សុន្ទរកថាស្វាគមន៍ លោក សុខ ឃីម ប្រធានគម្រោងគ្រប់គ្រងធនធានធម្មជាតិ អង្គការអុកស្វាម
វេទិកាកិច្ចពិភាក្សាស្តីពី ដីសើម ធនធានទឹក និងការប្រែប្រួលអាកាសធាតុនៅតំបន់មេគង្គ
ថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០២០ ខេត្ត ស្ទឹងត្រែង
សូមគោរព៖ - ឯកឧត្តម ដួង ពៅ អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ជាទីគោរព
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា
លោកស្រី លុយ រស្មី នាយិកាប្រតិបត្តិ នៃសមាគមថែរក្សាបរិស្ថាន និងវប្បធម៌
លោក សន ភក្តី អ្នកសម្របសម្រួលគម្រោង នៃអង្គការ IUCN (TBC)
និង ភ្ញៀវកិត្តិយសជាទីគោរព!
ថ្ងៃនេះ អង្គការអុកស្វាម មានកិត្តិយសបានចូលរួមក្នុងវេទិកាកិច្ចពិភាក្សាស្តីពី ដីសើម ធនធានទឹក និងការប្រែប្រួលអាកាសធាតុនៅតំបន់មេគង្។ គណៈអធិបតីជាទីគោរព សមាជិក និងសមាជិការក្នុងវេទិកាកិច្ចពិភាក្សាទាំងមូលជាទីមេត្រី ទន្លេមេគង្គ គឺជាប្រភពទឹកមួយដ៏មានសារៈសំខាន់នៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសជាប់ទន្លេមេគង្គទាំងអស់មានដូចជាចិន មីយ៉ាន់ម៉ា ថៃ ឡាវ និងវៀតណាម។ ទន្លេមេគង្គជាប់ចំណាត់ថ្នាក់ទី១២ នៃទន្លេដែលវែងជាងគេនៅលើពិភពលោក និងមានប្រវែងសរុប ៤, ៣៥០ គីឡូម៉ែត្រ ។ ប្រជាជនប្រមាណជាង ៦០ លាននាក់ នៅតាមដងទន្លេមេង្គរស់នៅពឹងអាស្រ័យលើប្រព័ន្ធធនធានធម្មជាតិនៃទន្លេនេះរួមមាន ទឹក ត្រី ព្រៃឈើ និងដីសើម តាមរយៈការទទួលបានចំណីអាហារ មុខរបរ ជីវភាពរស់នៅ កន្លែងវប្បធម៌ ប្រពៃណី និងជំនឿដ៏សម្បូរបែប ជាពិសេសសម្រាប់សហគមន៍ជនជាតិដើមភាគតិច។ ទន្លេនេះ ដើរតួរជាអ្នកផ្គត់ផ្គង់ទឹកបរិភោគ និងទឹកប្រើប្រាស់នៅក្នុងតំបន់ ជាពិសេសការប្រើប្រាស់ក្នុងវិស័យកសិកម្ម។ វាជាអាងស្តុកត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក ហើយត្រីប្រមាណជា ៤.៥ លានតោន ក្នុងមួយឆ្នាំបានប្រមូលចេញទន្លេនេះ។ ទន្លេមេគង្គ ក៏ជាជម្រកដ៏សំខាន់សម្រាប់ជីវៈចម្រុះយ៉ាងសម្បូរបែបរួមមាន មច្ឆាជាតិកម្រ ១, ១០០ប្រភេទ រុក្ខជាតិជាង ២០, ០០០ (២ម៉ឺន)ប្រភេទ សត្វស្លាប ១, ២០០ប្រភេទ សត្វល្មូន ៨០០ប្រភេទ និងថនិកសត្វ ៤៣០ប្រភេទទៀត។
បច្ចុប្បន្ន ទន្លេមេគង្គ ធនធានធម្មជាតិ និងជីវៈចម្រុះផ្សេងៗក្នុងតំបន់កំពុងរងការគំរាមកំហែងពីការប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍផ្សេងៗ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ទំនប់វារីអគ្គិសនី ការទាញយករ៉ែ និងការចាក់ដីតាមច្រាំងទន្លេសម្រាប់ពង្រីកទីក្រុងជាដើម ដែលទាំងនេះគេធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន នរគរូបនីយកម្ម ឧស្សាហកម្ម និងតម្រូវការប្រើប្រាស់ផ្សេងៗ។ កត្តាទាំងនេះបាននឹងកំពុងតែជះឥទ្ធិពលដល់លំហូរទឹកក្នុងទន្លេ និងដៃទន្លេឱ្យហូរមិនប្រក្រតី បរិមាណទឹកក្នុងទន្លេមេគង្គក្រោមស្រកចុះខ្លាំង ធនធានជលផលធ្លាក់ចុះ កង្វះទឹកធ្វើកសិកម្ម ការបំពុលទឹក ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ការបំផ្លាញប្រព័ន្ធអេកូឡូស៊ី ការបាត់បង់ជីវៈជម្រុះ និងការផុតពូជនៃប្រភេទសត្វ រុក្ខជាតិកម្រនានា។ យោងតាមការសិក្សាស្រាវជ្រាវ ត្រីយ៉ាងហោច ៨៥០ប្រភេទកំពុងរងការគំរាមកំហែង ហើយផលប៉ះពាល់ទៅលើប្រជាជននៅជុំវិញដងទន្លេនឹងកើនទៅដល់ ១០០លាននាក់ នៅក្នុងឆ្នាំ២០២៥ ។
អាស្រ័យហេតុនេះ អង្គការអុកស្វាម បានបញ្ចូលគម្រោងការការពារទន្លេមេគង្គក្រោម (PEM) ទៅក្នុងកម្មវិធីអភិបាលកិច្ចធនធានធម្មជាតិ និងចូលរួមចំណែកឱ្យមានវេទិការកិច្ចពិភាក្សានេះឡើង ដើម្បីផ្តល់ឱកាសដល់ភាគគីពាក់ព័ន្ធទាំងអស់ធ្វើការពិភាក្សា បង្កើតកិច្ចសហប្រតិបតិការ និងចែករំលែកព័ត៌មានតាមបទពិសោធន៍ ជំនាញ និងចំណេះដឹងរបស់ខ្លួន ហើយចូលរួមក្នុងការដោះស្រាយបញ្ហាទាំងនេះ (ជាពិសេសបញ្ហារបស់ប្រជានេសាទ) ឱ្យបានល្អប្រសើរ និងសមស្របបំផុត ដើម្បីឈានទៅដល់ការកាត់បន្ថយផលប៉ះពាល់ជាអតិបរមាដល់ទន្លេមេង្គ ធនធានធម្មជាតិ ជីវៈជម្រុះ និងមនុស្ស និងដើម្បីធានាឱ្យបាននូវនិរន្តរភាព។
គណៈអធិបតីជាទីគោរព ឯកឧត្តម លោក លោកស្រី និងអ្នកចូលរួមជាទីគោរព! ជាទីបញ្ចប់នេះ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះការសហការ និងការចូលរួមក្នុងការវេទិកាកិច្ចពិភាក្សានេះ។ ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថានៅចុងបញ្ចប់នៃវេទិកានេះ យើងនឹងទទួលបានលទ្ធផលដូចការរំពឹងទុក ហើយភាគគីពាក់ព័ន្ធទាំងអស់នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការចូលរួមដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទន្លេមេគង្គ ប្រកបដោយប្រសិទ្ធិភាព។ ខ្ញុំបាទសូមជូនពរ ឯកឧត្តម លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់នូវពុទ្ធពរទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ!

