មតិបើក កម្មវិធីភាពចម្រុះ និងបរិយាបន្នសង្គម
លោកស្រី ភាណ សោភ័ណ នាយិកាថ្នាក់ជាតិអង្គការអុកស្វាម
Cambodia NOW-Us Award (Final Pitching and Award ceremony)
1 October, 2021
សូមគោរពនាយិកាកម្មវិធី នៃ សហគ្រាស Impact Hub Phnom Penh ជាទីគោរព
សូមគោរពលោក លោកស្រីគណកម្មាការវាយតម្លៃ និងដាក់ពិន្ទុក្នុងវគ្គផ្តាច់ព្រ័ត្តនៃកម្មវិធី ៉ភាពចម្រុះ និងបរិយាបន្នសង្គម៉ជាទីគោរព
សូមជម្រាបសួរ លោក លោកស្រី និងប្អូនៗ តំណាងក្រុមទាំង១០ ដែលត្រូវបានជ្រើសរើសមកចូលរួមកម្មវិធី នេះជាទីគោរព
តាងនាមឲ្យអង្គការអុកស្វាម ដែលជាអ្នកអនុវត្តកម្មវិធី វ៉យនៅក្នុងប្រទេសកម្ពុជា ខ្ញុំមានកិត្តិយសក្រៃលែងដែលបានចូលរួមក្នុងឳកាសប្រកួតវគ្គផ្តាច់ព្រត័ សម្រាប់កម្មវិធី “ភាពចម្រុះ និងបរិយាបន្នសង្គម” ដែលរៀបចំដោយ សហគ្រាស Impact Hub។ កម្មវិធីក្នុងថ្ងៃនេះពិតជាមានសារសំខាន់ដើម្បី ស្វែងរកជ័យលាភីដែលមានគំនិតច្នៃប្រឌិតខ្ពស់ ក្នុងការជម្រុញ និងលើកកម្ពស់ការចូលរួមដោយពេញលេញរបស់ក្រុមងាយរងគ្រោះដែលយើងធ្វើការជាមួយ "មិនទុកនរណាម្នាក់ចោលឡើយ" ។
ឆ្លៀតក្នុងឳកាសនេះ ខ្ញុំសូមណែនាំពីកម្មវិធី វ៉យ ដែលជាកម្មវិធីសម្របសម្រួលមូលនិធីតាមបែបច្នៃប្រឌិតមួយ ដែលមានគោលបំណងពង្រឹងសមត្ថភាពផ្នែក ស្វែងរកមតិគាំទ្ររបស់អង្គការសង្គមស៊ីវិល និងក្រុមដែលត្រូវបានគេមើលរំលង ដើម្បីបង្កើនការចូលរួមឲ្យបានពេញលេញនៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេស។ អង្គការអុកស្វាម រួមជាមួយនឹងអង្គការហ៊ីវូស ជាអ្នកអនុវត្តរបស់កម្មវិធី វ៉យ នៅក្នុងប្រទេសចំនួន១០ នៅទ្វីបអាស៊ី និងអាហ្រ្វិក។កម្មវិធី វ៉យ ផ្តោតលើក្រុមងាយរងគ្រោះ ដែលយើងធ្វើការជាមួយចំនួន ៥ក្រុមរួមមានៈ ១) ជនមានពិការភាព ២) អ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ភេទទាំងពីរ អ្នកដែលប្តូរភេទ ៣) ស្រ្តីដែលទទួលរងការកេងប្រវ័ញ្ច ការរំលោភបំពាន និងអំពើហិង្សា ៤) ក្រុមមនុស្សវ័យក្មេង និងមនុស្សវ័យចាស់ ៥) ក្រុម ជនជាតិដើមភាគតិច។
សម្រាប់កម្មវិធី “ភាពចម្រុះ និងបរិយាបន្នសង្គម” នេះគឺធ្វើឡើងដោយមានគោលបំណងស្វែងរក និងលើកទឹកចិត្តដល់ក្រុមងាយរងគ្រោះទាំង៥ក្រុមខាងលើ ដែលបានផ្តួចផ្តើមនូវវិធីសាស្រ្តធ្វើការបែបថ្មី មានលក្ខណៈច្នៃប្រឌិត សំដៅជម្រុញអោយមានការបង្កលទ្ឋភាព និងលើកកម្ពស់ការចូលរួម (បរិយាបន្ន) ធ្វើការសម្រេចចិត្ត និងរួមចំណែកអភិវឌ្ឍន៍សហគមន៍ និងសង្គមដោយពេញលេញ ដើម្បីជាប្រយោជន៍ដល់របស់ក្រុមនិមួយៗដោយផ្ទាល់ "Nothing About Us, without Us!”។
