ទស្សន៖ ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច និងសមភាពយេនឌ័រ

English version

ស្រ៊ុន សុវណ្ណ
សហស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិរបស់អ៊ីឌឹមី (Edemy)

ខ្ញុំគិតថាបច្ចេកវិទ្យាទូរស័ព្ទចល័ត គឺកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ នៅក្នុងប្រទេសកម្ពុជា ជាពិសេសទាក់ទងនឹងលទ្ធភាពទទួលបានការអប់រំ។ ថ្ងៃនេះ​ ខ្ញុំឃើញក្មេងស្រីជាច្រើនដែលមិនត្រឹមតែប្រើ ទូរស័ព្ទ​ទំនើប​របស់​ពួកគេ ដើម្បី​ជជែកជាមួយមិត្តភក្តិនៅលើបណ្តាញសង្គមហ្វេសប៊ុក ឬបង្ហាញពីទេពកោសល្យ​សម្ដែងរបស់​ពួកគេនៅ​លើ​កម្មវិធី​ តិកតុក (Tik Tok)ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាញយក​កម្មវិធី​អប់រំ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការប្រលង​របស់​ពួកគេ ឬ​ជជែក​លេង​ជាមួយ​មិត្តភ័ក្រ និងគ្រូបង្រៀន​របស់​ពួកគេ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ​ដើម្បី​ជួយដោះ​ស្រាយ​បញ្ហាគណិត​វិទ្យា​ទៀតផង។ ចំពោះ​ចំណុចល្អ ​និង​ចំណុច​អាក្រក់ មនុស្ស​ម្នាក់មិនអាច​បដិសេធ​ថា បច្ចេកវិទ្យា​ពិតជា​មាន​ផល​ប៉ះពាល់​យ៉ាង​ធំធេង​ដល់​យើង​ទាំងអស់​គ្នា​នោះ​ទេ។

បច្ចេកវិទ្យានឹងផ្តល់អំណាចដល់ស្ត្រី

ក្មេងស្រី​ជាច្រើន​នៅតាម​ទីជនបទ ទទួល​បាន​អត្ថប្រយោជន៍​ភាគច្រើន​ពីការ​ទទួល​យក​បច្ចេកវិទ្យា​បែបនេះ ដោយហេតុថា ចលនកម្ម​របស់ពួកគេ គឺត្រូវ​បាន​រារាំង​ដោយ​ការរើសអើងផ្នែកវប្បធម៌​ ឬការព្រួយបារម្ភ​ផ្សេងៗទៀត។ ឧទាហរ​ណ៍៖​ ក្មេងស្រី​មួយ​ចំនួនដែលអ៊ីឌឹមី(Edemy) បានធ្វើការ​ជាមួយ​មិនអាច​ចូលរៀន​ថ្នាក់​បង្រៀន​បន្ថែម​នៅពេលល្ងាច​នោះទេ ដោយ​សារ​តែត្រូវបាន​គេគិតថា វាមិនមាន​សុវត្ថិភាព។ នៅពេល​ឳពុកម្តាយ ចេញ​ទៅ​ធ្វើ​កសិដ្ឋាន ក្មេងស្រី​ទាំងនេះ​ ត្រូវ​នៅផ្ទះ​ដើម្បី​ជួយ​​មើលថែ​ប្អូនៗ​ របស់​ពួកគេ។ នេះមានន័យថា សិស្ស​សាលា​ស្រីៗ​ទាំងនេះ ​គឺជារឿយៗ​ មិនមាន​វត្តមាន​នៅសាលារៀន​នោះទេ។ ការមាន​ទូរស័ព្ទ​ស្មាតហ្វូន​ដែលមាន​អ៊ិនធឺណេត គឺអាច​ជួយ​ពួកគេ​ឱ្យរក្សា​ទុក​នូវ​អ្វី ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ថ្នាក់ រៀន​បាន។ ពួកគេអាចស្វែង​រក​ប្រភពធន​ធាន​នៅ​លើ​អ៊ិនធឺ​ណេត ​ឬទទួល​បាន​ប្រភពធនធាន​ទាំងនេះពី​មិត្តភក្តិ​របស់​ពួកគេ។ អ៊ីឌឹមី បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ តាមរយៈ​ការបង្កើត​កម្មវិធី​ទូរស័ព្ទ​ដែល​មាន​ឈ្មោះថា តេស្ត១២ (Tesdopi) ដែល​ជួយ​បន្ថែម​ចំណេះ​ដឹងផ្នែក​ STEM​ ដល់ពួកគេ សម្រាប់​រៀបចំ​ការ​ប្រលង។

