Remarks: Sub-national consultation on "CSO's inputs for Contribution to the National Strategic Development Plan 2019-2023"

Thursday, August 16, 2018

មតិចូលរួមរបស់ លោកស្រី សុខ ច័ន្ទឆវី  តំណាងអង្គការអុកស្វាមកម្ពុជា
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ក្រោមជាតិ
ស្តីពីការប្រមូលមតិយោបល់របស់អង្គការសង្គមស៊ីវិលសម្រាប់ ក្នុងការរៀបចំផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩ ដល់ឆ្នាំ២០១៣
ទីរួមខេត្តកំពង់ចាម ថ្ងៃទី ១៧ ខែសីហា​ ឆ្នាំ២០១៨

សូមជម្រាបសួរ នាងកញ្ញា លោក លោកស្រី ទាំងអស់
សូមគោរព គណៈអធិបតី
សូមគោរព និងសូមជម្រាបសួរដល់អង្គសិក្ខាសាលាទាំងមូល

តាងនាមអង្គការអុកស្វាម​នៅក្នុងប្រទេសកម្ពុជា ខ្ញុំមានកិត្តិយសយ៉ាងក្រៃលែងដែលបានចូលរួមក្នុង​នៅក្នុង សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ក្រោមជាតិ ស្តីពីការប្រមូលមតិយោបល់របស់អង្គការសង្គមស៊ីវិល ក្នុងការរៀបចំ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ​​ ដ៏មានសារសំខាន់នាថ្ងៃនេះ។​

អង្គការអុកស្វាម ទទួលស្គាល់នូវការរីកចម្រើនគួរកត់សម្គាល់នូវផ្នែកសេដ្ឋកិច្ច និងសង្គម នៅក្នុងប្រទេសកម្ពុជា ​តាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏ជាតិ ឆ្នាំ២០១៤-២០១៨​ រួមទាំងការប្រឈមនានាដែលមាននៅក្នុង ការអនុវត្តផែនការជាតិនេះ។ សូមកោតសរសើរនិងថ្លែងអំណរគុណដល់ អង្គការវេទិការសង្គមស៊ីវិលកម្ពុជា ដែលបានរៀបចំឲ្យមានកម្មវិធីនេះឡើង។

អង្គការអុកស្វាម សូមលើកទឹកចិត្តឲ្យមានការចូលរួមពិគ្រោះយោបល់យ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពជាមួយអង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ ដៃគូនិងអ្នកពាក់ព័ន្ធជាច្រើនទៀត​ ដើម្បីធានាថា ‍កម្ពុជានឹងមាន ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ​ឆ្នាំ២០១៩ ២០១៣​ ដែលមានការឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដ និងតម្រូវការជាយុទ្ធសាស្ត្ររបស់ប្រជាពលរដ្ឋ ទាំងស្រ្តី បុរស ព្រមទាំងក្រុមជនងាយរងគ្រោះ ដែលបានកំណត់យ៉ាងច្បាស់នៅក្នុង គោលដៅអភិវឌ្ឍន៏ប្រកបដោយនិរន្តរភាព ២០១៥-២០៣០​ ដែលក្នុងនោះប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោម១៩១ប្រទេស ហើយបានទទួលស្គាល់និងទទួលយកមកអនុវត្តន៏នៅតាមប្រទេសរៀងខ្លួន។

ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៨-២០២៣ គួរតែគ្របដណ្តប់នូវចំណុចសំខាន់ចំនួន៤ខាងក្រោមគឺ៖
បរិយាបន្ន៖ ចំណុចនេះសំដៅទៅលើការអភិវឌ្ឍន៏គ្រប់វិស័យ ដែលមាននៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ត្រូវតែមាននូវវិធានការច្បាស់លាស់ និងមធ្យោបាយនានា ដើម្បីធានាថា ក្រុមជនដែលមានស្ថានភាពទន់ខ្សោយ និងងាយរងគ្រោះជាងគេ ជាពិសេសគឺ ស្រ្តី និងក្មេងស្រី ទទួលបាននូវការចូលរួមយ៉ាងពេញលេញ និងបានទទួលនូវផលប្រយោជន៏ និងភាគលាភពីការអភិវឌ្ឍ និងកំណើនសដ្ឋកិច្ចប្រកបដោយសមធ៌ម

