សុទ្ទរកថា លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម
“ ពិព័រណ៍ បើកចិត្ត ” ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣
សូមគោរព លោកស្រី Melanie Mossard_ CEO នៃ សហគ្រាស Impact Hub Phnom Penh ជាទីគោរព
សូមគោរព លោក លោកស្រីនិងប្អូនៗអ្នកទទួលជ័យលាភីនៃកម្មវិធី NOW-Us! Award ជាទីគោរព
សូមគោរព និងជម្រាបសួរលោក លោកស្រីតំណាងអង្គការដៃគូ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះជាទីគោរព
តាងនាមឲ្យអង្គការអុកស្វាម ដែលជាអ្នកអនុវត្តកម្មវិធី វ៉យនៅក្នុងប្រទេសកម្ពុជា ខ្ញុំមានសេចក្តីរីករាយក្រៃលែងដែលបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ "បើកចិត្ត" ឬ NOW-Us! Festival ដែលជាកម្មវិធីផ្សព្វផ្សាយដ៏សំខាន់មួយ រៀបចំឡើងដោយ Impact Hub Phnom Penh រួមជាមួយនឹងអ្នកដែលទទួលជ័យលាភីទាំង៧ក្រុម នៃកម្មវិធី NOW-Us! Award ព្រមទាំងអង្គការដៃគូមួយចំនួនទៀតនៃកម្មវិធីវ៉យ។
អង្គការអុកស្វាមមានមោទកៈភាព ក្នុងការសហការជាមួយដៃគូ ក្នុងការជម្រុញនិងលើកកម្ពស់ ការចូលរួមដោយពេញលេញ របស់ក្រុមងាយរងគ្រោះដែល យើងធ្វើការជាមួយដោយ "មិនទុកនរណាម្នាក់ចោលឡើយ"។ រាល់សម្មិតិផលដែលបានដាក់តាំងបង្ហាញតាមរយៈកម្មវិធី ពិព័រណ៍បើកចិត្ត នេះ បានឆ្លុះបញ្ជាំងពីកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមករបស់អង្គការអុកស្វាម និង អ៊ីមផេកហាប់ភ្នំពេញ ក្នុងការលើកកម្ពស់ និងបង្កើនឳកាសដល់ក្រុមងាយរងគ្រោះ ដែលមានសម្លេងភាគតិច និងក្រុមដែលតែងតែទទួលការររើសអើង ដើម្បីអោយ ពួកគាត់បានប្រើប្រាស់វិធីសាស្រ្តបែបច្នៃប្រឌិត និងរបៀបធ្វើការផ្អែកតាមបរិបទថ្មី ក្នុងការបង្កើនសម្លេង និងជម្រុញអោយមានការ ចូលរួម ដ៏ពេញលេញ ក្នុងភាពជាតំណាងដ៏ប្រសើរក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងសហគមន៍ និងសង្គម ប្រកបដោយភាពចម្រុះ និងបរិយាបន្ន។ ដើម្បីជម្រុញអោយមានលទ្ឋផលឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់យើង គឺត្រូវតែផ្តើមចេញពីយើង ដើម្បីយើងទាំងអស់គ្នា "Nothing About Us, without Us!”។
តាមរយៈកម្មវិធីដែលអនុវត្តតាំងពីឆ្នាំ២០២១នេះ យើងបានជ្រើសរើស និងគាំទ្រមូលនិធិដល់អង្គការ និងក្រុមតំណាងជនងាយរងគ្រោះចំនួន ៧ក្រុម ដើម្បីអនុវត្តគំនិតច្នៃប្រឌិតដែលជម្រុញអោយមានបរិយាបន្នសង្គម។ ដូចលោក លោកស្រីបាន ទស្សនាស្តង់និមួយៗនៃព្រឹត្តិការណ៍ "ពិព័រណ៍ បើកចិត្ត" នាពេលនេះ គឺ សុទ្ឋសឹងជាសម្មិតិផល និងស្នាដៃនានាដែលកើតចេញពីគម្រោងដែលក្រុមទាំង៧ បានអនុវត្តកន្លងមក។
គួរបញ្ជាក់ផងដែរ ក្រៅពីគម្រោងនេះ កម្មវិធីវ៉យ នៃអង្គការអុកស្វាមបាននឹងកំពុងគាំទ្រអង្គការដៃគូចំនួនប្រមាណ ២០អង្គការផ្សេងទៀតដែលតំណាងអោយក្រុមងាយរងគ្រោះដែលមានសម្លេងភាគតិច និងក្រុមដែលត្រូវបានគេរើសអើង ក្នុងការធ្វើការដើម្បីបង្កើនសម្លេង ភាពអង់អាច និងអាចចូលរួមក្នុងភាពជាតំណាងដ៏ប្រសើរក្នុងដំណើរការធ្វើ សេចក្តីសម្រេចចិត្តនៅក្នុងសហគមន៏ និងសង្គមផងដែរ។
ខ្ញុំជឿជាក់ថាកម្មវិធីក្នុងថ្ងៃនេះ ពិតជារំភើប និងមានសារសំខាន់ណាស់សម្រាប់ក្រុមនិមួយៗដែលបានខិតខំប្រឹងប្រែងអនុវត្តគម្រោងកន្លងមករហូតបង្កើតបានជាលទ្ឋផល មេរៀនបទពិសោធន៍ និងការរៀនសូត្រថ្មីៗដូចដែលពួកគាត់បានដាក់តាំងបង្ហាញនូវសមិត្មិផលនានាក្នុងថ្ងៃនេះ។
ខ្ញុំសូមអបអរសាទរដល់ក្រុម និងអង្គការដៃគូទាំងអស់ចំពោះសម្មិតិផលដ៏ធំធេងនាពេលនេះដែលបានឆ្លុះបញ្ជាំងពីការផ្លាស់ប្តូរដ៏អស្ចារ្យនៃក្រុមនិមួយៗ។ សូមបន្តកិច្ចការណ៍ដ៏ប្រសើរមួយនេះតទៅទៀតដើម្បីជម្រុញអោយមានការបង្កើនឳកាស ការបង្ហាញពីតម្រូវការ និងសម្លេងរបស់ក្រុមដែលតែងតែត្រូវបានគេមើលរំលងដើម្បីធានាថាបញ្ហារបស់ពួកគេត្រូវបានស្តាប់លឺ និងឆ្លើយតប។
អង្គការអុកស្វាម នឹងបន្តសហការ និងធ្វើការជាមួយដៃគូពាក់ព័ន្ធនានា ព្រមទាំងស្ថាប័នជាតិ និងអន្តរជាតិដើម្បីចូលរួមចំណែកលើកកំពស់ និងគាំទ្រដល់ក្រុម ងាយរងគ្រោះ និងក្រុមដែលទទួលនូវការរើសអើងបំផុត ដើម្បីឲ្យពួកគេទទួលបាននូវធនធានសម្រាប់ការបង្កើនផលិតភាព និងសេវាសង្គម និងអាចចូលរួមក្នុងភាពជាតំណាងដ៏ប្រសើរក្នុងដំណើរការធ្វើ សេចក្តីសម្រេចចិត្តនៅក្នុងសហគមន៏ និងសង្គម។
ជាចុងបញ្ចប់ ខ្ញុំសូមគោរពជូនពរដល់ នាងកញ្ញា លោក លោកស្រី ដែលមានវត្តមានក្នុងថ្ងៃ សូមជួបតែសេចក្តីសុខ ឲ្យមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ។