សុន្ទរកថាស្វាគមន៍ និងបើករបស់លោក បណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីសេចក្តីព្រាងរបាយការណ៍ការវិភាគទិដ្ឋភាពគោលនយោបាយស្តីពីជម្ងឺអត់ឆ្លងនៅក្នុងព្រះរាជាណាចក្រកម្ពុជា
នៅសណ្ឋាគារកាំបូឌីយ៉ាណា ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០
សូមគោរព៖
លោកស្រី សុខ ច័ន្ទឆវី ប្រធានកម្មវិធីអង្គការអុកស្វាមកម្ពុជា
លោក លោក ទឹម វ៉រ៉ា នាយកប្រតិបត្តិអង្គការ HACC
លោកស្រី លោកស្រី ភាណ សោភ័ណ ទីប្រឹក្សាឯករាជ្យ
ឯកឧត្តមតំណាងគណៈកម្មការទី៨នៃរដ្ឋសភា
ឯកឧត្តម លោក លោកស្រីតំណាងក្រសួងពាក់ពន្ធ័
លោកលោកស្រីតំណាងដៃគូអភិវឌ្ឍន៍នានា
លោក លោកស្រីតំណាងគ្រឹះស្ថានឧត្តមសិក្សា
លោក លោកស្រីតំណាងសមាជិកសង្គមស៊ីវិល
បងប្អូន យុវជន តំណាងសហគមន៍
តាងនាមគណៈកម្មការរៀបចំ អង្គការដៃគូ សមាជិកអង្គការសង្គមស៊ីវិល វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ឯកឧត្ដម លោក លោកស្រីនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីសេចក្តីព្រាងរបាយការណ៍ការវិភាគទិដ្ឋភាពគោលនយោបាយស្តីពីជម្ងឺអត់ឆ្លងនៅក្នុងព្រះរាជាណាចក្រកម្ពុជា នាថ្ងៃនេះ។
សិក្ខាសាលាពិគ្រោះយោបល់ក្នុងរយៈពេលមួយព្រឹកនេះរៀបចំឡើងក្នុងគោលបំណងធំៗចំនួនពីររួមមាន៖
១) ពិភាក្សាពិគ្រោះយោបល់ចែករំលែក និងផ្តល់ព័ត៌មានដល់ភាគីពាក់ព័ន្ធរួមមាន៖ ក្រសួង ស្ថាប័ន ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថានឧត្តមសិក្សា អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ អំពីការពិនិត្យ និងវិភាគគោលនយោបាយស្តីពីជម្ងឺអត់ឆ្លង និងទិដ្ឋភាពច្បាប់ទាក់ទងនឹងអនុសាសន៍លើករណីវិនិយោគជម្ងឺមិនឆ្លងចំនួន៥ ដោយពិនិត្យលើតួអង្គសំខាន់ៗ អាទិភាពគោលនយោបាយ ឱកាស និងបញ្ហាប្រឈមទាក់ទងនឹងជម្ងឺអត់ឆ្លង ជាពិសេសស្ត្រីដែលងាយរងគ្រោះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
២) ផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការបង្ហាញជម្រើសល្អៗផែនការសកម្មភាព និងថវិការបស់ស្ថាប័នខ្លួន និងពិភាក្សារកដំណោះស្រាយ ឆ្លើយតបទិដ្ឋភាពជម្ងឺអត់ឆ្លងនៅកម្ពុជា។
ឆ្លៀតក្នុងឪកាសនេះ ខ្ញុំសូមឧទ្ទេសនាម ក្រុមការងារ មួយក្នុង ចំណោម ក្រុមការងារ អង្គការសង្គមស៊ីវិលទាំងប្រាំបី ដែលសម្របសម្រួល ដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា គឺក្រុមការងារថវិកាជាតិ ដែល ជាភាសាអង់គ្លេស មានន័យថា Budget Working Group (BWG) ។ BWG ជាក្រុមការងារ អង្គការសង្គមស៊ីវិល មួយ ដែលមាន សមាជិកចំនួន១២ អង្គការជាតិ និងអន្តរជាតិ នាពេលបច្ចុប្បន្ននេះ ដែលធ្វើការ យ៉ាងសកម្មនៅតាម បណ្តាខេត្ត ទាំង២៥ នៃប្រទេសកម្ពុជាយើង ក្នុង ការលើកកម្ពស់ការយល់ដឹង បង្កើនសមត្ថភាព ការកសាងបណ្តាញការងារ និងធ្វើការជាមួយពហុភាគី ជាពិសេសសហគមន៍មូលដ្ឋានទៅលើការរៀបចំ និងការអនវុត្តគោលនយោបាយស្តីតម្លាភាព និងគណនេយ្យភាពថវិកាជាតិនៅក្នុងប្រទេសកម្ពុជាយើង ។ ក្រុមការងារនេះក៏បានផ្សារភ្ជាប់ និងការកសាងបណ្តាញជាមួយអង្គការដៃគូនៅថ្នាក់តំបន់ និងអន្តរជាតិ ដើម្បីជួយដល់សហគមន៍ងាយរងគ្រោះ ក្នុងការទទួលបានព័ត៌មានថវិកាប្រកបដោយតម្លាភាព គណនេយ្យភាព និងការចូលរួមពីសាធារណៈជនក្នុងដំណើរការរៀបចំផែនការថវិកា និងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឃនានា។ លើសពីនេះទៀតក្រុមការងារថវិកាក៍បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការពិនិត្យតាមដានការអនុវត្តគោលនយោបាយ ព្រមទាំងផ្តល់ជាមតិយល់ដើម្បីស្ថាបនាជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងធានាដល់ការអនុវត្តគោលនយោបាយ និងបទបញ្ញត្តិនានាប្រកបដោយប្រសិទ្ឋិភាពខ្ពស់ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ជាពិសេសជនដែលងាយរងគ្រោះ។
