សុន្ទរកថា លោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី
ក្នុងពិធីបើក វេទិកាថ្នាក់ជាតិស្តីពី «ការលើកកម្ពស់សហគ្រិនភាពរបស់ស្រ្តីនៅតំបន់អាស៊ានតាមរយៈគោលនយោបាយគាំពារគ្រួសារ និងគាំពារសង្គម»
ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ
លោកជំទាវ ឯកឧត្តម សមាជិករាជរដ្ឋាភិបាល និងតំណាងពីគ្រប់ក្រសួង-ស្ថាប័ននៃកម្ពុជា
លោកជំទាវ Lenny N. Rosalin, អនុរដ្ឋមន្រ្តី សមភាពយេនឌ័រនៃក្រសួងផ្តល់ភាពអង់ អាចដល់ស្រ្តី និងកិច្ចការពារកុមារនៃប្រទេសឥណ្ឌូនេស៊ី និងជាប្រធានគណៈកម្មាធិការអា ស៊ានដើម្បីស្រ្តី (ACW Chair)
Ms. Jacel Javier Paguio, មន្រ្តីជាន់ខ្ពស់ នៃផ្នែកយេនឌ័រនិងកាត់បន្ថយភាពក្រីក្រ នៃលេខាធិការដ្ឋានអាស៊ាន
លោកស្រី ភាណ សោភ័ណ នាយិកា អង្គការ Oxfam ប្រចាំនៅកម្ពុជា
តំណាង CamWEN និងសហគ្រិនស្រ្តីនៅកម្ពុជា
លោកស្រី តំណាង UNESCAP
លោកជំទាវ ឯកឧត្តម ឯកអគ្គរាជទូត និងរដ្ឋទូតប្រចាំកម្ពុជា
លោកជំទាវ ឯកឧត្តម ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត និងឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត
លោកជំទាវសមាជិក ក្រុមប្រឹក្សារាជធានី/ខេត្ត និងលោកស្រីអភិបាលរងរាជធានី/ខេត្ត
លោកជំទាវ ឯកឧត្តម លោកស្រី អស់លោក អ្នកនាងកញ្ញា ភ្ញៀវជាតិ និងអន្តរជាតិ ដែល ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូអនឡាញទាំងអស់ជាទីរាប់អាន
ថ្ងៃនេះ ក្រសួងកិច្ចការនារីពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំវេទិកា ថ្នាក់ជាតិ ស្តីពី«ការលើកកម្ពស់សហគ្រិនភាពស្រ្តីនៅអាស៊ាន តាមរយៈគោលនយោបាយគាំពារ គ្រួសារ និងគាំពារសង្គម» នាឱកាសនេះ ក្នុងកិច្ចសហការជាមួយអង្គការអុកស្វាមកម្ពុជា (Oxfam Cambodia) និងដោយមានការចូលរួមជាកិត្តិយសពីសំណាក់លោកជំទាវ ឯកឧត្តម តំណាង មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន តំណាងមកពីរាជរដ្ឋាភិបាល អង្គទូត ប្រធានក្រុមប្រឹក្សា និងអភិបាល អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត តំណាងសហគ្រិនស្រ្តីកម្ពុជា វិស័យ ឯកជន ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ដែលមានវត្តមាននៅទីនេះ និងតាមប្រព័ន្ធ វីដេអូអនឡាញ សរុបចំនួនប្រមាណជាង៧០០នាក់។
