មតិស្វាគមន៍ និងថ្លែងបើក
លោកស្រី សុខចាន់ ឆវី តំណាងអង្គការអុកស្វាមនៅកម្ពុជា
វគ្គបណ្តុះបណ្តាលស្តីពីការស៊ើបអង្កេតលើការអនុវត្តកាតព្វកិច្ចផ្នែកគោលនយោបាយបរិស្ថាន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់
ថ្ងៃទី១០ - ១១ ខែសីហា ឆ្នាំ២០២២
តាងនាមឱ្យអង្គការអុកស្វាមនៅកម្ពុជា និងសមាជិកសម្ព័នហិរញ្ញវត្ថុយុត្តិធម៌នៅកម្ពុជា(FFC) នាងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់លោកជំទាវ ឯកឧត្តម លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ដែលមានចំណាប់អារម្មណ៏ចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការស៊ើបអង្កេតលើការអនុវត្តកាតព្វកិច្ចផ្នែកគោលនយោបាយបរិស្ថាន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ថ្ងៃនេះដែលបានរៀបចំដោយសម្ព័នហិរញ្ញវត្ថុយុត្តិធម៌នៅកម្ពុជា ។
វគ្គបណ្តុះបណ្តាលថ្ងៃនេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់លោកជំទាវ ឯកឧត្តម លោក លោកស្រី អ្នកនាងកញ្ញាដោយសារវគ្គបណ្តុះបណ្តាលនេះបានផ្តោតសំខាន់ទៅលើប្រធានបទដែលពាក់ព័ន្ធចំនួន៤រួមមានៈ
- ការស៊ើបអង្កេតលើខ្សែច្រវ៉ាក់ផ្គត់ផ្គង់/(Supply Chain Investigations)
- ការបើកនិស្សារណកម្ម/(Opening Extractives)
- ភាពវៃឆ្លាតប្រភពបើកចំហផ្នែកហិរញ្ញវត្ថុ/(Financial Open Source Intelligence) និង
- ការបើកភាពជាដៃគូកិច្ចសន្យា/(Open Contracting Partnership)
ដោយមានការសម្របសម្រួល និងគាំទ្រពីសម្ព័នហិរញ្ញវត្ថុយុត្តិធម៌អាស៊ី (FFA) វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំទ្បើង ដោយមានការឧបត្ថម្ភមូលនិធិពីស្ថានទូតប្រទេសស៊ុតអែតប្រចាំនៅទីក្រុងបាងកក។ វគ្គបណ្តុះបណ្តាលកន្លៈថ្ងៃដែលមាន រយៈពេលពីរថ្ងៃនេះ គឺបង្រៀន និងសម្របសម្រួលដោយមជ្ឈមណ្ឌលសម្រាប់សារព័ត៌មានស៊ើបអង្កេត / the Centre for Investigative Journalism (CIJ)។ CIJ មានជំនាញ និងបទពិសោធន៍យ៉ាងច្រើនទាក់ទងនឹងការផ្តល់ការបណ្តុះ បណ្តាលជំនាញស៊ើបអង្កេតដល់អ្នកសារព័ត៌មាន អ្នកសិក្សាស្រាវជ្រាវ អង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធដទៃទៀតចាប់តាំងពីឆ្នាំ ២០០៣ មកម្លេះ ជាពិសេសវគ្គបណ្តុះបណ្តាលស្តីពីការស៊ើបអង្កេតលើការអនុវត្តកាតព្វកិច្ចផ្នែកគោលនយោបាយបរិស្ថាន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នេះតែម្តង។ នៅក្នុងរយៈពេលពីរថ្ងៃនេះ យើងនឹងមានគ្រូបណ្តុះបណ្តាលល្អៗ ដែលមានបទពិសោធន៍ ជំនាញ និងចំណេះដឹងជាច្រើនឆ្នាំដែលពាក់ព័ន្ធនឹងប្រធានបទនេះក្នុងថ្នាក់តំបន់ ក៏ដូចជាថ្នាក់អន្តរជាតិផងដែរ ហើយដែលពួកគាត់នឹងខិតខំផ្ទេរចំណេះដឹង និងជំនាញទាំងអស់នោះជូនលោកជំទាវ ឯកឧត្តម លោក លោកស្រី អ្នកនាងកញ្ញា តាមរយៈការលើកយកឧទាហរណ៍ និងបទពិសោធន៍ជាក់ស្តែង ដើម្បីយកមកចែករំលែកនាឪកាសដ៏វិសេសវិសាលនេះ។
