ជីវិតលីហួយ

English version

លីហួយ បានចូលរៀននៅសាលារៀនទន្សាយ ពេលនាង​មានអាយុ ១១ឆ្នាំ និងមានជម្ងឺដោនស៊ីនដ្រូម (Down’s Syndrome)។ នាង​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្ហាញ​ពី​បំណិន​សង្គម។ ជួនកាល នាង​បាន​វាយធ្វើបាប​មិត្តរួមថ្នាក់​របស់​នាង ហើយ​ពេល​ខ្លះ​ទៀត នាង​នៅ​ឆ្ងាយ​ពី​អ្នក​ដទៃ ដោយសារ​តែ​មាន​ការ​ភ័យខ្លាច​ចំពោះ​មនុស្ស​គ្រប់គ្នា។ ជារឿយៗ គេ​សង្កេត​ឃើញថា លីហួយ លេងតែ​ម្នាក់ឯង​ជាមួយ​បាល់ ឬរបស់លេង​ផ្សេង​ទៀត ហើយ​នាងមិន​ដែល​បានព្យាយាម​លេង​ជាមួយក្មេងៗ​ដទៃ​ទៀត​ឡើយ។

លីហួយ មាន​ការថយចុះ​លើការ​អភិវឌ្ឍ​ការ​យល់ដឹង​ផង​ដែរ។ នាង​ពិបាក​ក្នុង​ការ​គូរ​បន្ទាត់​ឱ្យ​ត្រង់​ កុំថា​ឡើយ​ដល់​ការ​គូរ​រូបភាព។ ការពិត ករណីនេះ​កើតឡើង ដោយហេតុថា​នាង​មាន​ការលំបាក​ក្នុង​ការ​កាន់​ខ្មៅដៃ ដើម្បីគូរ និង​សរសេរ។ នាង​ក៏​មិន​ស្គាល់​ពណ៌ អក្សរ និង​លេខ​ផ្សេងៗគ្នា ដែល​គ្រូបាន​បង្រៀន​នៅ​ក្នុង​ថ្នាក់រៀន​នោះដែរ។ ការអាន ក៏​ជាបញ្ហា​ប្រឈម​ដ៏ធំមួយ​សម្រាប់​នាង។

ភាពរីកចម្រើនលើការអភិវឌ្ឍការយល់ដឹង និងបំណិនសង្គម

នៅឆ្នាំ ២០១៧ ជីវិត​ក្មេងស្រី​តូចនេះ បានផ្លាស់ប្តូរ។ ក្នុងរយៈពេល​ត្រឹមតែ ១ឆ្នាំ នៅ​សាលារៀនទន្សាយ ជីវិត​របស់​លីហួយ ឥរិយាបថ បំណិនសង្គម និងការអភិវឌ្ឍ​ផ្នែក​បញ្ញា​របស់នាង បាន​ប្រសើរ​ឡើង​យ៉ាងខ្លាំង និង​បន្តរីក​ចម្រើន។

ជាធម្មតា នាងស្ថិត​ក្នុង​ចំណោមមិត្តភក្តិ​ដែល​រួសរាយ​រាក់ទាក់ និងរីករាយ​បំផុត​ក្នុង​ថ្នាក់​របស់នាង។ នាង​ចូលចិត្ត​លេង​ ទាំង​ក្នុង និងក្រៅថ្នាក់រៀន​ជាមួយមិត្តភក្តិ​ជាច្រើន​ទៀត ដែលនាង​អាចលេង​ជាមួយ​បាន។ ទំនុកចិត្ត​របស់នាង​នៅតែប​ន្ត​កើន​ឡើង ហើយ​នាង​លែងភ័យខ្លាច​ក្នុង​ការប្រាប់​គ្រូ​ពីអ្វី​ដែលនាង​ត្រូវ​ការ​ទៀត​ហើយ។

លីហួយក្នុងថ្នាក់រៀន។ រូបថត៖ វង្ស វុទ្ធី

ការអភិវឌ្ឍ​ការយល់ដឹង​របស់ លីហួយ ជាពិសេស​ទាក់ទងនឹង​ភាសា​នៅ​តែ​បន្ត​ប្រសើរ​ឡើង។ នាង​បាន​បង្ហាញ​ពីសមត្ថភាព​ក្នុង​ការស្គាល់​ពណ៌​ផ្សេងគ្នា​មួយ​ចំនួន ស្រះ និងព្យញ្ជនៈ សូម្បី​តែ​លំហាត់​ផ្គូផ្គង​របស់នាង ក៏មានភាព​ល្អ​ប្រសើរ​ខ្លាំង​ដែរ។ បន្ថែមពីនេះទៀត នាងអាច​កាន់ខ្មៅដៃ​សរសេរអក្សរ​មួយ​ចំនួន​នៅលើក្រដាស​ទទេ​បាន​យ៉ាងត្រឹមត្រូវ​ទៀត​ផង។ ឥឡូវនេះ​នាង​ក៏អាច​យល់ និង​អនុវត្តតាម​ការណែនាំ​ពី​គ្រូ​របស់នាង ជាពិសេស​នៅពេល​គ្រូហៅ​ឈ្មោះ​របស់​នាង។ ការងារ​ដែល​នាង​ចូលចិត្ត គឺការ​សុំ​ធ្វើ​លំហាត់​ផ្គូផ្គង​នៅលើ​ក្តារខៀន។

