មតិចូលរួមរបស់អង្គការអុកស្វាមកម្ពុជាក្នុងកម្មវិធី កិច្ចជជែកពិភាក្សាវគ្គផ្តាច់ព្រ័ត្រ ស្តីពី ចំណូលថវិកាជាតិ (National Revenue)
ថ្ងៃសុក្រ ទី ១៨ ខែតុលា ឆ្នាំ២០១៩
សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (ជាន់ទី ៥)
សូមក្រាបថ្វាយបង្គំព្រះតេជគុណជាទីគោរពសក្ការៈ
សូមគោរពនិងជម្រាបសួរ ភ្ញៀវកិត្តិយស គណៈកម្មាការ ក្រុមបេក្ខជនប្រកួត នាងកញ្ញា លោក លោកស្រី ប្អូនៗនិស្សិត ដែលមានវត្តមាននៅទីនេះ!
តាងនាមឲ្យអង្គការអុកស្វាមប្រចាំប្រទេសកម្ពុជា ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយ ដែលបានចូលរួមក្នុងកិច្ចជជែកពិភាក្សារបស់ប្អូនៗ យុវជន យុវតី ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទស្តីអំពី ចំណូលថវិកាជាតិ នាពេលនេះ។
នៅក្នុងប្រទេសកម្ពុជា យុវជន ១ក្នុងចំណោម ៥នាក់ មានអាយុពី១៥ ដល់២៤ ឆ្នាំ ហើយ ២ ភាគ៣ នៃប្រជាជនមានអាយុក្រោម ៣០ឆ្នាំ។ ៤៨.៤ ភាគរយនៃប្រជាជន គឺជាជនសកម្មនៅក្នុងសេដ្ឋកិច្ច ដែលមានអាយុ ១៥ ដល់ ៤៩ឆ្នាំ។ នេះសរបញ្ជាក់ថា ប្រទេសកម្ពុជាមានប្រជាជនវ័យក្មេងដែលមានសក្តានុពលក្នុងការជំរុញការផ្លាស់ប្តូរគោលនយោបាយ និងអភិបាលកិច្ចនៅក្នុងប្រទេស។
ប្រទេសកម្ពុជាបានចាត់ទុកយុវជនជាធនធានគន្លឹះ និងមានតម្លៃបំផុតនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងរក្សាសន្តិភាព ទាំងនាពេលបច្ចុប្បន្ននិងអនាគត។ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជន ឆ្នាំ២០១១ មានចក្ខុវិស័យច្បាស់លាស់ ក្នុងការអភិវឌ្ឍសមត្ថភាពយុវជន និងផ្តល់ឱកាសឲ្យពួកគេអភិវឌ្ឍសក្តានុពលនៅក្នុងការអប់រំ ការងារប្រកបការងារសមស្របនិងថ្លៃថ្នូរ មានសុខភាពល្អ មានការចូលរួមធ្វើសេចក្តីសម្រេច និងការអភិវឌ្ឍសហគមន៏ និងប្រទេសជាតិ។
កិច្ចជជែកពិភាក្សានាថ្ងៃនេះ គឺជាការរួមចំណែកដ៏សំខាន់មួយក្នុងការអនុវត្តគោលនយោបាយខាងលើនេះ។ ការលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងគ្រប់វិស័យទាំងអស់នៅក្នុងសង្គម និងក្នុងដំណើរនៃការធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់កម្រិត អាចផ្តល់អត្ថប្រយោជន៍ដល់យុវជនផង និងរាជរដ្ឋាភិបាលផង ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្ត។ លើសពីនេះទៅទៀត ការចូលរួមរបស់យុវជនក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត អាចពង្រឹងការយល់ដឹងរបស់ពួកគេចំពោះបញ្ហាពាក់ព័ន្ធនានា ក៏ដូចជាពង្រឹងស្មារតីនៃការទទួលខុសត្រូវរបស់ពួកគេក្នុងការចូលរួមដោះស្រាយបញ្ហាទាំងនោះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់អង្គការតម្លាភាពកម្ពុជា