សិក្ខាសាលាពិគ្រោះយោបល់លើ ព្រះរាជក្រឹត្យស្តីពី“ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ”
មតិស្វាគមន៍ របស់លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា
ជាបឋម នាងខ្ញុំ៖
- សូមគោរព ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
- សូមគោរព ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌
- សូមគោរព ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាដែលអញ្ចើញមកពីស្ថាប័នអង្គនិតិបញ្ញាតិ និតិប្រតិបត្តិ គណៈមេធាវី អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ទាំងអស់ដែលបានមានវត្តមាននៅទីនេះ ទាំងអស់ជាទីគោរព និងរាប់អាន!
តាងនាមឲ្យអង្គការអុកស្វាម ថ្ងៃនេះ នាងខ្ញុំមានកិតិ្តយសយ៉ាងក្រៃលែងដែលបានចូលរួមចំណែកជាមួយក្រសួងយុត្តិធម៌ ក្នុងការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី “ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ដែលមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ស្ថាប័នជំនាញលើគ្រប់វិស័យ រួមទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិផងដែរ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី! ព្រឹត្តិការណ៍ថ្ងៃនេះ ជាសកម្មភាពមួយក្នុងកិច្ចផ្តួចផ្តើមរបស់ក្រសួងយុត្តិធម៌ និងអង្គការអុកស្វាមដើម្បីចូលរួមចំណែកក្នុងការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។ កាលពីពីរឆ្នាំកន្លងមកនេះ អង្គការអុកស្វាម ជាមួយក្រុមការងារបច្ចេកទេសរបស់ ក្រសួងយុត្តិធម៌ ដែលដឹកនាំដោយ ឯកឧត្តម ជិន ម៉ាលីន ឯកឧត្តម ប៊ូច សុភ័ណ្ឌ និងក្រុមការងារ បានចាប់ផ្តើមដំណើការ សិក្សាបង្កើតឯកសារទស្សនាទាន ស្តីពី យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលឧត្តម លោកជំទាវ លោក លោកស្រី ដែលមានវត្តមាននៅថ្ងៃនេះក៏ធ្លាប់បានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ជាច្រើនលើកច្រើនសាររួចមកហើយ។ ជាងនេះទៅទៀត ក្រុមការងារក៏បានរៀបចំសៀវភៅណែនាំប្រតិបត្តិការសម្រាប់ការិយាល័យនិតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន និងផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសន្ធាននកម្ម ជូនដល់មន្ត្រីនៅថ្នាក់មូលដ្ឋាន ដែលទទួលបន្ទុកសម្រុះសម្រួល និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅតាមបណ្តាខេត្តមួយចំនួន ដែលមានការិយាល័យនិតិកម្មតាំងនៅ និងបានចូលរួមទស្សនកិច្ចសិក្សាជាមួយប្រតិភូរាជរដ្ឋាភិបាល ក្នុងការស្វែងយល់បន្ថែមអំពីការប្រព្រឹត្តទៅ និងការរៀបចំបទដ្ឋានគតិយុទ្ធផ្សេងៗ សំរាប់អនុវត្ត ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព និងបរិយាប័ន្នននៅប្រទេសវៀតណាម ក្នុងពេលកន្លងទៅថ្មីៗនេះ។
នាថ្ងៃនេះ អង្គការអុកស្វាម បានរួមចំណែកមួយកម្រិតទៀត ជាមួយក្រសួងយុត្តិធម៌ក្នុងការក្នុងការចូលរួមរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងព្រះរាជក្រិត្យនេះ ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ដែលសុទ្ធសឹងជាអ្នកជំនាញ វិជ្ជាជីវៈ និងបានអនុវត្តជាក់ស្តែងលើការងារនេះ។
ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមជម្រាបជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងអង្គសិក្ខាសាលាទាំងមូល មេត្តាជ្រាបថា អង្គការអុកស្វាម មានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៧៩ និងបានធ្វើការងារក្នុងវិស័យជាច្រើនដូចជា ជំនួយមនុស្សធម៌ និងឆ្លើយតបគ្រោះមហន្តរាយ ការអភិវឌ្ឍសហគមន៍ ។ បេសកកម្មរបស់អង្គការអុកស្វាមបានប្រែទម្រង់ ដើម្បីស្របតាមស្ថានភាពសេដ្ឋកិច្ចសង្គម ទម្រង់ និងតម្រូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្នុងការពង្រឹងស្ថាប័ន និង បទដ្ឋានគតិយុត្តិ ជាពិសេសចូលរួមកាត់បន្ថយភាពក្រីក្រ។ អង្គការអុកស្វាមនិងអង្គការដៃគូបានធ្វើការយ៉ាងសស្រាក់សស្រាំជាមួយស្ថាប័នរាជរដ្ឋាភិបាលក្នុងការរៀបចំច្បាប់ភូមិបាល ក្រមបរិស្ថាន គាំទ្រការអភិវឌ្ឍន៌សហគមន៍និងមូលដ្ឋាន លុបបំបាត់វិសមភាពយេនឌ័រ និងអំពើហឹង្សាក្នុងគ្រួសារ គាំទ្រការលើកកម្ពស់អាជីវកម្មរបស់ស្រ្តី និងអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ បន្ថែមពីលើនេះទៀត អង្គការអុកស្វាមក៏មានកម្មវិធីដែលសហកាជាមួយវិស័យឯកជន ទាំងក្នុងស្រុក និងអន្តរជាតិ មួយចំនួន ដើម្បីពង្រឹងការវិនិយោគដែលប្រកបដោយការទទួលខុសត្រូវខ្ពស់ និងនិរន្តរភាព ចំពោះសង្គម និងបរិស្ថាន។ ថ្មីៗនេះយើងបាននិងកំពុងចូលរួមចំណែកក្នុងការធានាឱ្យបាននូវកិច្ចគាំពារសង្គមសម្រាប់ប្រជាពលរដ្ឋគ្រប់រូបដែលស្របទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាលដែលមិនទុកនរណាម្នាក់ចោល។
ទស្សនៈវិស័យ និងបេសកម្មរបស់ អង្គការអុកស្វាម គឺចង់ឃើញសង្គមកម្ពុជាមួយដែលមានយុត្តិធម៌ និងរួចចាកពីភាពក្រីក្រ។ នៅដើមឆ្នាំ ២០១៣ ក្រោមជំនួយពីសហភាពអឺរ៉ុប អង្គការអុកស្វាមបានអនុវត្តគម្រោងឈ្មោះ កិច្ចសហប្រតិបត្តិការ កម្ពុជា-សហភាពអ៊ឺរ៉ុប សំរាប់អភិបាលកិច្ច និងសិទ្ធិមនុស្ស (EU-Cambodia Co-operation Facility for Governance and Human Rights-ECCF) នៅក្នុងភូមិចំនួន ២៤០ ក្នុងខេត្តចំនួន ៤ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង។ ក្រោមកិច្ចសហការជាមួយអង្គការដៃគូ និងអជ្ញាធរថ្នាក់ក្រោមជាតិ យើងបានគាំទ្រដល់ការបង្កើត គណៈកម្មការសម្របសម្រួលការដោះស្រាយវិវាទដើម្បីយុត្តិធម៌ សម្រាប់ជនក្រីក្រ (Access to Justice Committee) និង បណ្តាញសកម្មភាពការពារដីធ្លី និងបរិស្ថានកម្ពុជា (Cambodia Land and Environment Action Network) ។
គណៈកម្មការទាំងនេះបានផ្តល់ជាវេទិកាសម្រាប់សហគមន៍ និងក្រុមអង្គការសង្គមស៊ីវិល អាចទាក់ទងធ្វើការងារជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាផ្តល់ឱកាសក្នុងការចែករំលែកជំនាញ និងកសាងសមត្ថភាពតាមរយៈវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងទស្សនៈកិច្ចផ្លាស់ប្តូរបទពិសោធន៍។ តាមរយៈគម្រោងនេះ យើងបានពង្រឹងសមត្ថភាពរបស់មន្រ្តីថ្នាក់ឃុំ និងភូមិ ស្តីអំពីច្បាប់ និងបទដ្ឋានគតិយុត្តិផ្សេងៗ ជំនាញសម្របសម្រួលនិងដោះស្រាយវិវាទ និងរៀបចំសមាសភាពគណៈកម្មាការសម្រុះសម្រួលនិងដោះស្រាយវិវាទប្រកបដោយប្រសិទ្ធិភាព។ កាលនោះ អង្គការអុកស្វាម និងដៃគូរ អនុវត្តគម្រោង យល់ឃើញថា ប្រសិនបើមានយន្តការដោះស្រាយទំនាស់ដែលមានភាពស្រដៀងគ្នាត្រូវបានបង្កើត និងដាក់ឱ្យដំណើរការនៅថ្នាក់មូលដ្ឋាន ប្រាកដជានឹងបំរើផលប្រយោជន៍ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្របសម្រួលទំនាស់រដ្ឋប្បវេណីនៅថ្នាក់ក្រោមបានរហ័ស