ព្រឹត្តិការណ៍ថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការចូលរួម គាំទ្រពីដៃគូពាក់ព័ន្ធនៅកម្ពុជា និងអាស៊ាន អំពីវិធានការគោលនយោបាយ និងកម្មវិធីពាក់ព័ន្ធនឹងការងារថែទាំគ្មានប្រាក់កម្រៃ និងគោលនយោបាយគាំពារសង្គម សម្រាប់ការគាំទ្រដល់សហគ្រិនភាពស្រ្តី ព្រមទាំងប្រមូលនូវធាតុចូលបន្ថែមទៀត ដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការរៀបចំវិធានការគោលនយោបាយគាំពារគ្រួសារ និងគាំពារសង្គម សម្រាប់គាំទ្រដល់ស្រ្តី និងសហគ្រិនស្រ្តី នៅកម្ពុជានាពេលអនាគតផងដែរ។
វេទិកាជាតិនាពេលនេះ នឹងឆ្លុះបញ្ចាំងអំពីអាទិភាពសំខាន់ៗ ចំនួន២ គឺសហគ្រិនភាពស្រ្តី និងកិច្ចគាំពារសង្គម ដែលប្រធានបទទាំងពីរនេះ បាន និងកំពុងក្លាយជាប្រធានបទអាទិភាព និងចាំបាច់ជាសកល ក្នុងតំបន់ ក៏ដូចជានៅកម្ពុជា នៅក្នុងក្របខណ្ឌស្តារសេដ្ឋកិច្ច-សង្គម ពីវិបត្តិកូវីដ-១៩ និងក្នុងរបៀបវារៈនៃការរស់នៅតាមបែបគន្លងថ្មី ។
នៅក្នុងបណ្តាប្រទេសអាស៊ាន សហគ្រិនភាពគឺជាប្រភពដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច និងជាស្នូលនៃសេដ្ឋកិច្ចជាតិ ។ នៅទូទាំងតំបន់, សហគ្រាសធុនតូចនិងមធ្យម (SME) បានរួមចំណែកដ៏ធំដល់ផលិតផលក្នុងស្រុកសរុប(GDP) និងជាប្រភពសំខាន់មួយក្នុងការបង្កើតការងារ ហើយក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងកែលម្អសុខុមាលភាពគ្រួសារ នាពេលបច្ចុប្បន្ននេះ។
នៅកម្ពុជា SME ដែលមានប្រមាណ៩៨% នៃធុរកិច្ចទាំងអស់ បានចូលរួមដល់សេដ្ឋកិច្ចជាតិ ប្រមាណ ៥៨% ព្រមទាំងបានផ្តល់ការងារប្រមាណ ៧៣% នៃការងារទាំងអស់។ ស្រ្តីមានប្រមាណ ៦១% ដែលជាម្ចាស់ និងដឹកនាំសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME)។
ទោះយ៉ាងណាក៏ដោយ ដូចដែលយើងទាំងអស់គ្នាបានដឹងរួចមកហើយ - សហគ្រិននិងអាជីវករស្ត្រីនៅតែប្រឈមជួបឧបសគ្គច្រើន ក្នុងការទទួលបាន និងការគ្រប់គ្រងលើធនធាន រួមទាំងសមត្ថភាពផលិតភាព និងការលំបាកនៅគ្រប់ដំណាក់កាលនៃការទទួលបានឱកាសសម្រាប់ការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ជាពិសេសតាមតំបន់ទីជនបទ។ មួយវិញទៀត សហគ្រិន និងអាជីវករជាស្ត្រីភាគច្រើននៅតែដំណើរការ និងចាប់ផ្តើមអាជីវកម្មនៅកម្រិតមីក្រូ និងមិនទាន់ផ្លូវការ។
បន្ថែមលើនេះ, វិបត្តិកូវីដ-១៩ បានធ្វើឱ្យសហគ្រិនភាពស្រ្តី ជាពិសេសនៅក្នុងសហគ្រាសធុនមីក្រូ តូច និងមធ្យម ស្ថិតក្នុងចំណុចដែលងាយរងផលប៉ះពាល់ខ្ពស់ និងតម្រូវឱ្យយើងគិតគូរ និងឆ្លើយតបនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ចនិងសង្គមពីវិបត្តិកូវីដ-១៩ ជាពិសេសលើបញ្ហាប្រឈម និងតម្រូវការគន្លឹះៗ ដូចជា៖ ១.លទ្ធភាពទទួលបានហិរញ្ញវត្ថុនិងទីផ្សារ, ២. សមត្ថភាពផ្នែកឌីជីថលនិងហិរញ្ញវត្ថុ និង៣.បន្ទុកការងារថែទាំគ្មានប្រាក់កម្រៃ។
