចទទួលបាន ប.ស.ស ទេ។ ស្ថានភាពដូចគាត់ មានដល់ទៅ៧០%នៃកម្លាំងពលកម្មជាតិ ដែលមិនទាន់មានសិទ្ធិទទួលបាន ប.ស.ស នៅឡើយ។ អ្នកធ្វើការក្នុងវិស័យកម្សាន្ត អ្នកធ្វើការតាមផ្ទះ អ្នកលក់ដូរតាមចិញ្ចើមថ្នល់ និងប្រជាជនកម្ពុជារាប់លាននាក់ផ្សេងទៀត ដែលកំពុងធ្វើការក្នុងវិស័យក្រៅប្រព័ន្ធ ក៏មិនទាន់បានរាប់បញ្ចូល និងទទួលបាន ប.ស.ស នៅឡើយដែរ។
អង្គការអុកស្វាម កំពុងធ្វើការជាមួយដៃគូរបស់ខ្លួន ដើម្បីធានាឱ្យមានប្រព័ន្ធសន្តិសុខសង្គមដែលមានភាពគ្របដណ្តប់បានទូលំទូលាយជាងមុន ដើម្បីលើកកម្ពស់សិទ្ធកម្មករទាំងក្នុង និងក្រៅប្រព័ន្ធដែលត្រូវបានគេផាត់ចេញ។
ជាបឋម យើងកំពុងចូលរួម និងសម្របសម្រួលជាមួយក្រុមអ្នកធ្វើការងារក្រៅប្រព័ន្ធ និងជួយ ដល់តំណាងរបស់ពួកគេ ដើម្បីចូលរួមកិច្ចសន្ទនា ជាមួយរាជរដ្ឋាភិបាល និងនិយោជកតាមរោងចក្រ។ ទីពីរ យើងកំពុងគាំទ្រ និងពង្រឹងបណ្តាញថ្នាក់ជាតិ នៃកម្មករក្រៅប្រព័ន្ធ ដើម្បីការទទួលបាននូវកិច្ចគាំពារសង្គមដល់កម្មករនិយោជិតទាំងអស់។ ហើយចុងក្រោយ យើងកំពុងស្វែងរកឱកាសក្នុងការពិភាក្សាជាមួយរាជរដ្ឋាភិបាល និងនិយោជកតាមរោងចក្រនានា តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ការចូលរួមសាធារណៈ និងការស្រាវជ្រាវជាដើម។