Click HERE to read the article in English
ក្រុមប្រឹក្សាភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអនុម័តការវិភាជថវិកាទូទៅមួយពីគណនីមូលនិធិពិសេស (the largest Special Drawing Rights (SDRs)) ជាប្រវត្តិសាស្ត្រ ដែលស្មើនឹង ៦៥០ ពាន់លានដុល្លារ ស.រ.អា (ប្រហែល ៤៥៦ ពាន់លាន SDR) កាលពីដើមខែសីហានេះ ដើម្បីជម្រុញលទ្ធភាពទូទាត់ការចំណាយរបស់សកលលោក។ កម្ពុជានឹងទទួលបានចំនួន ០,២៤ពាន់លាន ដុល្លារ ស.រ.អា ។
លោកស្រី លីម សូលីន នាយិកាប្រចាំប្រទេសនៃអង្គការ អុកស្វាម មានប្រសាសន៍ថា “ថវិកា SDRs ថ្មីនេះ នឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជាផងដែរ ដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ។ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការងារយ៉ាងល្អដើម្បីទប់ស្កាត់ការចម្លងមេរោគនេះ ព្រមទាំងគាំទ្រក្រុមប្រជាជនងាយរងគ្រោះ ក្នុងការដោះស្រាយការបាត់បង់មុខរបររបស់ពួកគេ តាមរយៈការអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់ ដោយផ្អែកលើប្រព័ន្ធជំនួយសង្គមរបស់ខ្លួន ។ ទោះជាយ៉ាងណាក៏ដោយ នៅមានកិច្ចការចាំបាច់ជាច្រើនទៀត ដែលគួរធ្វើ ហើយយើងសូមអំពាវឱ្យរាជរដ្ឋាភិបាលបន្តធ្វើការប្រកបដោយតម្លាភាព និងរួមគ្នាជាមួយអង្គការសង្គមស៊ីវិលដទៃទៀតដើម្បីប្រើប្រាស់ហិរញ្ញប្បទានឥតសំណងបន្ថែមនេះឱ្យបានល្អបំផុត ឧទាហរណ៍ ដោយផ្តល់អាទិភាពលើការថែទាំសុខភាពជាសកល និងការវិនិយោគលើកិច្ចគាំពារសង្គម ដែលអាចកាត់បន្ថយវិសមភាព ដើម្បីសម្រេចបានការងើបឡើងវិញពីជំងឺរាតត្បាតជាសកលនេះប្រកបដោយលក្ខណៈប្រកបដោយសមភាព និងកាន់តែមាននិរន្តរភាពថែមទៀត” ។
បច្ចុប្បន្ននេះ វិស័យសេដ្ចកិច្ចក្រៅប្រព័ន្ធតំណាងឱ្យ ៨៧.៥% នៃសេដ្ឋកិច្ចកម្ពុជា (យោងតាម ILO ២០២១) ហើយក្រសួងផែនការបានលើកឡើងថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៦ លាននាក់ កំពុងប្រឈមនឹងការបាត់បង់មុខរបររបស់ពួកគេ នៅខណៈពេលដែលជំងឺរាតត្បាតជាសកលនេះនៅតែបន្ត ។ ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវធានាថាកម្មវិធីផ្តល់ជំនួយសង្គ្រោះរបស់ខ្លួន ផ្តោតការយកចិត្តទុកដាក់ ជាពិសេសទៅលើការគាំទ្រកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាជីវកម្មធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។
លោកស្រី លឹម សូលីន បានបន្ថែមទៀតថា “យើងសូមកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងធានាថាក្រុមងាយរងគ្រោះនានាដូចជា ស្ត្រី និងក្មេងស្រីដែលប្រឈមនឹងអំពើហិង្សាផ្លូវភេទ និងអំពើហិង្សាពាក់ព័ន្ធយេនឌ័រ ស្ត្រីមានផ្ទៃពោះ កុមារ ជនមានពិការភាព ជនជាតិដើម និងជនជាតិភាគតិច អ្នករស់នៅជាមួយមេរោគអេដស៍ ជនអនាថា និងជនទេសន្តរប្រវេសន៍ដែលវិលត្រឡប់មកប្រទេសវិញ គឺជាទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជំនួយកូវីដ-១៩ ហើយយើងសូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យទាញយកផលប្រយោជន៍ពីមូលនិធិ SDR នេះ ដើម្បីផ្តល់ការគាំទ្របន្ថែមទៀត និងធ្វើឱ្យអន្តរាគមន៍ឆ្លើយតបជំងឺរាតត្បាតមានលក្ខណៈបរិយាប័ន្ន ។ ប្រជាជនកម្ពុជា ជាពិសេស ក្រុមងាយរងគ្រោះបំផុត នឹងចងចាំទុកក្នុងចិត្តនូវស្នាដៃដ៏សំខាន់នេះ”។
SDRs គឺជាទម្រង់នៃរូបិយប័ណ្ណសកលមួយដែលអាចចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចសកលលោក ដោយធ្វើការបែងចែកជំនួយដោយមិនចាំបាច់សងវិញ ជូនដល់ប្រទេសជាសមាជិកនីមួយៗរបស់មូលនិធិរូបិយវត្ថុអន្ដរជាតិ ។ ថវិកានេះមិនមែនជាកម្ចីដែលត្រូវការសងវិញនោះទេ ហើយការប្រើប្រាស់មូលនិធិនេះគឺជាការសម្រេចចិត្តដោយប្រទេសដែលទទួលមូលនិធិនេះ។
SDRs ថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ ។ ថវិកានេះត្រូវបានបែងចែកដោយផ្អែកលើកូតា/ចំណែករបស់ប្រទេសនីមួយៗនៅក្នុង IMF ។ ការផ្តល់ថវិកា SDR ចំនួន ៦៥០ ពាន់លានដុល្លារនេះ នឹងផ្តល់ប្រាក់បម្រុងបន្ថែមជិត ៤០០ ពាន់លានដុល្លារ ដល់ប្រទេស ដែលមានជាងគេបំផុតក្នុងពិភពលោក, ២៣០ ពាន់លានដុល្លារ ដល់ប្រទេសដែលមានប្រាក់ចំណូលមធ្យម និង ២១ ពាន់លានដុល្លារ ដល់ប្រទេសដែលមានប្រាក់ចំណូលទាប ។
អុកស្វាម គឺជាអង្គការមួយក្នុងចំណោមអង្គការដំបូងគេ ដែលបានអំពាវនាវឱ្យមានការផ្តល់ថវិកា SDR ថ្មី ជាផ្នែកមួយនៃផែនការ សង្គ្រោះសេដ្ឋកិច្ចទូលំទូលាយមួយ នៅពេលវិបត្តិនេះបានកើតឡើងក្នុងឆ្នាំ ២០២០ ។ នៅក្នុងលិខិតចំហមួយ, អង្គការ អុកស្វាម និងក្រុមសង្គមស៊ីវិលជាង ២០០ ផ្សេងទៀត បានជំរុញឱ្យប្រទេស G20 គាំទ្រការផ្តល់ថវិកា SDRs ដើម្បីជួយប្រទេសនានា ដោះស្រាយវិបត្តិជម្ងឺរាតត្បាតជាសកលកូវីដ-១៩ ។
ទស្សនវិស័យសេដ្ឋកិច្ចកំពុងមានភាពមិនប្រាកដប្រជា ហើយវិថីនៃការងើបឡើងវិញសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសទាំងអស់ គឺវែងឆ្ងាយណាស់ និងជួបឧបសគ្គជាច្រើន សម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ ហើយយើងជឿជាក់ថា ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា នឹងជំនះបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកនេះ។