វេទិកាកសិករថ្នាក់ជាតិលើកទី១០ ក្រោមប្រធានបទ “ការលើកកម្ពស់ទីផ្សារ និងសមត្ថភាពកែច្នៃរបស់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម”
មតិសំណេះសំណាល លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម
ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១
ឯកឧត្តម សុន សេងហួត អនុរដ្ឋលេខាធិកា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍
បណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា
លោកឧកញា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Amru Rice
លោកស្រី យ៉ាន់ ស្រីយ៉ាត តំណាងកសិករស្ត្រីឆ្នើម
លោក លោកស្រីដែលជាគណអធិបតី
ឯកឧត្តម លោកឧកញា លោក លោកស្រី ដែលជាតំណាងមកពីស្ថាប័នរដ្ឋ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងសហគមន៍កសិករ ដែលបានចូលរួមផ្ទាល់ និងពីចម្ងាយ
ក្នុងនាមអង្គការអុកស្វាមនៅកម្ពុជា នាងខ្ញុំ មានកិត្តិយសក្រៃលែងដែលបានចូលរួមក្នុងវេទិកាកសិករថ្នាក់ជាតិលើកទី១០ ក្រោបប្រធានបទដ៏មានសារៈសំខាន់ គឺ “ការលើកកម្ពស់ទីផ្សារ និងសមត្ថភាពកែច្នៃរបស់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម”។
វេទិកាកសិករជាតិត្រូវបានរៀបចំឡើងដោយបណ្តាញនៃអង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន ហើយបានរីកចម្រើន និងអភិវឌ្ឍទៅជាកន្លែងដ៏សំខាន់ និងមានឥទ្ធិពលសម្រាប់កសិករខ្នាតតូចតាមរយៈសមាគមកសិករ សហករណ៍កសិកម្ម និងអ្នកតំណាងដើម្បីអាចលើកឡើងពីបញ្ហាប្រឈម កង្វល់ និងស្នើសុំ និងចូលរួមពិភាក្សាជាមួយអ្នកធ្វើសេចក្តីសម្រេចសំខាន់ៗនៅក្នុងរដ្ឋាភិបាល និងក្នុងវិស័យឯកជន។
មួយទសវត្សកន្លងមកនេះ វេទិកាកសិករ អាចប្រព្រឹត្តទៅបានអាស្រ័យ ដោយមានការចូលរួមគាំទ្រ ពីសំណាក់អង្គការសង្គមស៊ីវិល កសិករខ្នាតតូចខ្លួនឯង និងការចូលរួមដោយផ្ទាល់ពីក្រសួង និងស្ថាប័នសំខាន់ៗ ដូចជាក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងគណៈកម្មការរបស់រដ្ឋសភា) និងសហគ្រាសកសិកម្មធំៗ (តំណាងដោយសហព័ន្ធស្រូវអង្ករកម្ពុជា) និងស្ថាប័នហិរញ្ញវត្ថុ (ដូចជាធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ARDB និងស្ថាប័នហិរញ្ញវត្ថុឯកជនដទៃទៀត)។ តាមរយៈវេទិកានេះ ការសន្ទនាដ៏សម្បូរបែបត្រូវបានរៀបចំឡើង ហើយដំណោះស្រាយជាក់ស្តែងត្រូវបានបង្កើតឡើង និងអនុវត្ត។
អង្គការអុកស្វាម មានកិត្តិយស និងមានមោទនភាពក្នុងការគាំទ្រ និងធ្វើការជាមួយដៃគូ ជាមួយសហគមន៍ដើម្បីឱ្យពួកគេទទួលបានអត្ថប្រយោជន៍ពេញលេញពីវេទិកាកសិករជាតិ ដែលជាកន្លែងតស៊ូមតិ និងកិច្ចសន្ទនាយ៉ាងហោចណាស់ចាប់តាំងពីឆ្នាំ 2016 មក។ ជារៀងរាល់ឆ្នាំ តាមរយៈគម្រោងរបស់ខ្លួន (ដូចជាគម្រោងសិទ្ធិទទួលបានអាហារ ការពង្រឹងអំណាចសដ្ឋកិច្ចស្រ្តីក្នុងគម្រោងកសិកម្ម (WEE) និងគម្រោង ការផ្លាស់ប្តូរយេនឌ័រ និងការវិនិយោគអាជីវកម្មប្រកបដោយទំនួលខុសត្រូវនៅអាស៊ីអាគ្នេយ៍ (GRAISEA 2) អង្គការអុកស្វាម គាំទ្រការរៀបចំវេទិកាកសិករថ្នាក់ជាតិ និងវេទិកាកសិករថ្នាក់ក្រោមជាតិយ៉ាងខ្លាំង ឆ្នាំនេះ វេទិកាកសិករថ្នាក់ក្រោមជាតិចំនួន 3 ត្រូវបានប្រារព្ធឡើងនៅក្នុងខេត្ត និងតំបន់កសិកម្មសំខាន់ៗក្នុងខែតុលា ឆ្នាំ 2021៖ ជុំវិញទន្លេសាប ជុំវិញទន្លេមេគង្គ និងតំបន់ឆ្នេរ)។
អង្គការអុកស្វាម បាននឹងកំពុងចាប់ដៃគូធ្វើការរួមគ្នាជាមួយក្រុមហ៊ុន រដ្ឋាភិបាល និងវិស័យឯកជន ដើម្បីគាំទ្រដល់ការលើកកំពស់សេដ្ឋកិច្ចស្ត្រី និងភាពជាអ្នកដឹកនាំសេដ្ឋកិច្ចស្ត្រី ឧទាហរណ៍នៅក្រោមគម្រោងការផ្លាស់ប្តូរយេនឌ័រ និងការវិនិយោគអាជីវកម្មប្រកបដោយទំនួលខុសត្រូវនៅអាស៊ីអាគ្នេយ៍ (GRAISEA 2) ។ យើងបានជួបកសិករជាស្ត្រីខ្នាតតូចដែលមានចំណង់ចំណូលចិត្តជាច្រើន ដែលបានក្លាយជាអ្នកដឹកនាំនៅក្នុងសហគមន៍កសិកម្មរបស់ពួកគេ កាន់តែមានទំនុកចិត្តលើជំនាញ និងសិទ្ធិក្នុងការដឹកនាំរបស់ពួកគេ ហើយបានផ្លាស់ប្តូរសហគមន៍ និងមិត្តរួមការងារកសិករទាំងបុរស និងស្ត្រីឱ្យកាន់តែប្រសើរឡើង។ (តាមរយៈការចូលទៅកាន់ទីផ្សារ ការគ្រប់គ្រងកសិកម្មតាមកិច្ចសន្យា ការអភិវឌ្ឍអាជីវកម្ម ការចូលរួមជាមួយក្រុមហ៊ុនឯកជន។ល។)។
តាមរយៈការងាររបស់យើងជាមួយដៃគូរ យើងក៏បានជួបជាមួយកសិករបុរសតូចៗ និងអ្នកដឹកនាំដែលបានប្រឹងប្រែងអស់ពីសមត្ថភាពក្នុងសហគមន៍របស់ពួកគេ ដើម្បីលើកកម្ពស់ស្ត្រីកាន់តែច្រើនឱ្យឈានជើងក្លាយជាអ្នកដឹកនាំ និងចូលរួមក្នុងសកម្មភាពទីផ្សារ និងសេដ្ឋកិច្ច និងមានអំណាចបន្ថែមទៀតក្នុងការសម្រេចចិត្តនៅក្នុងខ្សែសង្វាក់តម្លៃកសិកម្ម។
អង្គការអុកស្វាម ក៏កំពុងគាំទ្រដល់ចក្ខុវិស័យរបស់រដ្ឋាភិបាលចំពោះវិស័យកសិកម្មទំនើបកម្មដែលរួមបញ្ចូលផងដែរ (សូមមើលផែនការមេនៃវិស័យកសិកម្មឆ្នាំ 2030) និងដើម្បីធានាថា "គ្មាននរណាម្នាក់ត្រូវបានទុកចោល" ហើយវេទិកាកសិករជាតិកំពុងរួមចំណែកផ្តល់កន្លែងសម្រាប់នាំយកនូវសម្លេងរបស់កសិករ និងផលិតករ ដើម្បីឱ្យបានមកដល់អ្នកជាប់ពាក់ព័ន្ធបានឭ និងស្តាប់ ក៍ដូចជាចូលរួមដោះស្រាយបញ្ហាដែលគាត់បានជួបប្រទះ។
កម្ពុជាជាប្រទេសមួយក្នុងតំបន់ដែលមានការទទួលស្គាល់ជាផលិតករកសិកម្មដ៏មានសក្តានុពលមួយ ប៉ុន្តែបើគិតពីការកែច្នៃដើម្បីស្វែងរកតម្លៃបន្ថែម និងគ្រប់គ្រងការខូចខាតក្រោយប្រមូលផល គឺយើងនៅមានរឿងជាច្រើនដែលត្រូវធ្វើ ហើយដែលរឿងទាំងអស់នេះត្រូវពឹងផ្អែកច្រើនទៅលើគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាលទាំងផ្នែកបច្ចេកទេស និងបរិយាកាសធុរកិច្ច និងហិរញ្ញវត្ថុ ដើម្បីពង្រឹងគុណភាព បង្កើនបរិមាណផលិត និងកែច្នៃទៅតាមតម្រូវការទីផ្សារដើម្បីឱ្យកសិករ និងរបស់យើងបានទទួលនូវប្រាក់ចំណូលបន្ថែម និងបង្កើតការងារដល់ជាពិសេសយុវជន ដែលជាផ្នែកមួយក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ និងបង្កើនកម្រិតជីវភាពរបស់ពួកគាត់។ តាមរយៈប្រធានបទដែលនឹងលើកយកពិភាក្សា ចែករំលែក និងផ្លាស់ប្តូរយោបល់គ្នានៅថ្ងៃនេះ និងដោយមានការចូលរួមពីសំណាក់តួអង្គសំខាន់ៗនៅក្នុងការអនុវត្តគោលនយោបាយនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍ ក៍ដូចជាកសិករផងដែរនោះ នឹងជាទុន និងធាតុចូលដ៏សំខាន់សម្រាប់អនុវត្ត និងធ្វើសេចក្តីសម្រេចចិត្ត។
ខ្ញុំសង្ឃឹមថាវេទិកាកសិករនឹងក្លាយទៅជាយន្តការពហុភាគីសម្រាប់កិច្ចពិភាក្សាគោលនយោបាយដែលមានចិរភាពមួយដែលមិនគ្រាន់តែជាវេទិកាដែលបញ្ហាត្រូវបានយកមកដោះស្រាយរួមគ្នានោះទេ តែវាជាវេទិកាដែលយើងអបអរសាទរនូវជោគជ័យរួមព្រោះថាយើងមិនអាចខ្វះតួអង្គណាមួយនោះទេបើយើងចង់ឃើញវឌ្ឍនភាព និងវិបុលភាពសម្រាប់សង្គមជាតិយើងទាំងមូល។
ជាទីបញ្ចប់ នាងខ្ញុំសូមជូនពរគណអធិបតី ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមវេទិកាកសិករថ្នាក់ជាតិលើកទី១០នៅថ្ងៃនេះសូមប្រកបតែសុខ សុវត្ថិភាព ជៀសផុតពីជម្ងឺគ្រប់ៗគ្នា។
សូមអរគុណ!