ថ្មីៗនេះ, នៅក្នុងអំឡុងកូវីដ-១៩ ក្រសួងកិច្ចការនារី (តាមរយៈគម្រោងដែលគាំទ្រពី UN-ESCAP) ក៏បានធ្វើការសិក្សាលើស្រ្តីជាសហគ្រិន និងម្ចាស់អាជីវករខ្នាតមីក្រូ តូច និងមធ្យម ចំនួនជិត ២០០នាក់ ក៏បានបង្ហាញថា បន្ទុកការងារក្នុងផ្ទះលើការមើលថែទាំគ្រួសារ និងការងារគ្មានប្រាក់កម្រៃ គឺជាបញ្ហាចម្បងមួយរបស់ស្រ្តីសហគ្រិននៅកម្រិតមីក្រូ តូច និងមធ្យម ហើយបើបន្ទុកនេះត្រូវបានកាត់បន្ថយនិងឆ្លើយតប, វាជាកត្តាចាំបាច់ក្នុងការជួយដល់ការរីកចម្រើន និងផលិតភាពអាជីវកម្មរបស់គាត់ ។
លោកជំទាវ ឯកឧត្តម លោកស្រី លោក និងអង្គពិធីទាំងមូលជាទីរាប់អាន!
នៅក្នុងការប្តេជ្ញាចិត្តថ្នាក់តំបន់ ថ្នាក់ដឹកនាំអាស៊ាន បានទទួលស្គាល់ និងឱ្យតម្លៃខ្ពស់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងតួនាទីស្រ្តីក្នុងការចូលរួមឆ្លើយតបនឹងវិបត្តិនិងការស្តារសេដ្ឋកិច្ចនិងសង្គមឱ្យកាន់តែប្រសើរឡើងពីវិបត្តិកូវីដ-១៩ ។ កាលពីឆ្នាំ២០២០ នៅក្នុងកិច្ចប្រជុំ កំពូលពិសេសថ្នាក់ដឹកនាំអាស៊ាន និងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្រ្តីអាស៊ាន បានលើកឡើងនូវចំណុចអាទិភាព ចំនួន៥ គឺ៖ ទី១.គម្លាតយេនឌ័រក្នុងវិស័យបច្ចេកវិទ្យាឌីជីថល, ទី២.គម្លាតយេនឌ័រក្នុងចំណេះដឹងនិងសេវាហិរញវត្ថុ, ទី៣.គម្លាតយេនឌ័រក្នុងគាំពារសង្គម និងការងារថែទាំគ្រួសារនិងគ្មានប្រាក់ឈ្នួល, ទី៤.គម្លាតយេនឌ័រក្នុងទីផ្សារការងារនិងប្រាក់ឈ្នួល និង ទី៥.គម្លាតយេនឌ័រក្នុងអប់រំ ជាពិសេសផ្នែក STEAM និងជំនាញ។
នៅក្នុងនោះ, នៅក្នុងក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ASEAN Comprehensive Recovery Framework) នៅក្នុងចំណោមយុទ្ធសាស្រ្តធំៗ ទាំង៤ បានបញ្ជាក់ អំពីភាពចាំបាច់ក្នុងការបញ្ជ្រាបសមភាពយេនឌ័រ នៅក្នុងសកម្មភាពនិងយុទ្ធសាស្រ្តនានារបស់ក្របខណ្ឌស្តារឡើងវិញ ហើយក្នុងនោះ ក៏មានអាទិភាពមួយ ដែលផ្តោតលើការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី សម្រាប់ការពង្រឹងភាពធន់ តាមរយៈបរិយាប័ន្នហិរញ្ញវត្ថុនិងឌីជីថល, និងការដោះស្រាយការងារថែទាំងគ្រួសារនិងការងារគ្មានប្រាក់កម្រៃ។
