មតិស្វាគមន៍របស់នាយិកាអង្គការអុកស្វាមនៅកម្ពុជា
ពិធីចុះអនុសារណៈនៃការយោគយល់គ្នារវាងអង្គការអុកស្វាមនៅកម្ពុជា និងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម
សៀមរាប ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣
- សូមគោរព លោក ជឿង ម៉ិញជុង អគ្គនាយករង សម័្ពន្ធឧស្សាហកម្មកៅស៊ូវៀតណាម
- សូមគោរព លោក ហ៊ិញ តាន់សៀវ ប្រធានគណៈកម្មាការបច្ចេកទេស និងបរិស្ថាន (ឧស្សាហកម្ម) និងសហការី
- សូមគោរព លោកអគ្គនាយក អគ្គនាយករង ក្រុមហ៊ុនបុត្រសម័្ពន្ធប្រចាំកម្ពុជា និងសហការីទាំងអស់ដែលមានវត្តមានចូលរួមសិក្ខាសាលានាព្រឹកនេះ
ថ្ងៃនេះ យើងបានជួបជុំគ្នាម្តងទៀត បន្ទាប់ពីអាក់ខានរយៈពេលជិតមួយឆ្នាំ ដោយការរៀបចំគម្រោងថ្មីជាមួយអ្នកឧបត្ថម្ភត្រូវការពេលវេលាច្រើនជាងផែនការដែលបានគ្រងទុក។ តែពេលនេះ យើងបានត្រឡប់មកជួបគ្នាជាមួយនឹងផែនការជាក់លាក់សំរាប់រយៈពេល ជាង២ឆ្នាំទៅមុខទៀត គឺចាប់ពីពេលនេះរហូតដល់ខែ ធ្នូ ឆ្នាំ ២០២៥។ កម្មវិធីថ្ងៃនេះ គឺយើងបានច្របាច់បញ្ចូលគ្នា នូវការចុះអនុសារណៈយោគយល់គ្នារវាង អង្គការអុកស្វាមប្រចាំកម្ពុជា និង សម័្ពន្ធឧស្សាហកម្មកៅស៊ូវៀតណាម ដើម្បីចាប់ផ្តើមគម្រោងសហការគ្នាជាថ្មី ចាប់ផ្តើមកិច្ចពិភាក្សាលើការរៀបចំត្រួតពិនិត្យពីវឌ្ឍនៈភាព និងធ្វើបច្ចុប្បន្នភាពផែនការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពរបស់សម័្ពន្ធ ដែលជាផែនការស្នូលដើម្បីចង្អុលបង្ហាញ និងតំរង់ទិសសំរាប់ការវិនិយោគ ដែលប្រកបដោយនិរន្តភាព និងការទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងបរិស្ថាន។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសសើរ ការបេ្តជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់សម្ព័ន្ធ ដែលបានយកចិត្តទុកដាក់ និងមានឆន្ទៈខ្ពស់ ក្នុងការធ្វើអោយប្រសើរឡើងនូវគម្រោងវិនិយោគទាំងអស់របស់សហគ្រាស ដែលធានាអោយមានការផ្សារភ្ជាប់រវាងតម្លៃ ទំនួលខុសត្រូវសង្គមងបរិស្ថាន និងសេដ្ឋកិច្ច ដែលជាសសរស្តម្ភមិនអាចខ្វះបាន និងជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន និងវិនិយោគប្រកបដោយការទទួលខុសត្រូវ។ ហើយខ្ញុំក៏សូមគាំទ្រ និងស្វាមគមន៍ដល់ការដឹកនាំដែលប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់សម្ព័ន្ធ ក្នុងការធ្វើបច្ចុប្បន្នភាព និងដាក់ចេញនូវការ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយចិរភាព ដែលមានការចូលរួមផ្តល់យោបល់ និងប្រមូលធាតុចូលពីគ្រប់គាភីពាក់ព័ន្ធជាពិសេស អង្គការសង្គមស៊ីវិល ដែលជាអ្នកធ្វើការយ៉ាងជិតស្និទ្ធ ជាមួយប្រជាជន បរិស្ថាន និងសង្គម ដែលបានដឹង និងយល់ច្បាស់ពីអ្វីដែលបានកើតឡើងជាក់ស្តែង។
កាលពីចាប់ផ្តើមកិច្ចសហការគ្នាជាលើកដំបូង អុកស្វាមនៅមានមន្ទិលអំពីថាតើ យើងអាចបោះជំហានជាមួយគ្នាបានរយៈពេលវែងប៉ុណ្ណា សំរេចលទ្ធផលជាផ្លែផ្កាបានប៉ុណ្ណា និងតើការប្តេជ្ញាចិត្តមានកំរិតណាជាដើម?
