មតិចូលរួមរបស់ លោក តាន់ វិសាល អ្នកសម្របសម្រួលកម្មវិធីគាំពារសង្គម និងសិទ្ធិការងារនៃអង្គការអុកស្វាមកម្ពុជា
ក្នុងវេទិកាថ្នាក់ជាតិស្តីពី “សិទ្ធិទទួលបានការងារសមរម្យ និងគាំពារសង្គម” សម្រាប់កម្មករក្នុងវិស័យឧស្សាហកម្មចំការចេក និងកៅស៊ូ
រាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣
សូមគោរព ឯកឧត្តម ស៊ុម សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ
សូមគោរព លោកស្រី លុយ ធារី ប្រធានកម្មវិធីនៃអង្គការ CCC
សូមគោរព លោក ហេង ជឿន ប្រធានសហព័ន្ធសហជីពកម្មករកសិកម្មកម្ពុជា
សូមគោរព ឯកឧត្តម លោកជំទាវ នាងកញ្ញា លោក លោកស្រី និង សមាជិក សមាជិកាទាំងអស់នៃអង្គវេទិកា!
តាងនាមឱ្យអង្គការអុកស្វាម ខ្ញុំបាទមានកិត្តិយសយ៉ាងខ្លាំងក្រៃលែង ដែលបានសហការ និងចូលរួមធ្វើចំណាប់អារម្មណ៍ក្នុងវេទិកាថ្នាក់ជាតិស្តីពី “សិទ្ធិទទួលបានការងារសមរម្យ និងគាំពារសង្គម ” សម្រាប់កម្មករក្នុងវិស័យឧស្សាហកម្មចំការចេក និងកៅស៊ូ នាពេលនេះ។ សូមអបអរ និងថ្លែងអំណរគុណដល់ សហព័ន្ធសហជីពកម្មករកសិកម្មកម្ពុជា អង្គការ CCC និងអង្គការ NGO Forum ដែលបានសហការគ្នា ក្នុងការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះ។ សូមគោរពថ្លែងអំណរគុណដល់ ឯកឧត្តម ស៊ុម សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែផ្តល់កិត្តិយសចូលរួម និងផ្តល់នូវចំណេះដឹង ព័ត៌មាន និងធាតុចូលសំខាន់ៗ ដល់គ្រប់សិក្ខាសាលា ឬវេទិកានានាដែលរៀបចំដោយក្រុមការងារសង្គមស៊ីវិលកន្លងមក និងក្នុងថ្ងៃនេះ។
ឆ្លៀតឱកាសនេះ ក្នុងនាមអង្គការអុកស្វាមខ្ញុំសូមអបអរសាទរ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនាមជាប្រធានអាស៊ាននាឆ្នាំ២០២២ តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម ដែល បានដាក់បញ្ចូលដោយជោគជ័យនូវគោលនយោបាយគាំពារសង្គម ទៅក្នុងសេចក្តីថ្លែង ការណ៍រួមលើកទី៥៥ នៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន កាលពីពេលថ្មីៗនេះ ដែលបានត្រួសត្រាយ ផ្លូវឱ្យមានការរៀបចំ និងចងក្រងផែនទីបង្ហាញផ្លូវគាំពារសង្គម ថ្នាក់តំបន់ដែលជាមគ្គុទេស សម្រាប់ការអនុវត្តន៍ធម្មនុញ្ញអាស៊ានស្តីពី គោលនយោបាយគាំពារសង្គម។
យោងតាមស្ថានភាពក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន និងក្រោយរងនូវផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ជាពិសេស គឺការកើនឡើងកម្រៃនៃការរស់នៅប្រចាំថ្ងៃ គោលនយោបាយ និងកម្មវិធីគាំពារសង្គមប្រកបដោយបរិយាបន្ន នឹងបន្តដើរតួរយ៉ាងសំខាន់ និងជាកម្លាំងចលករ ចូលរួមចំណែកជំរុញការរីកចម្រើន និងលូតលាស់នៃសេដ្ឋកិច្ចកម្ពុជាស្របទៅតាម