មតិចូលរួមរបស់ លោកស្រី សុខ ច័ន្ទឆវី
ប្រធានកម្មវិធី អង្គការអុកស្វាមកម្ពុជា
ទិវាអន្តរជាតិ ចំពោះអ្នកលក់ដូរតាមដងផ្លូវ ១៤ វិច្ឆិកា លើកទី ០៧
ថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០១៩
សូមជម្រាបសួរ នាងកញ្ញា លោក លោកស្រី ដែលមានវត្តមាននៅទីនេះ
សូមគោរព គណៈអធិបតី និងតំណាងមកពីអង្គការជាតិ និងអន្តរជាតិ ជាទីគោរព!
ជាដំបូង នាងខ្ញុំសូមគោរព និងថ្លែងអំណរគុណដោយស្មោះដល់បងប្អូន ពូមីង ដែលបានចំណាយពេលមកចូលរួមតាំងពីព្រលឹម។ អ្នកប្រកបរបរតាមដងផ្លូវ គឺជាកម្លាំងចលករដ៏សំខាន់នៅក្នុងសង្គមដែលមិនអាចខ្វះបាន ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍ។
តាងនាមឲ្យអង្គការអុកស្វាមនៅក្នុងប្រទេសកម្ពុជា ខ្ញុំមានកិត្តិយសយ៉ាងក្រៃលែងដែលបានចូលរួមក្នុងទិវាអ្នកលក់ដូរតាមដងផ្លូវអន្តរជាតិលើកទី នាពេលនេះ។ សូមថ្លែងអំណរគុណដល់ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអង្គការមជ្ឍមណ្ឌលសាមគ្គីភាព តំណាងអង្គការនានា ដែលបានសហការជាមួយអង្គការអុកស្វាម ក្នុងការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះ ដើម្បីជាការរំលឹក និងបង្កើនការយល់ដឹងជាសាធារណៈអំពីការចូលរួមចំណែកដ៏សំខាន់របស់អ្នកលក់ដូរតាមដងផ្លូវ ទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ និងការប្រឈមចម្បងៗរបស់ពួកគេ។
នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតក្នុងពិភពលោក អាជីវកម្ម អាជីវករ ឬអ្នកលក់ដូរតាមដងផ្លូវ មានចំនួនកើនឡើងជាលំដាប់ និងឆាប់រហ័ស ព្រោះវាជាប្រភពការងារ និងប្រភពចំណូលយ៉ាងសំខាន់សំរាប់គ្រូសារដែលមានជីវភាពកម្រិតទាប។ យើងបានដឹងហើយថា អ្នកលក់ដូរតាមដងផ្លូវ គឺជាអ្នកលក់ដូរឥវ៉ាន់ ម្ហូបអាហារ បន្លែបង្កា ប៉ះកង់ម៉ូតូ និងទំនិញផ្សេងៗទៀតនៅតាមទីសាធារណៈ ហើយជារួម គ្មានទីតាំងរឹងមាំ ឬជាក់លាក់ឡើយ។ អ្នកលក់ដូរតាមដងផ្លូវ ប្រើប្រាស់ចិញ្ចើមផ្លូវ ឬទីតាំងឯកជន ឬសាធារណៈ ហើយក៏អាចធ្វើការបំលាស់ទីពីកន្លែងមួយទៅកន្លែងមួយ ដើម្បីលក់ដូរ ឬប្រកបអាជីវកម្ម។ បើតាមតួលេខរបស់វិទ្យាស្ថានជាតិ ស្ថិតិក្នុងឆ្នាំ ២០១៧ (NIS/EC2017) បានបង្ហាញថាបុគ្គលស្វ័យនិយោជន៍ទូទាំងប្រទេស ដែលរួមទាំងអ្នកលក់ដូរតាមដងផ្លូវផងដែរ មានចំនួន៤៥% (២៣.