សន្ទរកថាស្វាគមន៍របស់លោកស្រីសុខ ច័ន្ធឆវី ប្រធានកម្មវិធី និងតំណាង អង្គការអុកស្វាម
វេទិកាប្រចាំឆ្នាំថ្នាក់តំបន់រវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត ក្រោមប្រធានបទ ៖ «ដំណើរឆ្ពោះទៅរបបសន្តិសុខសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកល នៅកម្ពុជា»
ព្រះសីហនុ, ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣
សូមគោរព ឯកឧត្តម មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ
សូមគោរព លោក សៀង ពន្លក ប្រធាននាយកដ្ឋានបេឡាជាតិសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម
សូមគោរព លោក គីម ស៊ីថា ប្រធានការិយាល័យ មន្ទីរសុខាភិបាលខេត្តព្រះសីហនុ
សូមគោរព លោកស្រី អ៊ូ ទេពផល្លីន អនុប្រធានបណ្តាញគាំពារសង្គមសម្រាប់ទាំងអស់គ្នា
សូមគោរព អាត់ ធន ប្រធាន សហភាពកម្មករ កម្ពុជា
សូមគោរព លោក, លោកស្រី, ថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិតទាំងអស់ដែលមានវត្តមាននៅទីនេះ!
តាងនាមឱ្យអង្គការអុកស្វាម និងអង្គការដៃគូ នាងខ្ញុំមានកិត្តិយសយ៉ាងក្រៃលែង ដែលបានចូលរួម និងថ្លែងចំណាប់អារម្មណ៍ស្វាគមន៍ក្នុង វេទិកាប្រចាំឆ្នាំថ្នាក់តំបន់រវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត ក្រោមប្រធានបទ ៖ «ដំណើរឆ្ពោះទៅរបបសន្តិសុខសង្គមប្រកបដោយ បរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកល នៅកម្ពុជា» នៅខេត្តព្រះសីហនុនាថ្ងៃនេះ។
នាងខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះការផ្តល់កិត្តិយស និងសូមគោរពថ្លែងអំណរគុណសម្រាប់ការចំណាយពេលដ៏មមាញឹករបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងគ្នា ចូលរួមនៅក្នុងសិក្ខាសាលានាវេលានេះ។ នេះជាសក្ខីភាពមួយបង្ហាញពីសារៈសំខាន់នៃប្រធានបទ និងការយកចិត្តទុកដាក់គិតគូរលើប្រធានបទខាងលើរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងគ្នា។
កិច្ចគាំពារសង្គម គឺជាយុទ្ធសាស្រ្ត និងវិធានការណ៍ដ៏សំខាន់ ដែលចូលរួមចំណែកក្នុងការលូតលាស់កំណើនសេដ្ឋកិច្ច បង្កើនសុខមាលភាពនិងសាមគ្គីភាព បង្កើនធនធានមនុស្សប្រកបដោយគុណភាព និងសមភាពយេនឌ័រ ដោយទប់ស្កាត់ការធ្លាក់ចូលទៅក្នុងភាពក្រក្រីកម្រិតធ្ងន់ធ្ងរនិងគម្លាតនៅក្នុងសង្គម។
នាងខ្ញុំសូមធ្វើការកោតសរសើរ និងអបអរដល់រាជរដ្ឋាភិបាលដែលបានទទួលស្គាល់ និងធានាដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងមាត្រា៣៦ និង៧៥ ដែលផ្តល់សិទ្ធិពេញលេញឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបទទួលបានការគាំពារសង្គម សុវត្ថិភាព និងអត្ថប្រយោជន៍ផ្សេងទៀត តាមរយៈប្រព័ន្ធសន្តិសុខសង្គមសម្រាប់កម្មករ និងនិយោជិត។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានទទួលស្គាល់និងមានការប្តេជ្ញាខ្ពស់ដើម្បីឲ្យកិច្ចគាំពារសង្គម ប្រកបដោយបរិយាបន្ន មានលក្ខណៈជាសកល និងគ្រប់រង្វង់នៃវដ្តជីវិត ចាប់តាំងពីការមានកំណើតរហូតដល់ចាស់ជរា និងដល់ការបាត់បង់ជិវិត ដោយមិនទុកអ្នកណាម្នាក់ចោលឡើយ។ ពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិស្របច្បាប់ក្នុងការទទួលបាននូវកិច្ចគាំពារសង្គមគ្រប់គ្នា។
