លោកស្រី ស្រីមាស បានបោះបង់ចោលការសិក្សាត្រឹមថ្នាក់ទី៣ ដោយសារតែជីវភាពទីទ័លក្រ និងត្រូវទទួលបន្ទុករ៉ាប់រងគ្រួសារ។ មុនពេលមករស់នៅខេត្តកោះកុង ក្នុងឆ្នាំ២០១៦ លោកស្រីបានធ្វើការងារជាកម្មករនៅកសិដ្ឋានស្ករអំពៅមួយកន្លែងក្នុងខេត្តកំពង់ឆ្នាំង ជាកន្លែងដែលលោកស្រីបានជួបជាមួយប្តីរបស់គាត់ ហើយក្រោយមក អ្នកទាំងពីរបានផ្លាស់មករស់នៅខេត្តកោះកុង បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច។
យើងបានអង្គុយជាមួយស្រីមាស និងគ្រួសារដ៏មានសុភមង្គល នៅក្នុងផ្ទះឈើចាស់ ប៉ុន្តែពោរពេញដោយភាពកក់ក្តៅ។ ថ្ងៃដែលយើងសម្ភាសន៍ ស្រីមាស គឺគាត់កំពុងសម្រាកលម្ហែមាតុភាព និងនៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះដល់ពេលសម្រាលហើយ។ ពេលក្រុមការងារយើងសួរថាតើលោកស្រីត្រៀមខ្លួនសម្រាលឬនៅ លោកស្រីបានឆ្លើយទាំងញញឹមពព្រាយថា៖ «ចាស៎! ត្រៀមហើយ»។
ជាមួយទឹកមុខប្រកបដោយស្នាមញញឹម លោកស្រីបានរៀបរាប់ថា៖ “ខ្ញុំបានត្រៀមខ្លួនរួចហើយ និងមានការព្រួយបារម្ភតិចជាងមុន បើធៀបនឹងពេលដែលខ្ញុំសម្រាលកូនដំបូង។ កាលពីមុន គ្រួសារខ្ញុំគិតច្រើន បារម្ភខ្លាំងណាស់ ដោយសារតែពុំមានប្រាក់គ្រប់គ្រាន់។ យើងត្រូវខ្ចីបុលគេ ដើម្បីសម្រាលកូន។ យើងពិតជាព្រួយបារម្ភច្រើនកាលនោះ”។
“ឥឡូវនេះ ខ្ញុំមានប័ណ្ណសមាជិក ប.ស.ស. បន្ទាប់ពីបានធ្វើការនៅរោងចក្រមួយកន្លែងក្នុងខេត្តកោះកុងនេះ។ ប័ណ្ណនេះ [បសស] នឹងជួយរ៉ាប់រងការចំណាយលើការសម្រាលកូន។ ខ្ញុំក៏នឹងទទួលបានប្រាក់ឧបត្ថម្ភ ១០០ ដុល្លារ ផងដែរ ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។”
លោកស្រីក៏បានពន្យល់ប្រាប់យើងអំពីដំណើរការទូទាត់ប្រាក់ និងឯកសារចាំបាច់ផ្សេងទៀត។ ស្រីមាស យល់ច្បាស់អំពីការធានារ៉ាប់រង និងអត្ថប្រយោជន៍របស់របបសន្តិសុខសង្គម។ ពេលយើងសួរគាត់ថាតើបានដឹងរឿងទាំងនេះដោយរបៀបណា ស្រីមាសបានឆ្លើយថា គាត់បានចូលរួមវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ដែលរៀបចំឡើងដោយភ្នាក់ងារបេឡាជាតិ និងតំណាងសហជីព ហើយលោកស្រីក៏ដឹងតាមរយៈការនិយាយតគ្នាពីមាត់មួយទៅមាត់មួយក្នុងចំណោមអ្នកធ្វើការជាមួយគ្នា និងបទពិសោធន៍ពីការសម្រាលកូនទីពីររបស់គាត់។