នៅឆ្នាំ២០២១ អាស៊ានក៏បានដាក់ចេញនូវក្របខណ្ឌអាស៊ានស្តីពីសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព (ASEAN Comprehensive Framework on Care Economy) ដែលជាផែនទីចង្អុលបង្ហាញដល់រដ្ឋសមាជិក ដើម្បីដោះស្រាយបញ្ហាសុខភាព ស្តារសេដ្ឋកិច្ច ពង្រឹងប្រព័ន្ធគាំពារសង្គម និងកាត់បន្ថយភាពងាយរងគ្រោះនៅក្រោយពីវិបត្តិកូវីដ-១៩ ។ អាស៊ាន ក៏បានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររួមអាស៊ាន ឆ្នាំ២០២១-២០២៥ ដើម្បីជាយុទ្ធសាស្ត្រគាំទ្រដ៏មានប្រសិទ្ធភាព និងគាំទ្រដល់ប្រទេសសមាជិកអាស៊ាន ។
ជាមួយគ្នានេះ, សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានអនុវត្ត និងកំពុងពង្រីកវិសាលភាព ក្នុងការអនុវត្តគោលនយោបាយពង្រឹងសមភាពយេនឌ័រ ដោយបន្តចាត់ទុក «ស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ» និង«ការអនុវត្តអភិក្រមការបញ្ជ្រាបយេនឌ័រ ជាកិច្ចការអន្តរវិស័យ» ដូចមានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានាឆ្នាំ២០៣០ និងឆ្នាំ២០៥០, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣, គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោ និងក្របខ័ណ្ឌគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។
នៅក្នុងបរិការណ៍ស្តារសេដ្ឋកិច្ច-សង្គមពីវិបត្តិកូវីដ-១៩ និងការសម្របខ្លួននៅក្នុងរបៀបរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី រាជរដ្ឋាភិបាលកម្ពុជា បានបន្តចាត់ទុកការពង្រឹងសមភាពយេនឌ័រ នៅតែជាកិច្ចការអាទិភាព និងកាន់តែចាំបាច់។ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២កន្លងមកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវវិធានការអាទិភាព ចំនួន ៧ ដូចខាងក្រោម៖
ទី១- រាជរដ្ឋាភិបាល នឹងបន្តពង្រឹងប្រព័ន្ធ និងអនុវត្តវិធានការគាំពារសង្គមប្រកបដោយបរិយាប័ន្ន តាមរយៈការពង្រីកវិសាលភាពនៃការអនុវត្តក្របខ័ណ្ឌជាតិគាំពារសង្គមឱ្យដល់ក្រុមជនងាយរងគ្រោះ និងបាត់បង់ឱកាសផ្សេងៗទៀតនៅក្នុងសង្គម ទាំងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ និងធានាបានលើការសម្រេចនូវការគ្របដណ្តប់សុខភាពជាសកល សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌។
ទី២- រាជរដ្ឋាភិបាល កំពុងបន្តដាក់ចេញ និងជំរុញការអនុវត្តវិធានការគោលនយោបាយគាំទ្រដល់សហគ្រិន និងអាជីវករជាស្ត្រី និងយុវជន ជាពិសេសនៅក្នុងការស្តារអាជីវកម្មនិងមុខរបរពីវិបត្តិកូវីដ-១៩ អភិវឌ្ឍភាពធន់ដើម្បីវិវត្តន៍ខ្លួនទៅក្នុងយុគសម័យឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ទី៤។