ពិតណាស់ បើទោះបីជាកម្ពុជាចាប់ផ្តើមអនុវត្តន៍គោលនយោបាយគាំពារសង្គម ក្រោយប្រទេសក្នុងតំបន់ក្តី ក៏ប៉ុន្តែកម្ពុជាបានបន្តបោះជំហានទៅមុខជាលំដាប់ និងបានខិតខំដាក់ឱ្យអនុវត្តន៍របបសន្តិសុខសង្គម និងជំនួយសង្គមជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ និងពង្រឹងប្រព័ន្ធ និងលទ្ធភាពរបស់ពលរដ្ឋ និងស្ថាប័នរដ្ឋក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់នានាដែលបណ្តាលពីគ្រោះធម្មជាតិ វិបត្តិសេដ្ឋកិច្ច និងជំងឺរាតត្បាតសកល ដូចជាវីរ៉ុសកូវីដ-១៩ ជាដើម។
រាជរដ្ឋាភិបាលកម្ពុជានិងស្ថាប័នពាក់ព័ន្ធនានាបានប្រឹងប្រែងរៀបចំ និងដាក់ឲ្យអនុវត្តនូវគោលនយោបាយ និងកម្មវិធីជាតិសំខាន់ៗជាច្រើន នាពេលថ្មីៗនេះ ជាពិសេសនៅក្នុងរដូវកាលកូវីដ១៩ រហូតដល់បច្ចុប្បន្ន ដែលក្នុងនោះមាន៖ កម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់គ្រួសារអ្នករងគ្រោះពីកូវីដ មាតានិងទារក, ប្រាក់ឧបត្ថម្ភមាតុភាព គ្រួសារអ្នករងគ្រោះពីអតិផរណា ការពង្រីកវិសាលភាពគ្របដណ្តប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម តាមរយះកម្មវិធីសាកល្បងការទទួលបានការថែទាំសុខភាពដល់បុគ្កលស្វ័យនិយោជន៏, និងសេវាកម្សាន្តទេសចរណ៏ នៃសេដ្ឋកិច្ចក្រៅប្រព័ន្វ, កម្មវិធីសោធន៏សម្រាប់កម្មករ ជាដើម ។ល។
ជាពិសេសទៅទៀត យើងទាំងអស់គ្នាបានឃើញរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បន្ថែមទៅលើការលើកកម្ពស់សមភាពយេនឌ័រ ហើយបើតាមរយៈរបាយការណ៍របស់ក្រុមប្រឹក្សាជាតិ គាំពារសង្គម (២០២២) បានបញ្ជាក់ថា ៖ «កម្មការិនីប្រមាណជា ៣០០,០០០ នាក់ ដែលធ្វើការនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដែលបានសម្រាលកូនក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនបន្ថែមទៀតពីកម្មវិធីទាំងអស់នេះ »។
បន្ថែមលើនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ក៏បានសម្រេចដាក់ចេញនូវ«យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដែលជាកម្មវិធីនយោបាយរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣-២០២៨ ដែលក្នុងចំណោមបាវចនាទាំង៥ មនុស្សគឺជាកត្តាដ៏សំខាន់មួយ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ហើយប្រព័ន្ធគាំពារសង្គមត្រូវបានចាត់ទុកថាជាសសរស្តម្ភចម្បងមួយដើម្បីសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ទាំងនេះសរបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជាបាន និងកំពុងបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅរកការកសាងភាពធន់ សមភាពយេនឌ័រ និងបរិយាបន្ននៅក្នុងប្រព័ន្ធគាំពារសង្គម។
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ដែលមានវត្តមាននៅទីនេះជាទីគោរពរាប់អាន!
ការវិនិយោគលើគោលនយោបាយគាំពារសង្គម និងវិស័យសាធារណៈ និងការវិនិយោគក្នុងការជំរុញស្តារឡើងវិញនូវខឿនសេដ្ឋកិច្ច គឺមានសារសំខាន់ដូចគ្នា។ ក្នុងស្ថានភាពដូចកម្ពុជាបច្ចុប្បន្ន និងក្នុង បរិបទវីរ៉ុសកូវីដ-១៩ គោលនយោបាយគាំពារសង្គម នឹងបន្តដើរតួរយ៉ាងសំខាន់ និងជាកម្លាំងចលករ ចូលរួមចំណែកជំរុញការរីកចម្រើន និងលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា កាត់បន្ថយភាពក្រីក្រ ស្របទៅតាម យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ហើយយន្តការគណនេយ្យភាពសង្គម នឹងដើរតួរនាទីយ៉ាងសំខាន់ក្នុងការធានាប្រសិទ្ធភាព និងតម្លាភាពនៃការវិនិយោគនេះ។