៥%នៅភ្នំពេញ) ស្មើនឹង ៣,៩០៣,០០០ នាក់ (២៥០,០០០នាក់) នៃចំនួនអ្នកមានការងារធ្វើសរុបដែលមានចំនួនប្រហែល ១០ លាននាក់ ហើយក្នុងនោះមានស្រ្តីជាង ៥០% ។ អ្នកលក់ដូរតាមដងផ្លូវនៅប្រទេសកម្ពុជា ក៏ដូចជាប្រទេសដទៃជាច្រើនទៀត ដែលពុំទាន់មានគោលនយោបាយ ឬច្បាប់ជាក់លាក់ណាមួយដើម្បីការពារផលប្រយោជន៏ និងធ្វើឲ្យប្រសើរឡើងដល់លក្ខខណ្ឌការងាររបស់អ្នកលក់ដូរតាមដងផ្លូវនៅឡើយទេ។ ពួកគេបន្តជួបប្រទះការលំបាកជាច្រើន ដូចជាការគ្មានស្ថេរភាពប្រាក់ចំណូល និងគ្មានទីតាំងជាក់លាក់សំរាប់ប្រកបរបរ មានការរើសអើងនិងកៀបសង្កត់ និងជួនកាលត្រូវបានរំខាន ឬបំពានពីម្ចាស់ទីតាំង ពីអាជ្ញាធរមូលដ្ឋានក្នុងការបណ្តេញចេញពីទីតាំងលក់ដូរ ជាពិសេសនៅពេលដែលប្រទេសមានការរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធខ្ពស់។ ស្រ្តីដែលអ្នកលក់ដូរតាមដងផ្លូវកាន់តែមានការប្រឈមខ្ពស់ ជាពិសេសសម្រាប់អ្នកដែល មានកូចតូចហើយគ្មានអ្នកថែរក្សា។
ម៉្យាងទៀត អ្នកលក់ដូរតាមដងផ្លូវភាគច្រើនមានចំណេះដឹងមានកម្រិត មិនមានស្ថេរភាពដល់លក្ខខណ្ឌរស់នៅ និងមានប្រាក់ចំណូលទាប ក្រោមប្ញជាប់នឹងខ្សែបន្ទាត់នៃភាពក្រីក្រផងដែរ។ ពួកគេងាយរងគ្រោះចំពោះស្ថានភាពសុខភាព មានហានីភ័យចំពោះស្ថានភាពសេដ្ឋកិច្ចនិងសង្គម បញ្ហាអស្ថេរភាពចំណូល ។
“អ្នកលក់ដូរតាមផ្លូវចូលរួមយ៉ាងសកម្មធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ អ្នកលក់ដូរតាមផ្លូវមានសិទ្ធិដូចកម្មករក្នុងវិស័យដទៃទៀតដែរ”។ គោលនយោបាយសម្រាប់ការពារផលប្រយាជន៏សមស្របសម្រាប់អ្នកលក់ដូរតាមដងផ្លូវ គឺជាការចាំបាច់។ ទន្ទឹមនឹងនេះ ការទទួលបាននូវរបបកិច្ចគាំពារសង្គម និងសុខមាលភាពដែលរួមបញ្ចូលទាំងការធានាសុខភាព ការថែទាំកុមារ ការអប់រំ ការមានអនាម័យ និងសុវតិ្ថភាពនៅកន្លែងលក់ដូរ និងការទទួលបានសេវាហិរញ្ញវត្ថុ គឺជារឿងសំខាន់ខ្លាំងណាស់ ហើយដែលពួកគាត់ត្រូវតែទទួលបានជាដាច់ខាត។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកលក់ដូរតាមផ្លូវឲ្យមានប្រសិទ្ធភាព ជាការចាំបាច់ដែលទាមទារបន្តឲ្យមាន ការចងក្រងក្រុម ការពង្រឹងសមត្ថភាព និងការចូលរួមវិភាគស្ថានភាពឲ្យបានល្អិតល្អន់អំពីតម្រូវការជាក់លាក់របស់ពួកគាត់ ហើយត្រូវផ្តល់ឱកាសក្នុងការចូលរួមបង្កើតគោលនយោបាយនានា ដែលឆ្លើយតបទៅនឹងតម្រូវការ ការចូលរួមអនុវត្តគម្រោង ការចូលរួមធ្វើសេចក្តីសម្រេចចិត្ត និងការដឹកនាំ។