រឿងរ៉ាវរបស់ស្រីមាស និងឥទ្ធិពលវិជ្ជមាននៃរបបសន្តិសុខសង្គម បញ្ជាក់អំពីតម្រូវការបន្ទាន់ និងសារៈសំខាន់នៃការគាំពារសង្គមប្រកបដោយបរិយាប័ន្ន សម្រាប់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី និងអ្នកម្តាយ។ អ្វីដែលស្រីមាស និងស្ត្រីដទៃទៀតបានចែករំលែកពីការទទួលបានអត្ថប្រយោជន៍ពីរបបសង្គមនេះ គឺកើតចេញពីឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធានាបាននូវការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ ប្រការនេះមិនអាចទៅរួមទេប្រសិនជាមិនមានក្របខ័ណ្ឌគោលនយោបាយគាំទ្រ ដូចជាក្របខ័ណ្ឌគោលនយោបាយគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ស្ថាប័នទទួលបន្ទុក ដូចជាក្រុមប្រឹក្សាជាតិគាំពារសង្គម និងការវិនិយោគសាធារណៈ។
ទោះបីកម្ពុជាយើងមានភាពថ្មីស្រឡាងក្នុងវិស័យគាំពារសង្គមក៏ដោយ វឌ្ឍនភាពដែលសម្រេចបានកន្លងមក គឺពិតជាគួរឱ្យកោតសរសើរ ។ បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គមគ្របដណ្តប់លើកម្មករ-និយោជិតចំនួន ១,៤ លាននាក់ លើ ៤,១ លាននាក់។ ក្នុងរយៈពេល ២៨ ខែកន្លងមកនេះ ថវិកាចំនួន ៨៣៧,០៥ លានដុល្លារ ត្រូវបានវិភាជទៅឱ្យគោលនយោបាយជំនួយសង្គមដូចជា៖ កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការផ្ទេរសាច់ប្រាក់ដែលគ្របដណ្តប់លើគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ៧០៦.០៦០ គ្រួសារ នៅទូទាំងប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាក៏បានចំណាយថវិកាសរុបចំនួន ២០,០៧ លានដុល្លារ ចន្លោះពីខែមិថុនា ឆ្នាំ២០១៩ ដល់ខែតុលា ឆ្នាំ២០២២ ដើម្បីឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះចំនួន ១៨១.៥៤២ នាក់ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន ១០៦.៨២០ នាក់។
កម្ពុជាក៏បានបើកសករាជថ្មី នៅក្នុងប្រព័ន្ធគាំពារសង្គមរបស់ខ្លួនផងដែរ តាមរយៈការអនុវត្តរបបប្រាក់សោធន នៅឆ្នាំ២០២២ សម្រាប់និយោជិតវិស័យឯកជន ដែលកន្លងមកមានសម្រាប់តែមន្ត្រីរាជការ។ បន្ថែមលើនេះទៀត រដ្ឋាភិបាលក៏សន្យាផងដែរថានឹងផ្តល់តាវកាលិកសន្តិសុខសង្គមដល់ស្ត្រីរកស៊ីផ្លូវភេទនៅ ឆ្នាំ២០២៣។
ស្រីមាស មានសំណាងជាងគេ ពីព្រោះលោកស្រីទទួលបានការធានារ៉ាប់រងដោយរបបសន្តិសុខសង្គម ប៉ុន្តែ ស្ត្រី និងអ្នកម្តាយរាប់ម៉ឺននាក់ទៀត នៅមិនទាន់ត្រូវបានដាក់បញ្ចូល និងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមនៅឡើយទេ។ពួកគេទាំងនោះរួមមានអ្នកលក់ដូរតាមផ្លូវ ដែលភាគច្រើនជាស្ត្រី និងអ្នកម្តាយ កសិករខ្នាតតូច ដែលបានចូលរួមចំណែកតាំងពីយូរណាស់មកហើយដើម្បីធានាសន្តិសុខស្បៀង ហើយលើសពីនេះទៅទៀតគឺយុវជន និងនិស្សិតដល់វ័យធ្វើការ ។ នេះនៅមិនទាន់គិតដល់ប្រជាជនជាច្រើនក្រុមផ្សេងទៀតផង។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានចក្ខុវិស័យវែងឆ្ងាយ តាមរយៈប្រសាសន៍លោកលើកឡើងថ្មីៗនេះថា៖ “[គោលនយោបាយគាំពារសង្គម] មិនប៉ះពាល់ដល់សេដ្ឋកិច្ចទេ ប៉ុន្តែនឹងលើកកម្ពស់សុខភាព និងការអភិវឌ្ឍកម្លាំងពលកម្មរបស់ព្រះរាជាណាចក្រកម្ពុជា”។ ការវិនិយោគលើគាំពារសង្គម គឺជាគោលនយោបាយឈ្នះ-ឈ្នះ។
