មតិស្វាគមន៍ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម
វេទិកាកម្មករថ្នាក់ជាតិ ស្ដីពីគាំពារសង្គមសម្រាប់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ថ្ងៃទី ២១ វិច្ឆិកា ឆ្នាំ ២០២២
ជាបឋម នាងខ្ញុំសូមគោរព ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម
ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកអគ្គនាយកដ្ឋាន សមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រសួងកិច្ចការនារី
លោកស្រី Francesca CICCOMARTINO ប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកអភិបាលកិច្ចល្អ សិទ្ធិមនុស្ស និងការងារសមរម្យ
លោក ឡាយ សុផានិត មន្រ្តីអ្នកវិភាគ ដែលជាតំណាងមកពី ក្រុមប្រឹក្សាជាតិគាំពារសង្គម
លោក Koh, Jie Yu អ្នកគ្រប់គ្រងកម្មវិធីគាំពារសង្គមមកពីអង្គការពលកម្មអន្តរជាតិ
សូមជម្រាបសួរ នាងកញ្ញា លោក លោកស្រី តំណាងមកពីអង្គការជាតិ និងអន្តរជាតិ បងប្អូនដែលជាតំណាងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានវត្តមាននៅទីនេះ!
តាងនាមឲ្យអង្គការអុកស្វាមនៅក្នុងប្រទេសកម្ពុជា ខ្ញុំមានកិត្តិយសយ៉ាងក្រៃលែង សូមស្វាគមន៍ឯកឧត្តម លោកជំទាវ នាងកញ្ញា លោកលោកស្រី ដែលបានចូលរួមក្នុងវេទិកាកម្មករថ្នាក់ជាតិ ស្ដីពីគាំពារសង្គមសម្រាប់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាពេលនេះ ។
នាងខ្ញុំសូមថ្លែងអំណរគុណដល់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជានៅក្នុងវេទិកានាថ្ងៃនេះ ក៏ដូចជាការចូលរួមអនុវត្តគោលនយោបាយនិងកម្មវិធីគាំពារសង្គម។ សូមគោរពថ្លែងអំណរគុណដល់សហគមន៏អ៊ឺរុប ដែលបានផ្តល់ហិរញ្ញវត្ថុសម្រាប់កម្មវិធីស្តីពី ការធ្វើឱ្យប្រសើរឡើងនូវការបន្ស៊ីគ្នារវាងប្រព័ន្ធគាំពារសង្គម និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាវេទិការពិភាក្សា ដ៏មានសារសំខាន់នាថ្ងៃនេះផងដែរ។ សូមថ្លែងអំណរដល់អង្គការពលកម្មអន្តរជាតិ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទក្នុងការអនុវត្តកម្មវិធីនេះ។
កម្មវិធីនេះ មានគោលដៅពង្រឹងប្រព័ន្ធគាំពារសង្គមថ្នាក់ជាតិតាមរយៈការគាំទ្រផ្នែកបច្ចេកទេស ការស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាព ដោយផ្ដោតទៅលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការរៀបចំផែនការថវិកា និងហិរញ្ញប្បទានគាំពារសង្គម។ កម្មវិធីនេះ ផ្តោតលើកិច្ចសហប្រត្តិបត្តការ និងការគាំទ្រស្ថាប័នរដ្ឋាភិ បាលក្នុងការពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គមថ្នាក់ជាតិតាមរយៈការពង្រឹងប្រព័ន្ធសកម្មភាពដ៏មានប្រសិទ្ធភាព មានភស្តុតាងជាក់លាក់ និងដំណើររៀបចំផែនការថវិកា និងហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន។
វេទិការជជែកពិភាក្សានាថ្ងៃនេះមានសារសំខាន់ណាស់។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការចូលរួមយ៉ាងសកម្មរបស់ឯកឧត្តម នាងកញ្ញា លោកលោកស្រីទាំងអស់ វេទិកានេះនឹងកំណត់បាននូវតម្រូវការជាក់លាក់ កំណត់បាននូវវិធានការ និងសកម្មភាពចមុ្បងៗនានា សម្រាប់ជម្រុញ និងបង្កើនការទទួលបាននូវរបបសន្តិសុខសង្គមសម្រាប់កម្មការក្រៅប្រព័ន្ធ ជាពិសេសកម្មករជាស្រ្តីកាន់តែមានភាពប្រសើរឡើង ។
ក្នុងប្រទេសកម្ពុជា សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាប្រភពចំណូលផ្នែកសេដ្ឋកិច្ចដល់មនុស្សមួយចំនួនធំដែលមិនអាចស្វែងរកការងារធ្វើបានពីវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ បើតាមតួលេខរបស់អង្គការ ILO ក្នុងឆ្នាំ២០១៨ បានបង្ហាញថា ការងារក្រៅប្រព័ន្ធមានប្រមាណ ៦៨ ភាគរយ នៃកម្លាំងការងារក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និង ៧៥ ភាគរយក្នុងតំបន់អាស៊ីអាគ្នេយ៍។