ទាក់ទងទៅនឹងសម្ព័នហិរញ្ញវត្ថុយុត្តិធម៌នៅកម្ពុជា (FFC) គឺជាគម្រោងមួយដែលអនុវត្តដោយអង្គការអុកស្វាមនៅកម្ពុជា និងអង្គការដៃគូ ហើយដែលគម្រោងនេះមានគោលបំណងផ្តោតសំខាន់លើផ្នែកហិរញ្ញវត្ថុប្រកបដោយចីរភាពជាមួយនឹងស្ថាប័នហិរញ្ញវត្ថុដែលមានតម្លាភាព និងគណនេយ្យភាពដែលអនុវត្តតាមលក្ខណៈវិនិឆ្ឆ័យបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) Criteria នៅក្នុងសកម្មភាពអាជីវកម្មរបស់ពួកគេ និងការសម្រេចចិត្តក្នុងការបណ្តាក់ទុន។ សម្ព័នហិរញ្ញវត្ថុយុត្តិធម៌នៅកម្ពុជា បានធ្វើការងារ និងសហប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធសំខាន់ៗរួមមាន រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នសិក្សាស្រាវជ្រាវ អ្នកសារព័ត៌មាន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងស្ថាប័នហិរញ្ញវត្ថុ (FIs) នៅកម្ពុជា ដើម្បីផ្តល់ការកសាងសមត្ថភាពទាក់ទងនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG ) ជាមួយនឹងហិរញ្ញវត្ថុប្រកបដោយចីរភាព និងប្រធានបទពាក់ព័ន្ធផ្សេងទៀត។
សម្ព័នហិរញ្ញវត្ថុយុត្តិធម៌នៅកម្ពុជា ក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័នហិរញ្ញវត្ថុយុត្តិធម៌អាស៊ី (FFA) ជាបណ្តាញក្នុងតំបន់នៃអង្គការសង្គមស៊ីវិលអាស៊ី (CSOs) ដែលមានការប្តេជ្ញាខ្ពស់ក្នុងការធានាថាការសម្រេចចិត្តផ្តល់មូលនិធិរបស់ ស្ថាប័នហិរញ្ញវត្ថុនៅក្នុងតំបន់គោរពដល់សុខុមាលភាពសង្គម និងបរិស្ថានរបស់សហគមន៍មូលដ្ឋាន។ ជាងនេះទៅទៀតនៅកំរិតអន្តរជាតិ យើងធ្វើការសហការជាមួយសម្ព័នហិរញ្ញវត្ថុយុត្តិធម៌អន្តរជាតិ (FFI) ដែលជាបណ្តាញសង្គមស៊ីវិល អន្តរជាតិដែលមានដៃគូអង្គការសង្គមស៊ីវិលជាង ១០០ និងសម្ព័ន្ធមិត្ត ដែលផ្តួចផ្តើមដោយអង្គការអុកស្វាម ក្នុងការស្វែងរកការពង្រឹងការប្តេជ្ញាចិត្តរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតចំពោះស្តង់ដារសង្គម បរិស្ថាន និងសិទ្ធិមនុស្ស។
នាងខ្ញុំសង្ឈឹមយ៉ាងមុតមុំាថា លោកជំទាវ ឯកឧត្តម លោក លោកស្រី អ្នកនាងកញ្ញា នឹងចូលរួមចែករំលែកបទពិសោធន៍ និងពិភាក្សាផ្លាស់ប្តូរគំនិតយោបល់គ្នាប្រកបដោយន័យស្ថាបនា និងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីពីវគ្គបណ្តុះ បណ្តាលដ៏មានសារៈសំខាន់នាថ្ងៃនេះ។
ជាទីបញ្ចប់ នាងខ្ញុំសូមគោរពជូនពរដល់លោកជំទាវ ឯកឧត្តម លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ សូមជួបតែសុខភាពល្អបរិបូរណ៍ និងសម្រេចការងារជោគជ័យគ្រប់ប្រការ និងសូមឱ្យវគ្គបណ្តុះបណ្តាលថ្ងៃនេះប្រព្រឹត្តទៅដោយរលូន និងសូមប្រកាសបើកវគ្គបណ្តុះបណ្តាលស្តីពីការស៊ើបអង្កេតលើការអនុវត្តកាតព្វកិច្ចផ្នែកគោលនយោបាយបរិស្ថាន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ចាប់ពីពេលនេះតទៅ។