ទោះបីជាវាហាក់បីដូចជាប្រញាប់ប្រញាល់ពេកក្នុងការពង្រីកការគ្របដណ្តប់ និងការវិនិយោគបន្ថែមលើគោលនយោបាយគាំពារសង្គម ដែលជាការប្រថុយលើសទំហំសារពើពន្ធក៏ដោយ ប៉ុន្តែបទពិសោធន៍ និងជោគជ័យនៅប្រតទសដ៏ទៃអាចជាក្តាលើកទឹកចិត្តឱ្យកម្ពុជាចាប់យកឱកាសនេះឱ្យឆាប់បំផុត។ ការសិក្សាអំពីការវិនិយោគលើគោលនយោបាយគាំពារសង្គមនៅប្រទេសជប៉ុន ម៉ុងហ្គោលី សាធារណរដ្ឋកូរ៉េ និងថៃ បានរកឃើញពីផលប៉ះពាល់ជាវិជ្ជមានទៅលើទំហំនៃផលិតផលក្នុងស្រុកសរុប។ នៅជប៉ុន ប្រាក់មួយដុល្លារបន្ថែមដែលចំណាយលើគាំពារសង្គមធ្វើឱ្យមានកំណើនផលិតផលក្នុងស្រុកសរុបចំនួន ១,៧ ដុល្លារ ក្នុងរយៈពេលពីរឆ្នាំកន្លះក្រោយមក។ កូរ៉េខាងត្បូងមានផលគុណខ្ពស់បំផុត ដោយកើនឡើង ៣ ដុល្លារ នៅ ១០ ត្រីមាសក្រោយមក។ នៅម៉ុងហ្គោលី ផលគុណ គឺ ១,៥ ដុល្លារ នៅ ៨ ត្រីមាសក្រោយមក។ ទាំងនេះ គឺជាលទ្ធផលនៃលទ្ធភាពចំណាយក្នុងគ្រួសារនិមួយៗ និងការវិនិយោគឯកជន ដោយសារតែការវិនិយោគលើគោលនយោបាយគាំពារសង្គម។
នៅកម្ពុជា ការវាយតម្លៃផលប៉ះពាល់រួមរបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានរកឃើញថា «គ្រាន់តែកម្មវិធីផ្ទេរសាច់ប្រាក់របស់កម្ពុជាតែមួយផ្នែកប៉ុណ្ណោះ គឺបានរួមចំណែកបង្កើនផលិតផលក្នុងស្រុកសរុបចំនួន ០,៤៥%, កាត់បន្ថយភាពក្រីក្របាន ៣,៤% និងអត្រាគ្មានការងារធ្វើ ០,៦២% នៅឆ្នាំ២០២១»។ ឥឡូវនេះ ក្រុមប្រឹក្សាជាតិគាំពារសង្គម បាននឹងកំពុងប្រឹក្សា និងប្រមូលធាតុចូលដើម្បីរៀបចំ “ក្របខ័ណ្ឌគាំពារសង្គមជាតិ ឆ្នាំ២០២៣”។
អង្គការអុកស្វាម និងអង្គការដៃគូ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីពាំនាំយកសំឡេងពីសហគមន៍ ទៅចូលរួមជាធាតុចូលក្នុងកិច្ចពិភាក្សា និងការតាក់តែងគោលនយោបាយនេះ។
ការកសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន មានសារៈសំខាន់ណាស់ សម្រាប់មនុស្សជំនាន់ក្រោយ និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់ប្រជាជាតិយើង។ ដូចអ្នកទាំងអស់គ្នាដែរ គឺខ្ញុំមានសុទិដ្ឋិនិយមថាកម្ពុជាអាចធ្វើបាន ហើយវាចាប់ផ្តើមពីពេលនេះតែម្តង៕
The original op-ed was published on the Phnom Penh Post on 29 May 2023 and the Post Khmer on 1 June 2023.