ដែលបានផ្តួចផ្តើមគំនិតរៀបចំកិច្ចជជែកពិភាក្សា ជាមួយប្រធានបទដ៏មានសារៈសំខាន់នេះ ដើម្បីឱ្យយុវជនមានឱកាសចូលរួម ស្វែងយល់ និងបញ្ចេញសមត្ថភាពពិភាក្សាលើប្រធានបទនានាទាក់ទងទៅនឹងចំណូលថវិកាជាតិ ដែលជាប្រធានបទមួយមានសារៈសំខាន់ ហើយដែលពុំទាន់មានការជជែកពិភាក្សាជាសារធារណៈឲ្យបានទូលំទូលាយនៅឡើយ។
ចំណូលថវិកាជាតិ ដើរតួរនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការវិនិយាគទៅលើកិច្ចអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។ ពលរដ្ឋគ្រប់រូប គួរមានការយល់ដឹងដើម្បីពង្រឹងការបង្កើនចំណូលថវិកាជាតិ និងចូលរួមចំណែកផ្តល់យោបល់លើការបែងចែក និងប្រើប្រាស់ថវិកាជាតិឲ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីដោះស្រាយភាពក្រីក្រនិងវិសមភាពនៅក្នុងសង្គម។ ការវិនិយោគថវិកាជាតិ ត្រូវតែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមដែលងាយរងគ្រោះនៅក្នុងសង្គមរបស់យើង។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី២ហើយ ដែលអង្គការតម្លាភាពកម្ពុជា និងអង្គការអុកស្វាមប្រចាំកម្ពុជា បានរៀបចំកម្មវិធីជជែកពិភាក្សានេះឡើង ដើម្បីបង្កើនសមត្ថភាពយុវជនក្នុងការប្រមូល និងវិភាគព័ត៌មាននិងសមត្ថភាពលើការបង្ហាញនិងពិភាក្សាជាសាធារណៈ។ យើងមានភាពរីករាយណាស់ ដោយឃើញមានការចាប់អារម្មណ៍ចូលរួមច្រើនពីសំណាក់យុវជន។ ចំណុចសំខាន់ម្យ៉ាងទៀត គឺមានយុវនារីជាច្រើនចូលរួម ហើយមានសមត្ថភាពនិងភាពប៉ិនប្រសប់ក្នុងការជជែកពិភាក្សា គួរឲ្យកោតសរសើរ។
អង្គការអុកស្វាម មានភាពរីករាយ ដោយបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងចូលរួមកាត់បន្ថយភាពក្រីក្រ។ រាល់កម្មវិធីធំៗ ដែលអង្គការអុកស្វាមបានធ្វើនិងកំពុងធ្វើ គឺមានការបញ្ចូលយុវជន យុវនារី ជាពិសេសយុវជនដែលងាយរងគ្រោះ ក្នុងគោលបំណងធានាថា ពួកគេអាចចូលរួមពេញលេញ និងសកម្មភាព រាល់គ្រប់ទិដ្ឋភាព ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងបរិស្ថាន។ អង្គការអុកស្វាម នឹងបន្តសហការ និងធ្វើការជាមួយដៃគូពាក់ព័ន្ធនានា លើកកម្ពស់សមត្ថភាពនិងការចូលរួមរបស់យុវជនលើគ្រប់វិស័យ។
ជាចុងបញ្ចប់ ខ្ញុំសូមជូនពរឱ្យកម្មវិធីជជែកពិភាក្សានាព្រឹកនេះ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងសូមគោរពជូនពរដល់នាងកញ្ញា លោក លោកស្រីជាគណៈកម្មាការ ព្រះតេជគុណគ្រប់ព្រះអង្គ ប្អូនៗនិស្សិត និងអ្នកចូលរួមទាំងអស់ ឲ្យមានសុខភាពល្អ និងជោគជ័យក្នុងការងារ និងសូមប្រកាសបើកកម្មវិធីនាពេលនេះ៕