Opening remarks: Opportunity for Youth to Participate in Public Policy

Wednesday, June 27, 2018

សុន្ទរកថាបើកវេទិកា ឱកាសយុវជនចូលរួមក្នុងគោលនយោបាយសាធារណៈ
ដោយលោកស្រី លីម សូលីន នាយិកាអង្គការអុកស្វាម
ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ភ្នំពេញ

សូមគោរពរឯកឧត្តម លោកជំទាវ​ លោក- លោកស្រី អ្នកនាងកញ្ញាជាទីគោរព​ ​​
សួរស្តីដល់ប្អូនៗយុវជនទាំងអស់ដែលមានវត្តមាននៅក្នុងទីនេះ

ថ្ងៃនេះនាងខ្ញុំមានកិត្តិយស និងសេចក្តីរីករាយយ៉ាងខ្លាំងដោយបានមកចូលរួមនៅក្នុងវេទិកាយុវជនស្តីអំពី  “ឱកាសយុវជនចូលរួមក្នុងគោលនយោបាយសាធារណៈ” ដ៏មានសារសំខាន់នាថ្ងៃនេះ​  ជាពិសេស​បានមកចូលរួមជជែកពិភាក្សាជាមួយប្អូនៗទាំងអស់គ្នា។  តាងនាមអង្គការអុកស្វាម ​និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមអបអរសាទរដល់អង្គការសម្ព័ន្ធយុវជនដើម្បីឯកភាព​​​ និងអភិវឌ្ឍន៍ដែលបានរៀបចំវេទិកានាថ្ងៃនេះ។​​

នាពេលបច្ចុប្បន្ន យុវជនដែលមានអាយុ ១០ ទៅ ២៤ ឆ្នាំ មានដល់ទៅ ១.៨​ កោដ​​ ប្រមាណជា៣០% ក្នុងចំណោមប្រជាពលរដ្ឋលើពិភពលោក ហើយក្រុមទាំងនេះនឹងឈានទៅកាន់មនុស្សពេញវ័យ និងជាកម្លាំងចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានភាពរីកចម្រើនប្រកប ដោយនិរន្តរភាព និងបរិយាប័ន្ន​។​ ទូទាំងពិភពលោកបានទទួលស្គាល់នូវសក្តានុពល និងសារៈសំខាន់របស់យុវជន។ ប្រធានបទ និងវេទិកាជជែកពិភាក្សាទាក់ទងនឹងយុវជន ត្រូវបាននឹងកំពុងយកមកពិភាក្សាយ៉ាងទូលំទូលាយ។​  វេទិកាថ្ងៃនេះ គឺជាឧទាហរណ៍ជាក់ស្តែងមួយក្នុងការរួមចំណែក អភិវឌ្ឍយវជន។​

ដោយឡែកនៅប្រទេសកម្ពុជា​​ យុវជនដែលមានអាយុពី ១៥ដល់២៩​ ឆ្នាំមានដល់៣២%​។ ៧៦% បានចូលរួមនៅក្នុងទីផ្សារការងារ​ ប៉ុន្តែ ៤០% ក្នុងចំណោមនេះ ធ្វើការងារដែលមានភាពងាយរងគ្រោះ។ ការបញ្ចប់ការសិក្សាឲ្យបានពេញលេញ តាមកម្មវិធីអប់រំ នៅតែជាបញ្ហាប្រឈមរបស់យុវជន ជាពិសេសសម្រាប់គ្រួសារក្រីក្រ ។​ ការបោះបង់ចោលការសិក្សានៅមានច្រើននៅឡើយ ដោយមានកត្តាជាច្រើន ។​ ទន្ទឹមនឹងនេះ ការទទួលបានសេវាអប់រំ និងពិនិត្យសុខភាពបន្តពូវសម្រាប់យុវជន ក៏នៅមានកម្រិតនៅឡើយដែរ។ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយកិច្ចគាំពារសង្គម សម្រាប់ពលករក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ។ ​នេះគឺជាឱកាសមួយសម្រាប់យុវជន ដើម្បីជជែកពិភាក្សាក្នុងការទទួលបាននូវផលប្រយោជន៏ពីគោលនយោបាយនេះ។​

នាឆ្នាំ២០១១​ រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិ បានសហការរៀបចំឲ្យមាននូវគោលនយោបាយជាតិ ស្តីពី “ការអភិវឌ្ឍយុវជន” ដែលតម្រូវឲ្យមានយុទ្ធសាស្ត្ររួមពីវិស័យពាក់ព័ន្ធ ដើម្បីធ្វើការរួមគ្នា​លើកកម្ពស់សមត្ថភាព និងផ្តល់នូវឱកាសអភិវឌ្ឍសក្តានុពលភាពរបស់ពួកគេ ឲ្យយុវជនទទួលបាននូវការអប់រំ ការងារ សុខភាព ការធ្វើសេចក្តីសម្រេចចិត្ត និងការចូលរួមអភិវឌ្ឍន៍ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិរបស់ពួកគេ។

ទន្ទឹមនឹងនេះ យុទ្ធសាស្រ្តចតុកោណទី៣ ២០១៤ ២០១៨ របស់រាជរដ្ឋាភិបាល បានទទួលស្គាល់យ៉ាងច្បាស់ថា ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព គឺជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងឧត្តមភាពប្រកួតប្រជែងរបស់ប្រទេស​ ជាពិសេសសម្រាប់កម្ពុជា ក្នុងពេលកំពុងវិវឌ្ឍពីប្រទេសចំណូលមធ្យមកម្រិតទាប ទៅប្រទេសចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។​ ការអភិវឌ្ឍពេញលេញនូវសក្តានុពលភាពរបស់យុវជន និងយេនឌ័រ គឺជាចំណុចស្នូលមួយផងដែរនាពេលវិវឌ្ឍន៍នេះ។​ យុទ្ធសាស្រ្តនេះ បានបន្តការយកចិត្តទុកដាក់បង្កើតនូវស្ថានភាពអំណោយផលដល់យុវជន ដើម្បីក្លាយជាអ្នកស្នងជំនាន់ដ៏មានជោគជ័យ ក្នុងការចូលរួម និងដឹកនាំកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។​ ទន្ទឹមនឹងនេះ ក៏បានយកចិត្តទុកដាក់ជាពិសេសទៅលើស្រ្តីនិងយុវតីផងដែរ។​​​ នាទសវត្សកន្លងមកយើងសង្កេតឃើញមានការចូលរួមស្ម័គ្រចិត្តរបស់យុវជនក្នុងការអភិវឌ្ឍសង្គម និងការអភិវឌ្ឍមូលដ្ឋាន និងនយោបាយ ជាពិសេសតាមប្រព័ន្ធព័ត៌មានសង្គម មានការកើនឡើង ក៏ប៉ុន្តែនៅមិនទាន់បានពេញលេញនៅឡើយ។​

ដើម្បីដោះស្រាយ​ការប្រឈមរបស់យុវជន តម្រូវឲ្យមានដំណោះស្រាយរួមច្រើន ចាប់ផ្តើមពីការរៀបចំឲ្យមានការងារសមរម្យ ទទួលបានប្រាក់កម្រៃសមស្រប មានកិច្ចគាំពារសង្គមទូលំទូលាយ កិច្ចការពារស្របច្បាប់ ទទួលបានការអប់រំ និងជំនាញដែលមានគុណភាព សេវាសុខភាពសម្រាប់    យុវជន ទទួលបានព័ត៌មាន និងការរៀបចំពួកគេឲ្យក្លាយជាពលរដ្ឋសកម្ម និងមានលទ្ធភាពចូលរួមក្នុងការធ្វើសេចក្តីសម្រេចលើគោលនយោបាយ​ និងច្បាប់នានា ដែលប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ។

អង្គការអុកស្វាម មានមោទនភាពដោយបានចូលរួមចំណែកយ៉ាងសកម្មជាមួយអង្គការដៃគូជាតិ និងអន្តរជាតិ ស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូពាក់ព័ន្ធ ក្នុងការអភិវឌ្ឍយុវជន និងសមភាពយេនឌ័រ ដែលជាធនធានមនុស្សដែលមិនអាចខ្វះបាន លើគ្រប់វិស័យ។​ អង្គការអុកស្វាម ក៏សូមកោតសរសើរដល់អង្គការសម្ព័ន្ធយុវជនដើម្បីឯកភាព ​​​និងអភិវឌ្ឍន៍ ដែលបានសហការលើការងារលើកកម្ពស់ការចូលរួមរបស់យុវជន នៅក្នុងវិស័យសាធារណៈ និងនយោបាយ។

យុវជន គឺជាសក្តានុពល និងជាធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេស ដូចនេះយើងទាំងអស់គ្នា ដែលជាស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល សហគមន៍ ជាពិសេសយុវជន ត្រូវគាំទ្រ និងផ្តល់ឱកាសសម្រាប់យុវជនបានអភិវឌ្ឍ នូវសក្តានុពលភាពរបស់ពួកគេ ដើម្បីពួកគេមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ចូលរួមចំណែកប្រើប្រាស់នូវឧត្តមភាព ដែលយើងមាន និងចូលរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមដែលយើងទាំងអស់គ្នា បាននឹងកំពុងតែជួបប្រទះ​ និងចូលរួមលើកកម្ពស់ការរៀបចំគោលនយោបាយច្បាប់ និងកំណែទម្រង់សំខាន់ៗរបស់ប្រទេសយើង ដែលរួមមាន ការលើកកម្ពស់អភិបាលកិច្ចល្អ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ហិរិញ្ញវត្ថុ កំណែទម្រង់ប្រព័ន្ធច្បាប់ បញ្ហាបរិស្ថាន បញ្ហាសុខភាព បញ្ហាចំណាកស្រុក ការប្រកបការងារប្រកបដោយជំនាញ និងមានកិច្ចគាំពារសង្គមពេញលេញ ។​​​​ ការបង្កើតឱកាស និងវេទិកាឲ្យបានទូលំទូលាយ សម្រាប់យុវជនគ្រប់ស្រទាប់ជជែកពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងការរៀនសូត្រពីគ្នាទៅវិញទៅមក និងការបង្កើតឱកាសចូលរួមក្នុងការធ្វើសេចក្តីសម្រេច​ គឹជាចំណុចដ៏សំខាន់ ដើម្បីឲ្យយុវជនអនុវត្តផ្ទាល់នូវទ្រឹស្តី និងចំណេះដឹងរបស់ពួកគេ។​

ជាចុងបញ្ចប់ នាងខ្ញុំសូមគោរពជូនពរវេទិកាទាំងមូលទទួលបាននូវលទ្ធផលតាមការគ្រោងទុក។ នាងខ្ញុំសូមប្រកាសបើកវេទិកាដូចតទៅ។​