សន្ទរកថាស្វាគមន៍របស់ លោកស្រី ភាណ សោភ័ណ នាយិការបស់អង្គការអុកស្វាម
សិក្ខាសាលាស្តីពី ការជជែកដេញដោលរបស់យុវជន និងកិច្ចពិភាក្សាតុមូលពហុភាគីស្តីពី “ការប្រែប្រួលអាកាសធាតុ ហិរញ្ញវត្ថុអាកាសធាតុ និងហិរញ្ញវត្ថុបៃតង”
ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២
*****
ជាបឋម ខ្ញុំសូមគោរព៖
ឯកឧត្តម ស៊ុំ ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន
លោក វ៉ាន់ធី លីម តំណាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
លោក Long Vibunrith អនុប្រធាននាយកដ្ឋាន គ្រប់គ្រងអត្រាប្តូរប្រាក់ ធនាគាជាតិនៃកម្ជុជា
ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងប្អូនៗយុវជនដែលមានវត្តមានក្នុងសិក្ខាសាលានេះជាទីគោរពរាប់អាន!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា និងប្អូនៗយុវជនទាំងអស់ ដែលបានអញ្ចើញចូលរួមក្នុងសិក្ខាសាលាស្តីពីការជជែកដេញដោលរបស់យុវជន និងកិច្ចពិភាក្សាតុមូលពហុភាគីដែលពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ ហិរញ្ញវត្ថុអាកាសធាតុ និងហិរញ្ញវត្ថុបៃតងនាព្រឹកនេះ។
ការរៀបចំសិក្ខាសាលានេះ មានគោលបំណងសំខាន់ៗចំនួនបីដូចខាងក្រោមៈ
ផ្តល់ឪកាសដល់យុវជន និងស្ថាប័នពាក់ព័ន្ធជជែកពិភាក្សាគ្នាអំពីការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដែលកំពុងជៈឥទិ្ធពលលើជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង។
ផ្តល់កិច្ចពិភាក្សាតុមូលពហុភាគីស្តីពីវិធានការសំខាន់ៗដើម្បីឆ្លើយតបការប្រែប្រួលអាកាសធាតុពីអ្នកតាក់តែងច្បាប់ រាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអង្គការសង្គមស៊ីវិល ។
ធ្វើការផ្សព្វផ្សាយ អប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដើម្បីចូលរួមអនុវត្តសកម្មភាពបន្សុំា និងកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
ដូចឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងប្អូនៗយុវជនទាំងអស់បានជ្រាបហើយថា ការប្រែប្រួលអាកាសធាតុបានក្លាយជាហានិភ័យយ៉ាងធ្ងន់ធ្ងរមួយ ដែលមនុស្សជាតិបាននិងកំពុងជួបប្រទះ ហើយក៏ជាប្រធានបទអាទិភាពដែលពិភពលោកកំពុងព្រួយបារម្ភផងដែរនាពេលបច្ចុប្បន្ននេះ។ ស្របពេលដែលភពផែនដីកំពុងទ្បើងកំដៅ ផលប៉ះពាល់ជាអវិជ្ជមាននៃការប្រែប្រួល អាកាសធាតុមកលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងចីរភាពបរិស្ថាននៅទូទាំងពិភពលោក នឹងបន្តកើតមានទ្បើងកាន់តែញឹកញាប់និងខ្លាំងទ្បើងៗដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការស្វែងរកដំណោះស្រាយបន្ទាន់។
ដោយទ្បែកកម្ពុជានឹងក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលនឹងទទួលរងផលប៉ះពាល់ខ្លាំងបំផុតដោយការប្រែប្រួលអាកាសធាតុ។ គ្រាន់តែនៅចន្លោះពីឆ្នាំ២០១១ ដល់ ២០១៨ គ្រោះរាំងស្ងួតបានប៉ះពាល់ដល់ផ្ទៃដីជាង ៧.៥០០.០០០ ហិកតា ហើយទឹកជំនន់ និងព្យុះបានប៉ះពាល់ដល់គ្រួសារជិតមួយលានគ្រួសារ បើយោងតាមរបាយការណ៏ថវិកាអាកាសធាតុរបស់ប្រជាពលរដ្ឋកម្ពុជាសម្រាប់ឆ្នាំ២០១៨-២០១៩។ ជាងនេះទៅទៀត ដោយសារកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនភាគច្រើនពឹងផ្អែកលើ វិស័យដែលងាយនឹងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ដូចជា កសិកម្ម រុក្ខាប្រមាញ់ នេសាទ និងទេសចរណ៍។ ជាឧទាហរណ៏ជាក់ស្តែង ដោយគ្រាន់តែវិស័យកសិកម្ម និងនេសាទតែមួយផ្តល់ ២៥% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា និង ផ្តល់ការងារដល់ ៤៩% នៃកម្លាំងពលកម្មរបស់ប្រទេស បើយោងតាមរបាយការណ៏ស្តីពីប្រវត្តិបណ្តាប្រទេសដែលមានហានិភ័យអាកាសធាតុៈ កម្ពុជា (ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៏អាស៊ី ឆ្នាំ២០២១ ។
ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ វាជាការលើកទឹកចិត្តមួយ ដែលឃើញកម្ពុជាយើងបានបង្កើតថាមពលព្រះអាទិត្យ និងកាត់បន្ថយថ្លៃការប្រើប្រាស់ចរន្តអគ្គិសនីរហូតដល់ទៅពីរភាគបី ស្របពេលដែលកម្ពុជាកំពុងផ្លាស់ប្តូរចេញពីការពឹងផ្អែកអស់ពេលយ៉ាងយូរលើថាមពលធ្យូងថ្ម និងវារីអគ្គិសនី។ ការប្រែប្រួលអាកាសធាតុ តម្រូវឱ្យមានដំណោះស្រាយប្រកបដោយចីរភាព ហើយវាអាចកើតឡើងបាននៅពេលដែលគ្រប់តួអង្គ រួមមានរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍនានា និងប្រជាពលរដ្ឋទាំងអស់ ចូលរួមពួតដៃគ្នា នាំយកនូវធនធានចាំបាច់ ដើម្បីវិនិយោគលើដំណោះស្រាយ ដែលជួយឱ្យកម្ពុជាកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ តាមរយៈថវិកាវិនិយោគលើផលិតកម្មថាមពលករកើតឡើងវិញ ដូចជាថាមពលព្រះអាទិត្យ និងថាមពលខ្យល់ជាដើម និងជួយដល់សហគមន៍ ឱ្យបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ យើងខ្ញុំសូមអំពាវនាវ មិនត្រឹមតែជាការប្តេជ្ញានយោបាយ ប៉ុន្តែជាការវិភាជន៍ថវិកា ដើម្បីផ្តល់ហិរញ្ញប្បទានដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយហានិភ័យ និងការបន្ស៊ាំទាំងឡាយ និងសហប្រតិបត្តិការចំណោមតួអង្គទាំងអស់។
ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងប្អូនៗយុវជន ជាទីមេត្រី!
អង្គការអុកស្វាមតាមរយៈគម្រោងហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា(FFC) បានធ្វើការងារជាច្រើនជាមួយសមាជិកសម្ព័ន្ធរបស់ខ្លួន ដោយធ្វើការសហប្រតិបត្តិការជាមួយរាជារដ្ឋាភិបាល និងនិយតករ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្នែកឯកជន សមាគមធនាគារនៅកម្ពុជា ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល តាមរយៈពង្រឹងសមត្ថភាព ចូលរួមក្នុងព្រឹត្តិការណ៍ជាមួយភាគីពាក់ព័ន្ធទាំងនៅក្នុងវេទិកាពិភពលោក និងតំបន់ ផ្សព្វផ្សាយពីករណីសិក្សា និងការសិក្សាស្រាវជ្រាវ ធ្វើយុទ្ធនាការនានា និងអនុវត្តការវាយតម្លៃគោលនយោបាយនៃលក្ខណៈវិនិច្ឆ័យ ESG របស់ស្ថាប័នហិរញ្ញវត្ថុ ដោយប្រើវិធីសាស្រ្តស្តង់ដារហិរញ្ញវត្ថុយុត្តិធម៌អន្តរជាតិ (Fair Finance Guide International (FFGI) Methodology-FFGI)។ សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា (FFC) ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ២០១៩ ហើយដែលមានអង្គការសង្គមស៊ីវិលជាសមាជិក មានគោលបំណងចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន នៃការវិនិយោគឆ្លងដែនលើសិទ្ធិមនុស្ស បរិស្ថាន និងការប្រែប្រួលអាកាសធាតុជាពិសេស ស្ថាប័នហិរញ្ញវត្ថុចម្រុះជាតិសាសន៍ ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង និងដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចដោយប្រកបដោយបរិយាបន្ន។ សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា (FFC) គឺជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌អាស៊ី (Fair Finance Asia)រួមមានៈ ប្រទេសកម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ប៉ាគីស្ថាន ហ្វីលីពីន ថៃ និងវៀតណាម ដែលជាបណ្តាញក្នុងតំបន់នៃអង្គការសង្គមស៊ីវិល ដែលប្តេជ្ញាធានាថាការសម្រេចចិត្តផ្តល់ហិរញ្ញប្បទានរបស់ស្ថាប័នហិរញ្ញវត្ថុនៅក្នុងតំបន់គោរពដល់សុខុមាលភាពសង្គម និងបរិស្ថានរបស់សហគមន៍មូលដ្ឋាន។
ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងប្អូនៗយុវជន ជាទីមេត្រី!