វិស័យក្រៅប្រព័ន្ធជាវិស័យដែលងាយរងគ្រោះនេះ ក្នុងប្រទេសកម្ពុជាបានគ្របដណ្ដប់ប្រមាណ ៩៣,១ភាគរយ នៃចំនួនកំលាំងពលកម្មសរុប។ ក្នុងតួលេខនេះ ស្រ្ដីមានចំនួនច្រើនជាងបុរស។ បើក្រឡេកមើលក្រៅពីវិស័យកសិកម្ម បានឲ្យយើងឃើញថា ក្នុងចំណោម ៥នាក់ មាន៣នាក់គឺជាស្រ្តី នេះបង្ហាញឲ្យឃើញថាបុរសងាយស្រួលក្នុងការរកការងារក្នុងប្រព័ន្ធដែលមានប្រាក់កម្រៃសមរម្យ ជាងស្រ្តី។
កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅលើកម្មករមិនមានកិច្ចសន្យា មិនមានម៉ោងធ្វើការឬលក្ខខណ្ឌការងារច្បាស់លាស់ នឹងភាគច្រើនប្រកបរបរដោយខ្លួនឯងដែលរួមមាន កម្មករការងារតាមផ្ទះ អ្នករត់ម៉ូតូនឹងរ៉ឺម៉កឈ្មួល អ្នកដឹកជញ្ជូន អាជីវករលក់ដូរតាមដងផ្លូវ កសិករ ឬអ្នកធ្វើការក្នុងវិស័យកម្សាន្តនានាជា ដើម។
កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធបន្តជួយប្រទះបញ្ហាប្រឈមមួយចំនួន ដូចជាប្រាក់ខែទាប លក្ខខណ្ឌការងារមិនសមរម្យ កង្វះសេរីភាពពេញលេញក្នុងការចងក្រងក្រុម មិនមានសម្លេងនិងភាពជាតំណាងក្នុងការចូលរួមតាក់តែងគោលនយោបាយ ហើយពួកគេមិនទាន់ត្រូវបានទទួលស្គាល់ និងរាប់បញ្ចូលទៅក្នុងប្រព័ន្ធគាំពារសង្គមនៅឡើយ។ កត្តាទាំងអស់នេះបណ្ដាលឲ្យពួកគេមិនអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមពីរាជរដ្ឋាភិបាល។
ដោយសង្កេតឃើញស្ថានភាពនេះ អង្គការអុកស្វាម បាននិងកំពុងចូលរួមយ៉ាងសកម្មផងដែរជាមួយដៃគូនានា និងស្ថាប័នជាតិ-អន្តរជាតិ ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ចសង្គមរបស់កម្មករនិយោជិតដែលងាយរងគ្រោះទាំងអស់ ទាំងក្នុងនិងក្រៅប្រព័ន្ធ តាមរយៈការផ្តល់អនុសាសន៍ និងការចរចាជាមួយអ្នកពាក់ព័ន្ធនានាក្នុងការធ្វើសេចក្តីសម្រេចចិត្ត ដើម្បីពង្រីកវិសាលភាព ការផ្តល់ហិរញ្ញវត្ថុ និងការផ្តល់សេវាគាំពារសង្គមឲ្យរឹតតែមានប្រសិទ្ធភាព និងមានសមធម៌។
ជាមួយគ្នានេះផងដែរ អង្គការអុកស្វាមសូមអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញឲ្យប្រើប្រាស់នូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម បេឡាជាតិរបបសន្តិសុខសង្គម ច្បាប់សន្ដិសុខសង្គម ហើយជាពិសេសថ្មីៗ នេះ រាជរដ្ឋាភិបាលកំពុងតែគិតគូរសាកល្បងក្នុងការបញ្ចូលកម្មករក្រៅប្រព័ន្ធដូចជា កម្មករការងារផ្ទះ និងអ្នករត់ម៉ូតូឌុបឬរ៉ឺម៉ក ទៅក្នុងរបបសន្តិសុខសង្គម ដែលជាឳកាសមួយដ៏ល្អប្រសើរ ឆ្លើយតបទៅនឹងផលប្រយោជន៍ និងតម្រូវការរបស់កម្មករនិយោជិត ជាពិសេសស្ត្រីដែលកំពុងធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ។ ក្រោមការយកចិត្តទុកដាក់នេះ យើងសង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តយកចិត្តទុកដាក់និងពង្រីកវិសាលភាពឆ្លើយតបដល់កម្មករគ្រប់វិស័យ។ “អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្រ្តី បាននឹងកំពុងចូលរួមយ៉ាងសកម្មធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ” ដូច្នេះការទទួលបាននូវកិច្ចគាំពារសង្គម អាចធ្វើឲ្យកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធមានសេ្ថរភាពសេដ្ឋកិច្ច សុខមាលភាពប្រសើរ និងចាកផុតពីភាពក្រីក្រ។
អង្គការអុកស្វាមរួមទាំងអង្គការដៃគូទាំងអស់នឹងបន្តសហការ សំណូមពរ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់ការគាំទ្រដល់កម្មករសេដ្ឋកិច្ចក្នុងនឹងក្រៅប្រព័ន្ធលើគ្រប់វិស័យ ដើម្បីឲ្យពួកគាត់ទទួលបាននូវកិច្ចគាំពារសង្គមកាន់តែទូលំទូលាយ ។
នាងខ្ញុំសង្ឃឹមថា ឯកឧត្តម នាងកញ្ញា លោកលោកស្រី នឹងទទួលបានពត៌មាន ក៏ដូចជាការចែករំលែកថ្មី លើកិច្ចពិភាក្សានានាពីវេទិកានាថ្ងៃនេះ។
ជាចុងបញ្ចប់ ខ្ញុំសូមគោរពជូនពរដល់នាងកញ្ញា លោក លោកស្រី និងអ្នកចូលរួមទាំងអស់ ឲ្យមានសុខភាពល្អ និងជោគជ័យក្នុងការងារ។