អង្គការអុកស្វាម មានកិតិ្តយសដោយបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មជាមួយដៃគូនានា និងស្ថាប័នជាតិ-អន្តរជាតិ ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ចរឹងមាំក្នុងសង្គមរបស់កម្មករនិយោជិតដែលងាយរងគ្រោះទាំងអស់ ទាំងក្នុង និងក្រៅប្រព័ន្ធ តាមរយៈការផ្តល់អនុសាសន៍ និងការសន្ទនាសង្គមជាមួយអ្នកពាក់ព័ន្ធនានាក្នុងការធ្វើសេចក្តីសម្រេចចិត្ត ដើម្បីពង្រីកវិសាលភាព ការផ្តល់ហិរញ្ញវត្ថុ និងការផ្តល់សេវាគាំពារសង្គមឲ្យរឹតតែមានប្រសិទ្ធភាព និងមានសមធម៌។ អង្គការអុកស្វាម សូមធ្វើការកោតសរសើរដល់ សមាគម IDEA ដែលបានប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីធ្វើឲ្យសិទ្ធិ សេរីភាព ជីវភាព និងការរស់នៅរបស់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ឲ្យរឹតតែប្រសើរឡើង។
អង្គការអុកស្វាម សូមអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញឲ្យប្រើប្រាស់នូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម បេឡាជាតិរបបសន្តិសុខសង្គម ហើយជាពិសេសថ្មីៗនេះ រាជរដ្ឋាភិបាលកំពុងតែគិតគូរក្នុងការបញ្ចូលកម្មករក្រៅប្រព័ន្ធ ដូចជាកម្មករការងារផ្ទះ និងបុគ្គលស្វ័យនិយោជន៍ទៅក្នុងរបបសន្តិសុខសង្គម ដែលជាឱកាសមួយដ៏ល្អប្រសើរ ឆ្លើយតបទៅនឹងផលប្រយោជន៍ និងតម្រូវការរបស់កម្មករនិយោជិត ជាពិសេសស្ត្រីដែលកំពុងធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ។ ក្រោមការយកចិត្តទុកដាក់នេះ យើងសង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តយកចិត្តទុកដាក់និងពង្រីកវិសាលភាពឆ្លើយតបដល់កម្មករគ្រប់វិស័យរួមទាំងអ្នកប្រកបរបរលក់ដូរតាមផ្លូវផងដែរ។
អង្គការអុកស្វាមនឹងបន្តសហការ សំណូមពរ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់ការគាំទ្រដល់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធលើគ្រប់វិស័យ ដើម្បីឲ្យពួកគាត់ទទួលបាននូវកិច្ចគាំពារសង្គមកាន់តែទូលាយ។ ជាមួយគ្នានេះផងដែរ ខ្ញុំសូមសំណូមពរដល់ស្ថាប័នទាំងអស់ គិតគូរជាពិសេសក្នុងការបង្កើតគម្រោង និងការអនុវត្តគម្រោងទាំងអស់ប្រកបដោយការចូលរួមរបស់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការឆ្លើយតបនឹងយេនឌ័រ ។
ជាចុងបញ្ចប់ ខ្ញុំសូមគោរពជូនពរដល់នាងកញ្ញា លោក លោកស្រី និងអ្នកចូលរួមទាំងអស់ ឲ្យមានសុខភាពល្អ និងជោគជ័យក្នុងការងារ៕