ជាក់ស្តែង សិក្ខាសាលាពិគ្រោះយោបល់នាថ្ងៃនេះបានផ្តល់ឪកាសដល់ភាគីពាក់ព័ន្ឋទាំងអស់បានចូលរួមមតិយោបល់ក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងជម្ងឺអត់ឆ្លង។ ដូចឯកឧត្ដម លោកជំទាវ លោក លោកស្រី បងប្អូន ទាំងអស់ បានលឺប្រសាសន៍ដ៏មានអត្ថន័យពីតំណាងគណៈអធិបតីមកពីអង្គការអុកស្វាម រួចហើយថាជម្ងឺអត់ឆ្លង គឺជាមូលហេតុចំបងជាងគេនៃអត្រាមរណៈភាពនៅកម្ពុជា យ៉ាងខ្ពស់រហូតទៅដល់៦៤%នៃអត្រាមរណៈសរុបនៅឆ្នាំ២០១៨។ វាក៏បានដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចជាតិ តាមរយៈតម្រូវការក្នុងការព្យាបាល និងថែទាំជម្ងឺ និងការថមថយចុះនូវផលិតភាពការងារ។ ប្រព័ន្ធសុខាភិបាល និងសេដ្ឋកិច្ចទាំងមូលទទួលរងនូវសម្ពាធយ៉ាងធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលមិនបានបណ្តែតបណ្តោយ និងព្រងើយកន្តើយនោះទេ។ រដ្ឋាភិបាល បានដាក់ចេញនូវផែនការពហុវិស័យ ដើម្បីទប់ស្កាត់ និងគ្រប់គ្រងជម្ងឺអត់ឆ្លង ហើយក៍បានដាក់ចេញនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីបង្កលក្ខណៈដល់ការអនុវត្ត។ កន្លងមករាជរដ្ឋាភិបាល បានដាក់ចេញនូវយន្តការអនុវត្តជាច្រើន ដែលបង្កលក្ខណៈដល់ការអនុវត្តផែនការសកម្មភាព និងអនុវត្តច្បាប់ និងបទបញ្ញត្តិនានា ប៉ុន្តែដើម្បីពង្រឹងវិធានការគ្រប់គ្រងថ្នាំជក់ ការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ។ ដូច្នេះ ការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងជម្ងឺអត់ឆ្លង ទាមទារឲ្យមានការចូលរួមពីវិស័យពាក់ព័ន្ធ វិនិយោគរយៈពេលវែង និងចំទិសទៅ ស្របពេល ដែលប្រទេសមានបរិយាកាសគោលនយោបាយអំណោយផល។
ឯកឧត្ដម លោកជំទាវ លោក លោកស្រី បងប្អូន ជាទីរាប់អាន!
តាមរយៈសិក្ខាសាលាពិគ្រោះយោបល់នេះ ខ្ញុំសង្ឃឹមយ៉ាងខ្លាំងថាឯកឧត្ដម លោកជំទាវ លោក លោកស្រី និងបងប្អូន ដែលមានវត្តមានក្នុងកិច្ចពិភាក្សានេះនឹងចូលរួមមតិយោបល់យ៉ាងផុលផុស ដើម្បីឆ្លើយតបទៅនឹងក្តីរំពឹងទុកនៃសិក្ខាសាលានេះ ដែលចង់ទទួលបានព័ត៌មានបន្ថែម ស្តីពីការរកឃើញ និងអនុសាសន៍សម្រាប់សេវាសុខភាពបឋម ក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងជម្ងឺអត់ឆ្លងរបស់ស្ត្រីងាយរងគ្រោះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ផ្អែកលើធាតុចូល និងអនុសាសន៍ ដែលទទួលបានពីសិក្ខាសាលាពិគ្រោះយោបល់នេះ យើងនឹងចងក្រង ជាឯកសារគោលជំហរចុងក្រោយរបស់អង្គការក្រៅរដ្ឋាភិបាល ជាមួយនឹងការរកឃើញ និងអនុសាសន៍ គន្លឹះ របស់ទីប្រឹក្សាឯករាជ្យ ដើម្បីពិភាក្សាស្វែងរកមតិគាំទ្រជាមួយអ្នកពាក់ព័ន្ធ សំខាន់ៗដើម្បីដោះស្រាយបញ្ហាជម្ងឺអត់ឆ្លងរបស់ស្ត្រី ដែលងាយរងគ្រោះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ដូច្នេះ ការចូលរួមមតិយោបល់របស់ឯកឧត្ដម លោកជំទាវ លោក លោកស្រី បងប្អូនទាំងអស់ក្នុងសិក្ខាសាលាពិគ្រោះយបល់នាថ្ងៃនេះពិតជាមានសារៈសំខាន់បំផុត។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឱ្យអង្គសិក្ខាសាលានេះប្រព្រឹត្ដទៅដោយរលូន និងជោគជ័យ និងសូមប្រសិទ្ធិពរជូនឯកឧត្ដម លោកជំទាវ លោក លោកស្រី និងបងប្អូនទាំងអស់ប្រកបដោយសុខភាពល្អបរិបូណ៌ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។
ខ្ញុំសូមប្រកាសបើកអង្គសិក្ខាសាលាចាប់ពីពេលនេះតទៅ៕
All photos by: Yu Phourn/NGOF