ទី៣- នៅក្នុងការអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ រាជរដ្ឋាភិបាល បាន និងកំពុងផ្តោតលើការដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល ជាពិសេសការបង្កើនការចូលរួមរបស់ស្រ្តីនិងក្មេងស្រីនៅក្នុងវិស័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាដោយប្រសិទ្ធភាព និងការអប់រំចំណះដឹងនិងជំនាញផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM)។
ទី៤- ស្របតាមបរិការណ៍នៃការប្រែប្រួលអាកាសធាតុនិងការអភិវឌ្ឍប្រកបដោយចីរភាព រាជរដ្ឋាភិបាល បន្តលើកកម្ពស់តួនាទីរបស់ស្រ្តីនៅក្នុងសកម្មភាពសេដ្ឋកិច្ចបៃតង កសិឧស្សាកម្មបៃតង និងអេកូទេសចរណ៍ ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនិងការអភិរក្សបរិស្ថាន។
ទី៥- ដើម្បីពង្រីកសក្តានុពលនិងសុខុមាលភាពសេដ្ឋកិច្ច រាជរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់ និងជំរុញដល់គ្រប់ដៃគូពាក់ព័ន្ធ រួមទាំងវិស័យឯកជន ក្នុងការលើកកម្ពស់ការទទួលស្គាល់ពីតម្លៃនៃការងារក្នុងផ្ទះនិងថែទាំសមាជិកគ្រួសារ និងកំណត់មធ្យោបាយ ដើម្បីកាត់បន្ថយបន្ទុកលើការងារនេះរបស់ស្រ្តីនិងក្មេងស្រី ព្រមទាំងបង្កើនការវិនិយោគសាធារណៈ លើវិស័យសេវាថែទាំ និងសុខុមាលភាពសង្គម។
ទី៦- បន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងសុខដុមរមនានៅក្នុងគ្រួសារ តាមរយៈការជំរុញការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តីនិងកុមារ ព្រមទាំងការចាត់វិធានការផ្លូវច្បាប់ ផ្នែកសង្គមកិច្ចនិងរដ្ឋបាល ក្នុងការទប់ស្កាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងស្ត្រីនិងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាន និងកំពុងចាត់វិធានការក្នុងការទប់ស្កាត់ និងកាត់បន្ថយ ហានិភ័យនានាដែលប៉ះពាល់ដល់សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ស្រ្តីនិងក្មេងស្រី នៅតាមប្រព័ន្ធបច្ចេកវិទ្យា និងអនឡាញ។
ទី៧- នៅក្នុងក្របខ័ណ្ឌអភិបាលកិច្ចល្អនិងកម្មវិធីកំណែទម្រង់នានា រាជរដ្ឋាភិបាលបន្តអនុវត្តកម្មវិធី និងវិធានការគោលនយោបាយជាបន្តបន្ទាប់ ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនៅគ្រប់កម្រិត និងគ្រប់វិស័យ ដើម្បីធានាថា ប្រជាជនគ្រប់រូប ទាំងស្រ្តីនិងបុរស មានសិទ្ធិនិងឱកាសពេញលេញ ក្នុងការទទួលបានជម្រើស និងភាពជាតំណាងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយចីរភាពនិងបរិយាប័ន្ន ។
លោកជំទាវ ឯកឧត្តម លោកស្រី លោក និងអង្គពិធីទាំងមូលជាទីរាប់អាន!