យុទ្ធសាស្ត្រ ចតុកោណ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ការវិនិយោគលើគោលនយោបាយគាំពារសង្គម និងការវិនិយោគក្នុងការជម្រុញស្តារឡើងវិញនូវសេដ្ឋកិច្ច មានសារសំខាន់ដូចគ្នា ដោយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដោយមិនទុកអ្នកណាម្នាក់ចោល និងមានចីរភាព។ ជាក់ស្តែងការស្រាវជ្រាវជាច្រើនពីប្រទេសនៅអាស៊ី និងប៉ាស៊ីហ្វិក បានបង្ហាញឱ្យឃើញថា ការវិនិយោគ ១% នៃផលិតផលក្នុងស្រុកសរុប (DGP) ទៅលើគោលនយោបាយគាំពារសង្គម នឹងទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចត្រឡប់មកវិញទ្វេរដង។ សារៈសំខាន់ ចម្បងៗនៃគោលនយោបាយគាំពារសង្គម បានចូលរួមជួយដល់ការអភិវឌ្ឍន៍ និងកំណើន សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាគឺ ទី១) កាត់បន្ថយភាពក្រីក្រ គម្លាតសង្គម និងលើកកម្ពស់សមភាពយេនឌ័រ ពិសេស ក្នុងចំណោមស្ត្រី និងពលរដ្ឋងាយរងគ្រោះ ទី២) ពង្រឹងគុណភាពធនធានមនុស្ស និង ទី៣) ពង្រឹងភាពស៊ាំ និងការឆ្លើយតបទៅនឹងគ្រោះអាសន្ន ឬវិបត្តិសេដ្ឋកិច្ច តាមរយៈការមានប្រព័ន្ធគាំពារសង្គមរឹងមាំ និងប្រកបដោយបរិយាបន្ន។
ឯកឧត្តម លោកជំទាវ នាងកញ្ញា លោក លោកស្រី និងសមាជិក សមាជិកាទាំងអស់នៃអង្គវេទិកា!
អនុញ្ញាតឱ្យខ្ញុំបាទជម្រាបជូននូវចំណុចសង្ខេបស្តីពី ការងារសមរម្យ និងគាំពារសង្គម!
ការងារសមរម្យ គឺជាប្រធានបទចម្បងនៅលើរបៀបវារៈជាសកល ព្រោះថា (បើយោងតាម ILO, 2018)៖
- មនុស្ស ១៧២ លាននាក់គ្មានការងារធ្វើ ដែលមួយភាគបី មានអាយុក្រោម ២៥ ឆ្នាំ;
- បុរស និងស្ត្រី ៧៨០ លាននាក់កំពុងរស់នៅរកបានតិចជាងពីរដុល្លារក្នុងមួយថ្ងៃ;
- ជាង ៧០% នៃមនុស្សសរុបមិនមានសិទ្ធិទទួលបាននូវគាំពារសង្គមនៅឡើយ;
- មនុស្សពីរពាន់លាននាក់ធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ; ដែលនេះតំណាងឱ្យច្រើនជាង ៦១% នៃពលរដ្ឋសកម្មភាពខាងសេដ្ឋកិច្ច; ប្រជាជនដែលក្នុងនោះ ៩៣% កំពុងធ្វើការក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ឬនៅក្នុងសេដ្ឋកិច្ចដែលកំពុងរីកចម្រើន។
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំណុចទី៨ គឺការងារសមរម្យ និងកំណើនសេដ្ឋកិច្ច៖ ធានាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន មានមុខរបរពេញលេញ និងផលិត ភាព និងមានការងារសមរម្យសម្រាប់ប្រជាជនគ្រប់រូប។
ការងារសមរម្យ៖ ការងារដែលមានផលិតភាព និងជ្រើសរើសដោយសេរី
- ដែលផ្តល់ប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការគ្រួសារ;
- ដែលរួមបញ្ចូលទាំងគាំពារសង្គម;