ខ្ញុំជឿជាក់ថាកម្មវិធីក្នុងថ្ងៃនេះ ពិតជារំភើប និងមានសារសំខាន់ណាស់សម្រាប់ក្រុមនិមួយៗដែលបានធ្វើការហ្វឹកហាត់ និងពង្រឹងសមត្ថភាព អស់រយៈពេលប្រមាណ២ខែមកនេះ ដើម្បីត្រៀមខ្លួនធ្វើបទបង្ហាញអំពីគំនិតច្នៃប្រឌិតថ្មីៗ ក្នុងការជម្រុញបរិយាបន្នសង្គម ដែលជាចំនុចខ្លាំងរបស់ក្រុមនិមួយៗ។ អ្វីដែលពិសេស គឺ ក្រុមនិមួយៗដែលសុទ្ឋសឹងជាក្រុមដែលត្រូវបានជ្រើសរើសចេញពីក្រុមងាយរងគ្រោះដែលយើងធ្វើការជាមួយ ព្រោះថារាល់វិធីសាស្រ្តដែលក្រុមនិមួយៗបានផ្តួចផ្តើមឡើង គឺធ្វើឡើងដើម្បីក្រុមរបស់ពួកគាត់ផ្ទាល់ ក្នុងការបង្កើតឳកាសអោយខ្លួនឯង និងក្រុមរបស់គាត់បានចូលរួមប្រើប្រាស់ធនធាន សេវាសង្គម និងធ្វើសេចក្តីសម្រេចចិត្តដោយស្មើភាពគ្នា និងមិនមានការរើសអើង។
សម្រាប់ជ័យលាភីទាំង៣ក្រុម ដែលនឹងត្រូវបានជ្រើសរើសដោយគណកម្មាការទាំង៥រូបរបស់យើងក្នុងថ្ងៃនេះ នឹងទទួលបាននូវមូលនិធិពីកម្មវិធីវ៉យ ដែលមានទំហំទឹកប្រាក់ចាប់ពី EUR 10,000 រហូតដល់ EUR 25,000 ដើម្បីយកទៅបន្តអនុវត្ត គំនិតច្នៃប្រឌិតដែលក្រុមនិមួយៗបានផ្តួចផ្តើមឡើង។
ខ្ញុំសូមកោតសរសើរ នឹងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រឌិតរបស់ Impact Hub ដែលបានខិតខំរៀបចំ និងបត់បែនកម្មវិធីនែះពីការជួបជុំគ្នាដោយផ្ទាល់ មកជួបតាមប្រពន្ឋ័អនឡាញ ដោយសារតែបរិបទកូវីត។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កម្មវិធី ប្រកួតផ្តាច់ព្រ័តក្នុងថ្ងៃនេះ នឹងប្រព្រឹត្តិទៅដោយរលូន ប្រកបដោយផ្លែផ្កា និងសូមជូនពរដល់បេក្ខជននិមួយៗសូមជួបប្រទះតែសំណាងល្អនៅក្នុងកម្មវិធីនាថ្ងៃនេះក្នុងការទាក់ទាញចំនាប់អារម្មណ៍របស់គណកម្មាធិការទាំង៥រូបរបស់យើង។
អង្គការអុកស្វាម នឹងបន្តសហការ និងធ្វើការជាមួយដៃគូពាក់ព័ន្ធនានា ព្រមទាំងស្ថាប័នជាតិ និងអន្តរជាតិដើម្បីចូលរួមចំណែកលើកកំពស់ និងគាំទ្រដល់ក្រុម ងាយរងគ្រោះ និងក្រុមដែលទទួលនូវការរើសអើងបំផុត ដើម្បីឲ្យពួកគេទទួលបាននូវធនធានសម្រាប់ការបង្កើនផលិតភាព និងសេវាសង្គម និងអាចចូលរួមក្នុងភាពជាតំណាងដ៏ប្រសើរក្នុងដំណើរការធ្វើ សេចក្តីសម្រេចចិត្តនៅក្នុងសហគមន៏ និងសង្គម។
ជាចុងបញ្ចប់ ខ្ញុំសូមគោរពជូនពរដល់ នាងកញ្ញា លោក លោកស្រី ដែលមានវត្តមានក្នុងថ្ងៃ សូមជួបតែសេចក្តីសុខ ឲ្យមានសុខភាពល្អ ជោគជ័យក្នុងការងារ និងជៀសផុតពីកូវីតទាំងអស់គ្នា។