តាមរយៈលទ្ធផលរបស់កិច្ចសហកាមួយរយៈពេលកន្លងមក ខ្ញុំបានឃើញលទ្ធផលវិជ្ជមានជាផ្លែផ្កា ជាហូហែរ ហើយថ្នាក់ដឹកនាំជាន់ខ្ពស់របស់សម្ព័ន្ធតែងផ្តល់ការគាំទ្រ លើរាល់សកម្មភាពដែលអុកស្វាមបានស្នើរឡើង ជាពិសេសលើការពិនិត្យអំពីការអនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍនប្រកបដោយនិរន្តភាពឆ្នាំ ២០១៩-២០២៤ និងធ្វើបច្ចុប្បន្នភាពសំរាប់ឆ្នាំ ២០២៥-២០៣០ ដែលជាផែនការវិនិយោគស្នូលមួយរបស់សម័្ពន្ធ។ ផែនការយុទ្ធសាស្រ្តនេះ នឹងក្លាយជាឧបករណ៍បង្ហាញផ្លូវដល់ក្រុមហ៊ុនសមាជិករបស់សម្ព័ន្ធទាំងអស់ ទាំងនៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម ដើម្បីបានអនុវត្តតាម និងប្រើប្រាស់ជាឧបករណ៍តាមដាន និងវាស់វែងអំពីវឌ្ឍនៈភាពរបស់ការវិនិយោគរបស់ខ្លួន។ ដើម្បីអោយផែនការយុទ្ធសាស្រ្តនេះមានប្រសិទ្ធភាពក្នុងការអនុវត្ត ក្រុមហ៊ុនសមាជិកត្រូវចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់ព័ត៌មានជាក់លាក់ សំរាប់ការពិនិត្យឡើងវិញ ក៏ដូចជាសំរាប់ធ្វើបច្ចុប្បន្នភាពរបស់ផែនការ ហើយក្រុមហ៊ុនសមាជិកមានតួនាទី រៀបចំ និងអនុវត្តផែនការ ប្រកបដោយប្រសិទិ្ធភាព តម្លាភាព និងការចូលរួមពីភាគីពាក់ព័ន្ធនៅមូលដ្ឋាន។
បន្ទាប់ពីផែនការយុទ្ធសាស្រ្ត អភិវឌ្ឍនប្រកបដោយនិរន្តភាពឆ្នាំ ២០២៥-២០៣០ បានអនុម័តរួច អុកស្វាមសង្ឃឹមថា នឹងមានការរៀបចំផែនការតាមដានវាយតំលៃ ការអនុវត្តរបស់សមាជិកទាំងអស់ ឬក៏ដាក់បញ្ចូលជាផ្នែកមួយនៃការចុះធ្វើសវនកម្មទៀតទាត់របស់សម័្ពន្ធ ទៅកាន់ក្រុមហ៊ុនសមាជិក ដើម្បីពិនិត្យ និងធ្វើការកែតម្រូវទាន់ពេល ផ្អែកតាមស្ថានភាពជាក់ស្តែងនៃការអនុវត្តនៅមូលដ្ឋាន ប្រសិនបើចាំបាច់។ អុកស្វាមនឹងបន្តគាំទ្រការរៀបចំផែនការតាមដាន និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្រ្តនេះ ប្រសិនបើសម្ព័ន្ធត្រូវការវត្តមានរបស់ពួកយើង។
ក្រៅពីចូលរួមធ្វើផែនការយុទ្ធសាស្រ្ត អភិវឌ្ឍនប្រកបដោយនិរន្តភាព អុកស្វាមក៏នឹងបន្តផ្តល់ការគាំទ្រល់ការពង្រឹងសម្ថតភាពរបស់បុគ្គលិកក្រុមហ៊ុនសមាជិកក្នុងប្រទេសកម្ពុជា លើការងារធ្វើការជាមួយសហគមន៍ កម្មករ និយោជក់ ក្នុងមូលដ្ឋាន និងការយល់ដឹងអំពីការបញ្ច្រៀបយេនឌ័រនៅក្នុងគម្រោងវិនិយោគផងដែរ។ អង្គការអុកស្វាមជឿជាក់ថា បន្ទាប់ពីបុគ្គលិកមានចំណេះដឹងគ្រប់គ្រាន់ ការអនុវត្តការងារជាមួយសហគមន៍នឹងកាន់តែមានភាពប្រសើរឡើង និងមានប្រសិទិ្ធភាពខ្ពស់។ ម្យ៉ាងទៀត ការអនុវត្តការងារបានត្រឹមត្រូវ មានផែនការតាមដាន វាយតម្លៃច្បាស់លាស់ មានរបាយការ៍គ្រប់គ្រាន់ ក៏ជាគុណតម្លៃរបស់ក្រុមហ៊ុន សម្រាប់ប្រើប្រាស់ក្នុងការដាក់ពាក្យស្នើរសុំវិញ្ញាបណប័ត្រផ្សេងៗពីស្ថាប័នជាតិ និងអន្តរជាតិនានា ក្នុងពេលអនាគត។
ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំរបស់អង្គការអុកស្វាម នាងខ្ញុំសូមស្វាគមន៍ និងលើកទឹកចិត្តអោយមានការផ្តល់នូវមតិយោបល់កែលម្អណាមួយ ប្រសិនបើមានលើកិច្ចសហការនេះ ពីសំណាក់ថ្នាក់ដឹកនាំរបស់សម័្ពន្ធ និងក្រុមហ៊ុនសមាជិកទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់អុកស្វាម បុគ្គលិកទទួលបន្ទុក និងទីប្រឹក្សាបច្ចេកទេសរបស់យើងអោយកាន់តែមានភាពរីកចម្រើន និងប្រកបដោយក្រមសីលធម៍ វិជ្ជាជីវៈខ្ពស់។ នាងខ្ញុំសូមអរគុណសំរាប់ការចំណាយពេលវេលាដ៏មានតំលៃ ចូលរួមកម្មវិធីថ្ងៃនេះ ដែលញាំងអោយមានភាពអធិកអធម គួរជាទីមោទនៈ។
សូមអរគុណ!