ចំណេញពេលវេលា និងការចំណាយរបស់គូរទំនាស់ ក៏ដូចជាចូលរួមកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ ដែលបច្ចុប្បន្នបានក្លាយជាគោលនយោបាយចំបងរបស់ក្រសួងយុត្តិធម៌ក្នុងការសម្របសម្រួល និងដោះស្រាយ។ តាមរយៈរបាយការណ៍វាយតម្លៃលទ្ធផលបញ្ចប់បានបង្ហាញថា វេទិកាទាំងពីរ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្រុះសម្រួល ដោះស្រាយវិវាទរដ្ឋប្បវេណីថ្នាល់មូលដ្ឋានបានយ៉ាងច្រើន ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយសំណុំរឿងឡើងមកតុលាការ និងកាត់បន្តយពេលវេលា ការចំណាយធនធានរបស់ប្រជាពលរដ្ឋ ក្នុងការស្វែងរកការដោះស្រាយតាមប្រព័ន្ធតុលាការ។
សេចក្តីព្រាងព្រះរាជក្រឹត្យ ដែលនឹងដាក់ពិភាក្សានេះពេលបន្តិចទៀតនេះ នឹងក្លាយជាឯកសារគតិយុទ្ធដ៏សំខាន់ និងជាឯកសារតំរង់ទិស ដល់ការចងក្រង និងរៀបចំឯកសារគតិយុទ្ធផ្សេងៗទៀត ដែលសម្របសម្រួល និងបំរើអោយការអភិវឌ្ឍន៍ និងរៀបចំលិខិតបទដ្ឋានគតិយុទ្ធនានា ដែលជាឧបករណ៍សម្រាប់អនុវត្តយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធិភាព សមភាព និងបរិយាប័ន្ន។ អង្គការអុកស្វាម សូមស្វាគមន៍ យ៉ាងកក់ក្តៅចំពោះ ក្រសួងយុត្តិធម៌ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលជាថ្នាក់ដឹកនាំដែល មានទស្សនៈវិស័យវែងឆ្ងាយ ក្នុងវិស័យកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ក្នុងការដាក់ទិសដៅ សំរាប់ការដោះស្រាយទំនាស់រដ្ឋប្បវេណីបានឆាប់រហ័ស មានប្រសិទ្ធិភាព និងយុត្តិធម៌ដល់គូរភាគី និងបានបោះជំហាន ដល់ចំណុចចដ៏ស្រួចស្រាវ និងមានសារៈសំខាន់នេះ។
អង្គការអុកស្វាម សង្ឃឹមយ៉ាងមុតមាំ និងជឿជាក់ថា សិក្ខាសាលាពិគ្រោះយោបល់ក្នុងថ្ងៃនេះ នឹងប្រមូលបាននូវធាតុចូលសំខាន់ៗ ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ និងអាចអនុវត្តបាន សំរាប់ជំរុញឱ្យដំណើរឈានឆ្ពោះទៅកាន់ សង្គមមួយដែលមានយុត្តិធម៌ និងគ្មានភាពក្រីក្រ អាចសម្រេចទៅបាន និងចូលរួមចំណែកក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអណត្តិថ្មី ដើម្បីសម្រេចតាមផែនការ ដែលបានគ្រោងទុក។
អង្គការអុកស្វាម និងបន្តសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីធ្វើការតាក់តែងបទដ្ឋានគតិយុទ្ធ ផ្សេងៗ និងសម្របសម្រួលប្រមួលធាតុចូលពីសំណាក់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលបំពេញការងារ ជំនួយផ្នែកច្បាប់ និងប្រឹក្សាយោបល់អ្នកឃ្លាំមើលការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដើម្បីដាក់ជូនក្រសួងក្នុងការពិនិត្យ និងពិភាក្សាបន្ថែម នៅតាមដំណាក់កាលចាំបាច់និមួយៗ។ អង្គការអុកស្វាម និងបន្តកិច្ចសហការជាមួយដែគូផ្សេងទៀត ស្វែងរកប្រភពជំនួយ និងរៀបចំគម្រោងសំណើរផ្សេងៗដាក់ជូនស្ថាបន័ផ្តល់ជំនួយហិរញ្ញវត្ថុ ដើម្បីជ្រោមជ្រែងការងារនេះបន្ថែមទៀត។
ជាទីបញ្ចប់ តាងនាមឱ្យអង្គការអុកស្វាម នាងខ្ញុំសូមគោរពជូនពរអង្គសិក្ខាសាលាពិគ្រោះយោបល់នេះ អោយមានការពិភាក្សាផុសផុល ប្រកបដោយគំនិតស្ថាបនា ដើម្បីឱ្យសេចក្តីព្រាងព្រះរាជក្រឹត្យនេះមានភាពពេញលេញ។ នាងខ្ញុំសូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា បានជួបនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ!