យុវជនពិភាក្សាដេញដោលអំពីអភិបាលកិច្ចសារពើពន្ធ

Debate on fiscal governance

លោក ប៊ុន សុគាយុគ (កណ្តាល) និងសមាជិកក្រុម កំពុងការពារប្រធានបទរបស់ខ្លួន។ រូបថត៖ TI

"ថវិកាជាតិមាន​សារៈសំខាន់​ជា​សារវ័ន្តសម្រាប់​ការ​អភិវឌ្ឍ​ជាតិ សុខុមាលភាព​របស់​ពលរដ្ឋ និង​សម្រាប់​អាទិភាពនៃ​ការ​អភិវឌ្ឍ​ជាតិ"

តើពលរដ្ឋគួរមានសិទ្ធិបញ្ចេញមតិរបស់ខ្លួននៅក្នុង​សេចក្តីព្រាងថវិកាឬទេ? តើ​រដ្ឋាភិបាលគួរ​បង្កើនពន្ធលើប្រាក់​ចំណូលទេ? តើរដ្ឋាភិបាលគួរ​បង្កើន​ការ​លើកលែងពន្ធលើការវិនិយោគបរទេសទេ? សំណួរទាំងនេះ និង​ប្រធានបទផ្សេងៗទៀតជុំវិញអភិបាលកិច្ច​សារពើពន្ធ​ត្រូវ​បាន​យុវជន​ ៣២ក្រុម លើក​យក​ពិភាក្សា​ដេញដោលគ្នា​កាលពី​ខែវិច្ឆិកា និង​ខែធ្នូ ឆ្នាំ​២០១៨។

ការពិភាក្សាដេញដោលនេះត្រូវ​បាន​រៀបចំឡើង​ដោយ​អង្គការ​តម្លាភាពអន្តរជាតិកម្ពុជា ដោយ​សហការជាមួយអង្គការ​អុកស្វាម ដើម្បីផ្តល់លទ្ធភាព​ឱ្យ​យុវជន​កសាងសមត្ថភាពរបស់​ខ្លួន បង្កើតវប្បធម៌នៃការចែករំលែក និង​រៀនសូត្រ​ពីគ្នាទៅវិញទៅមកលើ​ប្រធានបទផ្សេងៗទាក់​ទង​នឹង​អភិបាលកិច្ច​សារពើពន្ធ។

លោក ប៊ុន សុគាយុគ និស្សិត​មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ​ និង​សេដ្ឋកិច្ច ដែល​ជា​អ្នក​ចូលរួម​ម្នាក់​ដែរ និយាយ​ថា៖ «នេះ​ជាលើកទីមួយហើយ​សម្រាប់ខ្ញុំ ហើយ​ខ្ញុំ​ក៏​មិន​សូវ​យល់ពីប្រធាន​បទទាក់​ទងនឹងអភិបាលកិច្ច​សារពើពន្ធប៉ុន្មានដែរទេ។ ការ​ពិភាក្សា​ដេញដោលនេះ​ជួយ​ខ្ញុំ​ឱ្យ​ចេះ​ស្រាវជ្រាវ​ថែម​ទៀត ជជែកជាមួយ​មនុស្ស​ឱ្យ​បាន​ច្រើន សួរ​សំណួរ​ឱ្យ​ច្រើន និង​ជម្រុញ​សមាជិកក្រុម​របស់​ខ្ញុំ​ឱ្យ​ត្រៀមខ្លួន​បាន​ល្អ​ដើម្បី​ពិភាក្សា និងផ្តល់យោបល់ ជាមួយ​ក្រុម​ផ្សេង​ទៀត។»

បង្កើនធនធានផ្នែកហិរញ្ញវត្ថុ​ដើម្បីការអភិវឌ្ឍ

ជា​ពលរដ្ឋ យើងមិន​ត្រឹម​តែមានភារកិច្ច​ឈ្វេងយល់អំពី​ថវិកាជាតិទេ ប៉ុន្តែក៏​ត្រូវ​មាន​ភារកិច្ច​ផង​ដែរ​ក្នុង​ការ​ធ្វើយ៉ាងណា​ឱ្យ​ថវិកា​ជាតិ​ពិត​ជាបម្រើប្រយោជន៍​របស់​ប្រជា​ជន។ ការពិភាក្សាដេញដោល​របស់​យុវជន​លើ​បញ្ហាទាំងនេះ​ គឺ​ពិត​ជា​ចំណុច​ចាប់​ផ្តើមល្អមួយ។

លោក ព្រាប កុល នាយកប្រតិបត្តិ​របស់​តម្លា​អន្តរជាតិកម្ពុជា និយាយថា ថវិកាជាតិមាន​សារៈសំខាន់​ជា​សារវ័ន្តសម្រាប់​ការ​អភិវឌ្ឍ​ជាតិ សុខុមាលភាព​របស់​ពលរដ្ឋ និង​សម្រាប់​អាទិភាពនៃ​ការ​អភិវឌ្ឍ​ជាតិ។

អង្គការ​អុកស្វាមបាននឹងកំពុង​អនុវត្ត​គម្រោង “ហិរញ្ញវត្ថុ​សម្រាប់​ការ​អភិវឌ្ឍ” តាំងពីឆ្នាំ​២០១៦ ដែល​ក្នុង​នោះអង្គការ​តម្លា​ភាពអន្តរជាតិកម្ពុជា​ជាដៃគូមួយ​របស់​យើង។ គោលបំណង​របស់​កម្មវិធីនេះ គឺដើម្បីលើកកម្ពស់​គុណភាព និង​បរិមាណ​នៃ​ប្រព័ន្ធ​សារពើពន្ធនៅ កម្ពុជាឲ្យ​កាន់​តែមានភាពប្រសើរឡើង ដើម្បី​ជា​ប្រយោជន៍​របស់​ពលរដ្ឋ ជា​ពិសេស​យុវជន ស្ត្រី​ ក្មេងស្រី និង​ពលរដ្ឋ​ងាយ​រងគ្រោះ។

លោក ប៊ុន សុគាយុគ និយាយថា៖ “តាមរយៈដំណើរការត្រៀមពិភាក្សាទាំងអស់នេះ ​ខ្ញុំ​កសាង​ទំនុកចិត្ត​លើ​ខ្លួន​ឯង និង​វិធីសាស្ត្រ​មាន​ប្រសិទ្ធភាព។ ខ្ញុំ​រៀនសូត្រ​បាន​ថា ខ្ញុំ​ត្រូវ​តែត្រៀមខ្លួនជាស្រេច ដើម្បីមាន​អំណះអំណាងការ​ពារ​អ្វីដែលខ្ញុំនិយាយ។ ដើម្បីសម្រេចបានគោលបំណងនេះ ខ្ញុំចាំបាច់​ត្រូវ​តែអានឱ្យច្រើន។ ខ្ញុំ ​ចង់​ឃើញវេទិកាបែបនេះ​ឱ្យ​បានច្រើនថែម​​ទៀត​សម្រាប់​យុវជន”។