សិក្ខាសាលាថ្ងៃនេះ មានលក្ខណៈពិសេសជាងធម្មតា ត្បិតមានការជជែកដេញដោលរបស់យុវជនស្តីពីការប្រែប្រួលអាកាសធាតុ និងការដេញដោលរកអ្នកទទួលខុសត្រូវចំពោះទង្វើដែលជាវិបត្តិសកលមួយនេះ។ នេះជាទង្វើដ៏ត្រឹមត្រូវគួរអោយកោតសរសើររបស់ប្អួនៗជាយុវជន និងជារឿងសំខាន់បំផុតរបស់ពួកគាត់ផងដែរ ព្រោះថាយុវជន កុមារគឺអ្នករងគ្រោះរយៈពេលវែងជាងគេនៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនេះ ដូចនេះហើយពួកគេគឺជាតួអង្គសំខាន់ក្នុងការស្វែងរកដំណោះស្រាយបែបច្នៃប្រឌិតទាក់ទងបញ្ហានានាក្នុងការប្រែប្រួលអាកាសធាតុនេះ។
ក្នុងឪកាសដ៏វិសេសវិសាលនេះ ខ្ញុំជឿជាក់ថាការជជែកដេញដោលរបស់យុវជន និងកិច្ចពិភាក្សាតុមូលពហុភាគីស្តីពីការប្រែប្រួល អាកាសធាតុ ហិរញ្ញវត្ថុអាកាសធាតុ និងហិរញ្ញវត្ថុបៃតងនាពេលបន្តិចទៀតនេះ នឹងផ្តល់ឪកាសសម្រាប់ប្អូនៗយុវជន វិស័យ ឯកជន អង្គការសង្គមស៊ីវិល គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍លើការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត និងអន្តរាគមន៍នានាក្នុងការដោះស្រាយបញ្ហាដែលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ ជាងនេះទៅទៀត យើងក៏ចង់ដឹងផងដែរថាតើតួអង្គសំខាន់ៗដូចជារាជរដ្ឋាភិបាលកម្ពុជា ផ្នែកឯកជន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអង្គការសង្គមស៊ីវិលបានធ្វើអ្វីខ្លះ និងត្រូវខិតខំបន្ថែមទៀតក្នុងការអនុវត្ត ឫអន្តរាគមន៍នានាដែលទាក់ទងនឹងហិរញ្ញវត្ថុអាកាសធាតុ និងមូលនិធិអាកាសធាតុបៃតងដើម្បីឲ្យការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណចំពោះវត្តមានរបស់គណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងប្អូនៗយុវជន តំណាងក្រសួងបរិស្ថាន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ វិស័យឯកជន អង្គការសង្គមស៊ីវិល និងនិស្សិតដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមសិក្ខាសាលានា ពេលនេះ។
ជាទីបញ្ចប់ ខ្ញុំសូមគោរពជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា និងប្អូនៗយុវជន សូមមានសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ និងមានជ័យជម្នះគ្រប់ភារកិច្ច។
សូមអរគុណ!