នៅក្នុងចំណោមអាទិភាព ទាំង៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់អំពីកិច្ចការដែលយើងបាន និងកំពុងខិតខំប្រឹងប្រែងលើការគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព កិច្ចគាំពារសង្គម ក៏ដូចជាលើការងារថែទាំគ្រួសារនិងគ្មានប្រាក់កម្រៃរបស់ស្រ្តី។ វេទិកាថ្ងៃនេះ គឺជាកាលានុវត្តភាពថ្មីមួយ ក្នុងការជួបជុំតំណាងក្រសួង-ស្ថាប័ន ដៃគូ និងអ្នកជំនាញនៅក្នុងតំបន់អាស៊ាន និងនៅកម្ពុជា ដើម្បីពិនិត្យមើលលើវឌ្ឍនភាព, មេរៀនបទពិសោធន៍ និងសក្តានុពលនានា ក្នុងការពង្រីកវិសាលភាពសម្រាប់កម្ពុជា ចូលរួមអនុវត្តការប្តេជ្ញាចិត្ត នៅក្នុងក្របខណ្ឌអាស៊ាន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន។
ខ្ញុំសូមបញ្ជាក់ផងដែរថា កម្មវិធីថ្ងៃនេះ រៀបចំឡើងមានភាពស៊ីចង្វាក់គ្នាជាមួយក្របខណ្ឌនៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្រ្តីអាស៊ាន លើកទី២ ដែលគ្រោងរៀបចំនៅខែតុលា ឆ្នាំ២០២២ ក្រោមមូលបទ ការលើកកម្ពស់សហគ្រិនភាពស្រ្តីអាស៊ាន ដើម្បីអភិវឌ្ឍកាន់តែមានចីរភាព ប្រកបដោយបរិយាបន្ននិងភាពធន់។ កិច្ចប្រជុំកំពូលនេះ ក៏រំពឹងថានឹងបង្កើតបាននូវការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការលើកកម្ពស់សហគ្រិនភាពស្រ្តី ដែលនឹងដាក់ជូនថ្នាក់ដឹកនាំ កំពូលបណ្តាប្រទេសអាស៊ាន អនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។
តាមរយៈវេទិកាជាតិនាថ្ងៃនេះ ខ្ញុំជឿជាក់ថា អ្នកចូលរួមនឹងស្វែងយល់កាន់តែស៊ីជម្រៅបន្ថែម លើគោលនយោបាយ និងកម្មវិធីពាក់ព័ន្ធនឹងការងារថែទាំគ្មានប្រាក់កម្រៃ និងគោលនយោបាយគាំពារសង្គម ដែលមាននៅក្នុងក្របខណ្ឌអាស៊ាន និងនៅក្នុងតំបន់ តាមរយៈការចែករំលែកនូវមេរៀនបទពិសោធន៍ពីវាគ្មិនកិត្តិយស និងដើម្បីប្រមូលនូវព័ត៌មាន និងមតិយោបល់ មករៀបចំចងក្រងជាផែនទីបង្ហាញផ្លូវជាក់លាក់មួយ ដែលអាចនឹងយកទៅអនុវត្តបាននាពេលអនាគត ។
ឆ្លៀតក្នុងឱកាសនេះ តាងនាមឱ្យក្រសួងកិច្ចការនារី ខ្ញុំសូមថ្លែងអំណរគុណដល់អង្គការ អ៊ុកស្វាមកម្ពុជា (Oxfam Cambodia) សម្រាប់កិច្ចសហការរៀបចំវេទិកាជាតិនេះ និងសូមអរគុណដល់វាគ្មិនកិត្តិយសទាំងអស់ ដែលបានឆ្លៀតពេលវេលាចូលរួមចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ទៅលើប្រធានបទនេះ ។
សូមថ្លែងអំណរគុណ ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំជាស្ត្រីតំណាងពីប្រទេសសមាជិកអាស៊ាន អង្គទូត ថ្នាក់ដឹកនាំពីក្រសួង-ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដៃគូពាក់ព័ន្ធ ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញទាំងអស់នាថ្ងៃនេះ ។
មុននឹងបញ្ចប់ ខ្ញុំសូមគោរពជូនពរលោកជំទាវ ឯកឧត្តម លោកស្រី លោក ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ សូមទទួលបាននូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងជួបតែពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ខ្ញុំសូមប្រកាសបើកវេទិកាជាតិ «ការលើកកម្ពស់សហគ្រិនភាពរបស់ស្រ្តីនៅតំបន់អាស៊ាន តាមរយៈគោលនយោបាយគាំពារគ្រួសារ និងគាំពារសង្គម» ចាប់ពីពេលនេះតទៅ។
សូមអរគុណ!