សាលារៀនទន្សាយ (Rabbit School) គឺជាសាលារៀន​មួយក្នុង​ចំណោមសាលា​មួយ​ចំនួន​តូច នៅ​ក្នុង​ប្រទេសកម្ពុជា​ដែ​ល​បានធ្វើការ​ជាមួយ​កុមារ​ដែល​មាន​បញ្ហា​ផ្នែក​សតិបញ្ញា។ សាលារៀននេះ បានដំណើរ​ការ​អស់រយៈ​ពេល​ជាង ២០​ឆ្នាំ​មក​ហើយ ដោយបានជួយកុមារ និងបានផ្តល់​ឱ្យ​ពួកគេ​នូវ​ការអប់រំ​ពិសេស។ រាល់សកម្មភាព​ទាំងអស់​របស់​ពួកគេ គឺ​ត្រូវ​បានកំណត់​ដោយ​ការ​គោរព​ចំពោះ​សេចក្តីថ្លៃថ្នូរ​របស់មនុស្ស​គ្រប់គ្នា និង​ការលើកទឹកចិត្ត​ដល់​ការចូល​រួមរបស់​សហគមន៍​។ បច្ចុប្បន្ននេះ​មាន​សិស្ស​ចំនួន ៦៤០នាក់ ដែល​កំពុង​សិក្សា​ក្នុង​កម្មវិធី​អប់រំ។ កម្មវិធី​អប់រំ​របស់សាលារៀន​ទន្សាយ គឺត្រូវ​បាន​បង្កើ​ត​ឡើង ដើម្បីជួយ​អភិវឌ្ឍ​កុមារ​ដែល​មានភាពខុសគ្នា​ផ្នែកបញ្ញា និងធ្វើការឆ្ពោះ​ទៅរក​ការចូលរួម​របស់​ពួកគេ​នៅក្នុង​សង្គម​។

តាមរយៈ​ការគាំទ្រពី​កម្មវិធីវ៉យ នៃអង្គការអុកស្វាម សាលារៀនទន្យា គឺអាចបណ្តុះបណ្តាល​ឪពុកម្តាយ​ដូច ឪពុកម្តាយ​របស់កុមារី លីហួយ និងជួយ​ពួកគេ​ឱ្យ​ចេះ​​ថែទាំ​កូនៗ ​របស់ពួកគេ​ដែលមាន​ភាពខុស​គ្នា​ផ្នែកបញ្ញា​បាន​ប្រសើរ​ជាងមុន ដូចដែលពួកគេ​ទទួល​បានការអប់រំ​ជាផ្លូវការ​នៅសាលារៀនទូទៅដែរ។ នៅពេលដែល កម្មវិធីវ៉យ មិនបាន​គាំទ្រគម្រោង​សម្រាប់កុមារ​ដោយផ្ទាល់​ទេនោះ (យើងផ្តោតលើក្រុមយុវជនដែលងាយរងគ្រោះ) យើងទទួលស្គាល់ថា​ឪពុកម្តាយ​របស់កុមារ​ដែលមាន​តម្រូវការ​ពិសេស គឺតម្រូវឱ្យ​មាន​ការគាំទ្រ​ផ្នែក​រូបវន្ត ខណៈដែល​ការអប់រំ​បញ្ចូលគ្នាបា​ន​ដើរតួនាទី​យ៉ាងសំខាន់។

សិស្សានុសិស្សមកពីសាលារៀនទន្សាយ​បានប្រារព្ធទិវា នៃការយល់ដឹងស្តីពីជំងឺអូទីសឹមពិភពលោកឆ្នាំ ២០១៩។ រូបថត៖ វង្ស វុទ្ធី

*សូមអរគុណជាពិសេសដល់ កុមារី លីហួយ ឪពុកម្តាយរបស់នាង និងសាលារៀនទន្សាយ សម្រាប់​​អត្ថបទ​មួយ​នេះ​។ សូមបញ្ជាក់ថា តាមសំណូមពររបស់ឪពុកម្តាយ និងរបស់នាងផ្ទាល់ ឈ្មោះរបស់កុមារី លីហួយ ត្រូវបានផ្លាស់ប្តូរ។

អត្ថបទ និងរូបភាពដោយ លោក វង្ស វុទ្ធី/Rabbit School