ការអភិវឌ្ឍន៏ប្រកបដោយនិរន្តរភាព៖ ក្នុងចំណុចនេះគឺសំដៅទៅលើការពង្រឹងការអភិវឌ្ឍន៏សេដ្ឋកិច្ច ដែលមានតុល្យភាពជាមួយនឹងការថែរក្សាបរិដ្ឋាន និងការអភិវឌ្ឍន៏សង្គម។

ចំណុចសំខាន់ទី៣ គឺការបង្កើននូវធនធានផ្នែកហិរញ្ញវត្ថុរបស់ជាតិ សម្រាប់ការអភិវឌ្ឍទៅតាមតម្រូវការយុទ្ឋសាស្ត្ររបស់ប្រទេស និងតម្រូវការរបស់ប្រជាពលរដ្ឋ៖ ចំណុចនេះរួមមានការបង្កើតនិងអនុវត្តនូវយុទ្ឋសាស្រ្ត វិធានការណ៏ និងមធ្យោបាយនានាដើម្បីបង្កើននូវចំណូលថវិកាជាតិ ព្រមទាំងបង្កើនការចំណាយផ្នែកសង្គមប្រកបដោយប្រសិទ្ធភាព និងគុណភាព ដូចជាការអនុវត្តនូវគោលនយោបាយកិច្ចគាំពារសង្គមឲ្យបានទូលំទូលាយ​ រួមមានសេវាសុវត្ថភាពសង្គម ជំនួយផ្នែកសង្គម ការធានាឲ្យមានការងារសមរម្យនៅក្នុងសង្គម ជាដើម ។ល។ ជាពិសេស សម្រាប់ក្រុមជនដែលងាយរងគ្រោះ និងការបង្កើនសមត្ថភាព និងសក្តានុពលរបស់យុវជនដើម្បីឲ្យក្លាយជាធនធានមនុស្ស ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងវិសមភាព​នៅក្នុងសង្គម។​

ចំណុចសំខាន់មួយទៀត គឺសំដៅទៅលើការលើកកម្ពស់ និងការពង្រឹងអភិបាលកិច្ច និងទំនួលខុសត្រូវល្អលើគ្រប់វិស័យទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។​​ ចំណុចខាងលើនេះ ជាមូលដ្ឋានដ៏សំខាន់សម្រាប់ឈានទៅសម្រេចបាននូវចំណុចសំខាន់ៗ ដែលបានលើកឡើងខាងលើ។​

អង្គការអុកស្វាម ស្នើសូមឲ្យមានការពង្រឹងភាពជាដៃគូយ៉ាងជិតស្និទរវាងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាការអភិវឌ្ឍផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិបានគ្រប់ជ្រុងជ្រោយ និងការអនុវត្តប្រកបដោយជោគជ័យ សម្រាប់ផលប្រយោជន៏ដល់ប្រជាជនកម្ពុជា។ អង្គការអុកស្វាមត្រៀមខ្លួនជាស្រេចដើម្បីបន្តការរួមចំណែកក្នុងការអភិវឌ្ឍ ការអនុវត្តន៏និងការត្រួតពិនិត្យ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ ២០១៩​-២០២៣ ដើម្បីធានាថាគោលការណ៏ ៉គ្មាននរណាម្នាក់ត្រូវបានផាត់ចេញ ៉ ដែលមាននៅក្នុងគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពឆ្នាំ២០១៥-២០៣០​ ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព។

សូមថ្លែងអំណរគុណសារជាថ្មីម្តងទៀត និងសូមជូនពរដល់អង្គសិក្ខាសាលាទាំងងមូលទទួលបាននូវលទ្ធផលទៅតាមការគ្រោងទុក និងសូមជូនពរដល់អ្នកចូលរួមទាំងអស់សូមមានសុខភាពមាំមួន និងទទួលបានជោគជ័យនិងគ្រប់ភារកិច្ច។