Remarks by Oxfam: Non-Communicable Diseases in Cambodia

សុន្ទរកថាស្វាគមន៍ របស់លោកស្រី សុខ ច័ន្ទឆវី ប្រធានកម្មវិធីអង្គការអុកស្វាម
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីសេចក្តីព្រាងរបាយការណ៍
“ការវិភាគទិដ្ឋភាពគោលនយោបាយស្តីពីជំងឺអត់ឆ្លងនៅក្នុងប្រទេសកម្ពុជា”
សណ្ឋាគារកាំបូឌីយ៉ាណា ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០
សូមគោរព និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដល់លោកជំទាវ ឯកឧត្ដម លោក លោកស្រី ទាំងអស់
តាងនាមឲ្យអង្គការអុកស្វាម នាងខ្ញុំមានកិតិ្តយស និងសេចក្តីរីករាយយ៉ាងក្រៃលែង ដោយបានមកចូលរួមនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី សេចក្តីព្រាងរបាយការណ៍ ការវិភាគទិដ្ឋភាពគោលនយោបាយពាក់ពន្ធ័នឹងជម្ងឺអត់ឆ្លង ដែលមាននៅក្នុងប្រទេសកម្ពុជា នាថ្ងៃនេះ ។ មុននឹងយើងយល់ទាំងអស់គ្នាអំពីថាតើអ្វីទៅដែលជាជម្ងឺអត់ឆ្លង ហើយតើជម្ងឺទាំងនេះមានផលប៉ះពាល់យ៉ាងណានោះ ខ្ញុំសូមអនុញ្ញាតិថ្លែងអំណរគុណដល់ក្រុមការងារថវិកាជាតិ (Budget Working Group) ដែលមានសមាជិកភាពមកពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន១២ ដែលបានរួមសហការលើការសិក្សាស្រាវជ្រាវដ៏មានសារសំខាន់នេះ ។
សូមថ្លែងអំណរគុណដល់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGOF) ដែលបានដើរតួរជាលេខាធិការដ្ឋានសម្របសម្រួលដល់ក្រុមការងារថវិកាជាតិ។ អង្គការអុកស្វាម មានសេចក្តីរីករាយយ៉ាងខ្លាំងដោយបានសហការ និងគាំទ្រទាំងបច្ចេកទេសក្នុងការពង្រឹងសមត្ថភាព ក៏ដូចជា ហិរញ្ញវត្ថុដល់ក្រុមការងារថវិកាជាតិ ជាពិសេសដល់ NGOF ដែលជាលេខាធិការដ្ឋានសម្របសម្រួលដល់ក្រុមការងារផ្នែកថវិកាជាតិ ក្នុងគោលដៅរួមចម្បងគឺ ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពក្នុងសង្គម រួមទាំងវិសមភាពផ្នែកសេដ្ឋកិច្ច វិសមភាពផ្នែកសង្គម វិសមភាពផ្នែកយេនឌ័រ ក៏ដូចជាផ្នែកនយោបាយ តាមរយៈគោលនយោបាយសារពើពន្ធ័ (Inclusive and Pro-poor Fiscal Policy of Fiscal Justice) ដែល មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងផ្តល់អាទិភាព និងយកចិត្តទុកដាក់ចំពោះក្រុមជនដែលងាយរងគ្រោះ ក្រុមជនដែលស្ថិតជាប់នឹងខ្សែបន្ទាត់នៃភាពក្រីក្រ ជាពិសេសស្រ្តី និងក្មេងស្រី។
ជាក់ស្តែង កិច្ចពិភាក្សាពិគ្រោះយោបល់ជាមួយភាគីពាក់ពន័្ធនាថ្ងៃនេះ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ ដើម្បីកំណត់ឲ្យបានច្បាស់នូវផលលំបាក និងផលប៉ះពាល់ដែលបណ្តាលមកពីជម្ងឺអត់ឆ្លងទៅលើប្រជាជន ជាពិសេសចំពោះស្រ្តី និងក្រុមជនដែលងាយរងគ្រោះ ក៏ដូចជា ការពិនិត្យមើលទៅលើគោលនយោបាយ និងការដោះស្រាយរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយបញ្ហាទាំងអស់នេះ។ កំហើញទាំងអស់នេះ គឺទុនសម្រាប់ភាគីពាក់ព័ន្ធ ដើម្បីស្វែងរកយុទ្ធសាស្ត្រ គាំទ្រ និងលើកកម្ពស់សេវាសាធារណៈចាំបាច់នានា ដើម្បីឆ្លើយតបទៅនឹងជម្ងឺអត់ឆ្លងនៅក្នុងប្រទេសកម្ពុជា ដែលមានអាត្រាខ្ពស់រហូតទៅដល់៦៤% នៃអត្រាមរណៈសរុបនៅឆ្នាំ២០១៨ ហើយដែលបានដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចជាតិតាមរយៈតម្រូវការក្នុងការព្យាបាល និងថែទាំជម្ងឺ និងការថមថយចុះនូវផលិតភាពការងារ។
អង្គការអុកស្វាម ជឿជាក់យ៉ាងមុតមាំថា ភាគីពាក់ព័ន្ធគ្រប់គ្នា ជាពិសេស រាជរដ្ឋាភិបាល និងអង្គការដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ អ្នកផ្តល់ជំនួយ នឹងយកចិត្តដាក់រួមគ្នាឆ្លើយតបនឹងអនុសាសន៍ដែលបានស្នើឡើង រៀបចំគោលនយោបាយប្រកបដោយបរិយាបន្ន ដែលជាប្រយោជន៍ដល់ក្រុមងាយរងគ្រោះបំផុត បង្កើនថវិកាដើម្បីកាត់បន្ថយនូវបញ្ហាជម្ងឺអត់ឆ្លងទាំងនេះ ជាពិសេស ចំពោះស្រ្តី និងក្រុមជនដែលងាយរងគ្រោះ។អុកស្វាមជាមួយនឹងក្រុមការងារផ្នែកថវិកាជាតិ នឹងបន្តកិច្ចពិភាក្សា ជាមួយស្ថាប័នពាក់ពន្ធ័ជាតិ និងអន្តរជាតិ និងសង្គមស៊ីវិល ដើម្បីរួមសហការគ្នាកាត់បន្ថយបញ្ហាជម្ងឺអត់ឆ្លងរបស់ស្ត្រីដែលងាយរងគ្រោះ និងក្រុមជនដែលងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា
ជាទីបញ្ចប់នេះ ខ្ញុំសូមគោពជូនពរដល់អង្គសិក្ខាសាលាទាំងមូល ទទួលបានជោគជ័យតាមការរំពឹងទុក។ សូមគោរពជូនពរលោកជំទាវ ឯកឧត្ដម លោកស្រី លោក ទទួលបាននូវសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។ សូមអរគុណ!
All photos by: Yu Phourn/NGOF