ការទទួល​បាន​បច្ចេកវិទ្យា ក៏ផ្តល់​អំណាច​ដល់​ស្រ្តីផង​ដែរ តាមរយៈ​ការផ្តល់​ឱ្យ​ពួកគេ​នូវ​ចំណេះ​ដឹង និងព័ត៌មាន​ថ្មីៗ។ សព្វ​ថ្ងៃនេះ រាល់ពេល​ដែល​ម្តាយរបស់​ខ្ញុំ​ទទួល​បានវេជ្ជបញ្ជា​ថ្មី គាត់​តែងតែ​សុំឱ្យ​ខ្ញុំពិនិត្យ​មើល​ថ្នាំ នៅលើ​ប្រព័ន្ធអ៊ិនធើណេត។ ឥឡូវនេះ ម៉ាក់របស់ខ្ញុំកំពុង​រៀន​ពីរបៀប​ប្រើ​កម្មវិធី​បកប្រែ​ដែល​មាន​ឈ្មោះ​Google Translate ហើយ​រាប់ចំនួន ទៅតាមថ្ងៃដែលគាត់​អាចរក​មើល​ជាភាសាខ្មែរ​ដោយ​ខ្លួន​ឯង​បាន។

ការមាន​ធនធាន​អេឡិចត្រូនិច​ប្រកប​ដោយ​គុណភាព​សម្បូរ​បែបបន្ថែម​ទៀត នៅក្នុង​ភាសាខ្មែរ គឺមាន​សារៈសំខាន់​សម្រាប់​ស្ត្រី និងប្រជាជន​កម្ពុជា​ទូទៅ។ ដៃគូ​របស់យើង​កំពុង​ប្រើប្រាស់​ទម្រង់​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​របស់​យើង ដើម្បី​ផ្តល់​ការ​បណ្តុះ​បណ្តាល​ផ្នែកអាជីវកម្ម និង​ភាព​ជា​អ្នក​ដឹកនាំ លើ​ប្រព័ន្ធអ៊ីនធឺណេត​ផ្សេងៗ​គ្នា សម្រាប់ជា​ប្រយោជន៍របស់ពួកគេ។ ប្រការនេះ បានជួយស្ត្រីជា​ច្រើនដែល​មិនអាច​ធ្វើដំណើរ​ក្នុងរយៈ​ពេលវែង ដើម្បី​សិក្សា​ពីមធ្យោបាយ​ផ្សេងៗ ដែល​ធ្វើឱ្យ​អាជីវកម្ម​របស់​ពួកគេ​មាន​ភាព​ប្រសើរឡើង។ មិនតែប៉ុណ្ណោះ មានតម្រូវការ​ជាច្រើនទៀត​ដែលត្រូវ​ធ្វើនៅ​លើផ្នែក​គុណភាព នៃ​ប្រព័ន្ធអ៊ីនធឺរណេត ក្នុងគោល​បំណង​ជួយ​ឱ្យស្ត្រី​ទទួលបាន​ព័ត៌មាន និងចំណេះ​ដឹង​ដែល​អាច​ជួយ​លើកកម្ពស់​សមធម៌​យេនឌ័រ។