ខៈណៈដែលគោលនយោបាយ និងកម្មវិធីគាំពារសង្គមនៅកម្ពុជា បាននឹងកំពុងបោះជំហានទៅមុខយ៉ាងរលូននោះ យើងសង្កេតឃើញថានៅមានការងារ និងការប្រឈមមួយចំនួន ដែលទាមទារឱ្យមានការសហការគ្នាដោះស្រាយ ដើម្បីឈានទៅការពង្រីកវិសាលភាព និងចីរភាពនៃគោលនយោបាយគាំពារ សង្គម។ ជាក់ស្តែង តាមការស្រាវជ្រាវរបស់អង្គការ ILO បានបញ្ជាក់ឲ្យឃើញថា របបសន្ដិសុខសង្គម នាពេលបច្ចុប្បន្ននេះគ្រប់ដណ្តប់បានតែប្រមាណ២០% នៃនិយោជិតក្នុងប្រព័ន្ធ ហើយដែលនេះមានចំនួនតិចនៅឡើយ។ នៅក្នុងចំណោមកម្មករ ចំនួន៧,៣លាននាក់ (ដែលមិនរាប់បញ្ចូលមន្ត្រីរាជការ) មានតែ១.១លាននាក់ (ស្មើនឹង១៥%) ដែលធ្វើការក្នុងវិស័យផ្លូវការ ខណៈដែលមានដល់ទៅជាង៦.១ លាននាក់ (៨៤%) ធ្វើការក្នុងវិស័យក្រៅផ្លូវការ។ ទន្ទឹមនឹងនេះ នៅក្នុង«យុទ្ធសាស្ត្របញ្ចកោណ» ក៏បានលើកឡើងពីការគ្របដណ្តប់ និងគុណភាពផ្នែកសុខាភិបាលផងដែរ ហើយដែលនេះជាអាទិភាពមួយដែលត្រូវដោះស្រាយ។
ដើម្បីដោះស្រាយការងារជាអាទិភាពទាំងនេះ តម្រូវឲ្យមានការចូលរួមសហការគ្នាយ៉ាងជិតស្និទពីគ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល សហជីព ថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត។ កអាទិភាពទាំងនោះរួមមាន៖ យន្តការជំរុញ និងតាមដានការចុះបញ្ជី, ការពង្រីកការទទួលបានប័ណ្ណ សមាជិក ប.ស.ស. ប្រព័ន្ធគាំពារសង្គមឌីជីថល, ការផ្តល់កិច្ចគាំពារផ្នែកមាតុភាពពេញលេញ ការពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ ការពង្រីកយន្តការគណនេយ្យភាពសង្គម និងយន្តការផ្តល់យោបល់ ការពិនិត្យលទ្ធភាពនិងការបង្កើនការវិនិយោគដើម្បីជួយដល់អ្នកដែលត្រូវការគាំទ្រជាពិសេស ជាដើម ។ល-។
អង្គការអុកស្វាម និងអង្គការដៃគូ និងសង្គមស៊ីវិល នឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាល តាមរយៈ ក្រុមប្រឹក្សាជាតិគាំពារសង្គម, បេឡាជាតិរបបសន្តិសុខសង្គម, រដ្ឋបាលថ្នាក់ក្រោមជាតិ និងស្ថាប័នពាក់ព័ន្ធ ក្រោមទម្រង់ជាការងារបច្ចេកទេស កិច្ចការស្រាវជ្រាវ កិច្ចសន្ទនាគោលនយោបាយ និងកិច្ចសហការផ្សេងៗទៀត ដើម្បីពង្រឹងប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកល នៅកម្ពុជា។
ចុងបញ្ចប់ នាងខ្ញុំសូមគោរពថ្លែងអំណរគុណដល់ការចូលរួមរបស់អ្នកទាំងអស់គ្នា នៅក្នុងកម្មវិធីនេះ និងការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នាក្នុងការលើកកម្ពស់ ពង្រឹងប្រព័ន្ធគាំពារសង្គម ប្រកប ដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកល នៅកម្ពុជា។ នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោកជំទាវ ឯកឧត្តម លោក លោកស្រី អ្នកនាងកញ្ញា នឹងចូលរួមពិភាក្សា ផ្តល់នូវយោបល់ និងអនុសាសន៍យ៉ាងផុសផុលនៅក្នុងសិក្ឋាសាលានាថ្ងៃនេះ។
នាងខ្ញុំក៏សូមថ្លែងអំណរគុណផងដែរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រុមប្រឹក្សាជាតិគាំពារសង្គម, បេឡាជាតិសន្តិសុខសង្គម រដ្ឋបាលថ្នាក់ខេត្ត ថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត និងដល់អង្គការសង្គមស៊ីវិលដែលតែងតែផ្តល់កិច្ចសហការ និងជួយជ្រោមជ្រែងលើកកម្ពស់កិច្ចសន្ទនា ការផ្សព្វផ្សាយ និងតស៊ូមតិនានាដើម្បីការសម្រេចបាននូវប្រព័ន្ធគាំពារសង្គមជាសកលនៅកម្ពុជា។ ច្បាស់ណាស់នេះជាវិថីដ៏វែងឆ្ងាយនិងលំបាក ប៉ុន្តែនាងខ្ញុំមានសុទិដ្ឋិនិយមថា កម្ពុជានឹងអាចធ្វើបានដូចប្រទេសជឿនលឿនដទៃទៀតដែរ។ ហើយបេសកកម្មនេះ គឺទាមទារឱ្យមានការចូលរួមពីយើងទាំងអស់គ្នា៕
សូមអរគុណ!