មតិចូលរួមរបស់តំណាងអង្គការអុកស្វាមកម្ពុជា
លោក តាន់ វិសាល អ្នកសម្របសម្រួលគម្រោងកិច្ចគាំពារសង្គម
ទិវាកម្មករការងារផ្ទះអន្តរជាតិលើកទី១០ ស្តីពី
“តម្លៃយើង សិទ្ធិយើង”
ថ្ងៃពុធ ទី ១៦ ខែមិថុនា ឆ្នាំ ២០២១
សូមជម្រាបសួរ នាងកញ្ញា លោក លោកស្រី ដែលមានវត្តមានតាមបណ្តាញសង្គមនាពេលនេះ
តាងនាមឲ្យអង្គការអុកស្វាមនៅក្នុងប្រទេសកម្ពុជា ខ្ញុំមានកិត្តិយសយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងទិវាកម្មករការងារផ្ទះអន្តរជាតិលើកទី១០ នាពេលនេះ ។ សូមថ្លែងអំណរគុណដល់ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដែលបានរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ ដើម្បីជាការរំលឹក អបអរ និងបង្កើននូវចំណេះដឹងជាសាធារណៈអំពីការចូលរួមចំណែកដ៏សំខាន់របស់កម្មករការងារតាមផ្ទះដែលភាគច្រើនលើសលុបជាស្រ្តី ។
កម្មករការងារផ្ទះ បានចូលរួម យ៉ាងសកម្មក្នុងការរកប្រាក់ចំណូល បង្កើនសុខមាលភាពសង្គម ធ្វើឲ្យមានចរន្តការងារគ្រប់វិស័យ និងរួមចំណែកទៅក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
ជាអកុសលក្នុងពេលនេះ កម្មករក្រៅប្រព័ន្ធទាំងអស់រួមទាំងកម្មករការងារតាមផ្ទះផងដែរ កំពុងតែជួបវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះមហន្តរាយនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យកម្មករបាត់បង់ការងារធ្វើ បាត់បង់ចំណូល កើននូវបំណុលវ័ណ្ឌក និងសុខភាពផ្លូវចិត្តថមថយ ។ ជាឧទាហរណ៍ ប្រពន្ធរបស់ខ្ញុំក៏ប្រកបរបរក្រៅប្រព័ន្ធផងដែរ គឺបើកអាហារដ្ឋានតូចមួយដែលមានកម្មករចំនួន៣នាក់ ដែលក្នុងរយៈពេលដ៏លំបាកនៃវិបត្តិកូវីដ១៩នេះ យើងត្រូវបិទហាងជាង ៣ខែ គាត់បាត់បង់ចំណូល គាត់ខូចចិត្ត គាត់ស្មុគ្រស្មាញ កម្មករទាំងអស់ត្រូវបាត់ការងារ និងប្រាក់ខែ ប៉ុន្តែជាសំណាងដែលខ្លួនខ្ញុំនៅមានការងារធ្វើអាចនៅជាជំហរបានខ្លះ ចុះកម្មករដែលពួកគាត់មានចំណូលតែមួយមុខពីការងាររបស់ខ្លួនដែលត្រូវជាជំហរគ្រួសារដែរនោះ តើពួកគាត់លំបាកយ៉ាងណា?
ខ្ញុំសូមលើកទឹកចិត្តឲ្យកម្មករការងារផ្ទះទាំងអស់ ស្ថិតក្នុងជំហររឹងមាំជានិច្ច បន្តនូវសាម្គីភាព បន្តនូវការចងក្រងគ្នាជាក្រុមរឹងមាំ បន្តពង្រឹងសមត្ថភាព និងបន្តចូលរួមក្នុងការតស៊ូមតិ ។
តម្លៃយើង សិទ្ធិយើង! កម្មករការងារផ្ទះត្រូវការការងារសមរម្យ ត្រូវការសុវត្ថិភាពនៅកន្លែងធ្វើការ ត្រូវការរបបនៃកិច្ចគាំពារសង្គមពេញលេញ ។
ត្រូវបញ្ឈប់រាល់ការរើសអើង និងការបៀនបៀន! មិនត្រូវមានដាច់ខាតនូវពាក្យថាខ្ញុំគេ កញ្ជះគេ ឬទាសករ! យើងជាកម្មករការងារតាមផ្ទះ!
ថ្ងៃនេះជាខួបលើកទី១០នៃអនុសញ្ញាពលកម្មអន្តរជាតិលេខ១៨៩ ស្តីពីកម្មករការងារតាមផ្ទះ ដូច្នេះ យើងខ្ញុំសូមទទូច និងលើកទឹកចិត្តយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវ សច្ចាប័ន្ន ដល់អនុសញ្ញាពលកម្មអន្តរជាតិលេខ ១៨៩ នេះឲ្យបានឆាប់រហ័សដើម្បីជាប្រយោជន៍ដល់កម្មករការងារផ្ទះទាំងអស់
យើងខ្ញុំសូមថ្លែងអំណរគុណផងដែរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ក្នុងការបញ្ចូលកម្មករការងារផ្ទះទៅក្នុងច្បាប់សន្តិសុខសង្គម ប៉ុន្តែយើងខ្ញុំសូមឲ្យមានការអនុវត្តច្បាប់នេះឲ្យបានឆាប់ និងទូលំទូលាយដល់កម្មករការងារផ្ទះ និងដល់កម្មករក្រៅប្រព័ន្ធដទៃទៀតផងដែរ ។
អង្គការអុកស្វាមនឹងបន្តគាំទ្រដល់សមាគម IDEA ទាំងថវិកា និងបច្ចេកទេសយូរអង្វែងទៅមុខទៀតក្នុងបេសកកម្មដ៏មានសារៈសំខាន់ និងដ៏លំបាកមួយនេះ។
ជាចុងបញ្ចប់ ខ្ញុំសូមគោរពជូនពរដល់នាងកញ្ញា លោក លោកស្រី និងអ្នកចូលរួមទាំងអស់ ឲ្យមានសុខភាពល្អ និងជោគជ័យក្នុងការងារ។ ជយោ! កម្មករការងារតាមផ្ទះ