- ដែលគោរពសិទ្ធិជាមូលដ្ឋាននៅកន្លែងធ្វើការ រួមទាំងសេរីភាពនៃការបង្កើតសមាគម និងសិទ្ធិចូលរួមនៅក្នុងកិច្ចព្រមព្រៀងអនុសញ្ញារួម (CBAs);
- ដែលរួមមានការប្រព្រឹត្តិដោយស្មើភាពគ្នាចំពោះកម្មករទាំងអស់ ដោយមិនមានការបែងចែកដោយផ្អែកលើភេទ អាយុ ប្រភពដើម ជំនឿ នយោបាយ ឬសាសនា;
- ដែលរួមបញ្ចូលទាំងការផ្តល់សុខភាព និងសុវត្ថិភាពនៅក្នុងកន្លែងធ្វើការ។
ការងារសមរម្យ គឺផ្អែកលើសសរស្តម្ភចំនួន៤ មានមួយចំនួនបន្ស៊ីគ្នាជាមួយយេនឌ័រ និង បរិស្ថាន ដែលជាប្រធានឆ្លងគ្នាទៅវិញទៅមក៖
- បង្កើតការងារសមរម្យ និងផលិតភាព
- ការធានាសិទ្ធិនៅកន្លែងធ្វើការ,
- ពង្រីកគាំពារសង្គម,
- ការលើកកម្ពស់កិច្ចសន្ទនាសង្គម
ស្របគ្នាជាមួយប្រធានបទនេះផងដែរ ខ្ញុំសូមជម្រាបជូនថាអង្គការអុកស្វាម រួមជាមួយអង្គការដៃគូនានា កំពុងអនុវត្តកម្មវិធីដែលពាក់ព័ន្ធនឹងគាំពារសង្គមដូចជា៖ ១). ការធ្វើឱ្យប្រសើរឡើងនូវគាំពារសង្គម និងសិទ្ធិការងារសំរាប់កម្មករស្រ្តីធ្វើការក្នុងវិស័យកសិក-ស្បៀងអាហារក្នុងអាស៊ាន ២០២២-២០២៦; ២). ការធ្វើឱ្យប្រសើរឡើងនូវការបន្ស៊ីគ្នារវាងប្រព័ន្ធគាំពារសង្គម និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ; ៣). ការធ្វើឲ្យប្រព័ន្ធគាំពារសង្គមកម្ពុជាប្រកដដោយបរិយាប័ន្ន និងឆ្លើយតបគ្រោះអាសន្ន; និង៤). គាំពារសង្គមប្រកបដោយបរិយាប័ន្នដែលឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។ កម្មវិធីទាំងអស់ផ្តោតលើ លើកកម្ពស់សិទ្ធិការងារ ការងារសមរម្យ និងពង្រីកវិសាលភាពកិច្ចគាំពារសង្គមដល់កម្មករដែលងាយរងគ្រោះ ដើម្បីកាត់បន្ថយភាពក្រីក្រ និងបង្កើនការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន។
អង្គការអុកស្វាម អង្គការដៃគូ និងវេទិកាគាំពារសង្គមសម្រាប់ទាំងអស់គ្នា នឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម និងបេឡាជាតិរបបសន្តិសុខសង្គម និងក្រសួង/ស្ថាប័នពាក់ព័ន្ធនានា ដើម្បីពង្រឹងប្រព័ន្ធគាំពារសង្គមកម្ពុជាប្រកបដោយបរិយាបន្ននិងចីរភាព ក្រោមជំនួយផ្នែកបច្ចេកទេស ការងារស្រាវជ្រាវ កិច្ចសន្ទនាគោលនយោបាយ ចូលរួមចំណែកក្នុងការអនុវត្ត និងកិច្ចសហការផ្សេងៗទៀត ពង្រីកការផ្សព្វផ្សាយ និងពង្រឹងចំណេះដឹងជូនដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពីគោលនយោបាយនិងកម្មវិធីគាំពារសង្គម ជាដើម ។ល។
ចុងបញ្ចប់ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណ និងអបអរសាទរដល់ថ្នាក់ដឹកនាំ និង ក្រុមការងារទាំងអស់ ដែលបានផ្តួចផ្តើមនិងដឹកនាំរៀបចំវេទិកាថ្នាក់ជាតិនាពេលនេះ ប្រកប ដោយភាពជោគជ័យ និងការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធ។
ដោយការពោរព និងសូមអរគុណ!