កម្មវិធីពិភាក្សាពី លទ្ឋផលនៃការសិក្សា អំពីតម្រូវការនៃជនដែល
មានពិការភាព នៅតំបន់គោលដៅ ខេត្ត តាកែវ
ថ្ងៃច័ន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩
សូមគោរព និងជម្រាបសួរ លោក លោកស្រី ដែលអញ្ជើញមកពីអង្គការជាតិ និងអន្តរជាតិ ដែលមានវត្តមាននៅទីនេះ!
តាងនាមឲ្យអង្គការអុកស្វាមនៅក្នុងប្រទេសកម្ពុជា នាងខ្ញុំមានកិត្តិយសដែលបានចូលរួមក្នុងកម្មវិធីបង្ហាញនិងពិភាក្សាអំពីលទ្ឋផលនៃការសិក្សាពី តម្រូវការនៃជនមានពិការភាព នៅតំបន់គោលដៅ ខេត្តតាកែវ នៃគម្រោងសម្លេងរបស់ជនដែលមានពិការភាពនៅក្នុងសកម្មភាពគណនេយ្យសង្គម។
សូមថ្លែងអំណរគុណដល់វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ និង អង្គការដៃគូដែលចូលរួមអនុវត្តគម្រោងនេះរួមមាន Epic Art និងអង្គការខ្មែរអភិវឌ្ឍន៏ជនពិការនិងអ្នកក្រីក្រ ព្រមទាំងស្ថាប័នពាក់ព័ន្ធដែលក្នុងនោះរួមមានរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិលទាំងអស់ ដែលបានចូលរួមចំណែកក្នុងការងារដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់ស្ថានភាពរបស់ជនមានពិការភាពនៅប្រទេសកម្ពុជា។
អង្គការអុកស្វាម សូមអបអរ និងស្វាគមន៏ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុវត្តនូវផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០១៩-២០២៣) ដោយបានដាក់បញ្ចូលក្រុមជនដែលងាយរងគ្រោះ ដែលក្នុងនោះមានជនដែលមានពិការភាព។ ទន្ទឹមនឹងនេះ ផែនការយុទ្ធសាស្ត្រដំណាក់កាលទី២នេះ ក៏បានបញ្ចូលបន្ថែមនូវមុខងារសំខាន់ៗ ថែមទៀត រួមមានទាំងកិច្ចគាំពារសង្គម សម្រាប់ជនដែលងាយរងគ្រោះផងដែរ។
អង្គការអុកស្វាម នឹងបន្តចូលរួមចំណែកយ៉ាងសកម្ម និងសហការជាមួយគណៈកម្មាធិការនិងលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ និងអង្គការដៃគូនានា អនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ដើម្បីបង្កើនការចូលរួម និងប្រសិទ្ធភាពនៃកិច្ចសន្ទនាររវាងប្រជាពលរដ្ឋជាមួយនឹងអាជ្ញាធរមូលដ្នាន និងជាមួយអ្នកផ្តល់សេវានានា ឲ្យរឹតតែមានភាពប្រសើរឡើង។
ដោយឡែក នៅឆ្នាំ២០១៧ អង្គការអុកស្វាម តាមរយៈកម្មវិធី វ៉យ បានធ្វើការសិក្សាវិភាគស្ថានភាពរបស់ក្រុមដែលងាយរងគ្រោះជាងគេ បានរកឃើញថា នាពេលបច្ចុប្បន្នមានគោលនយោបាយ និងយន្តការមួយចំនួនបាន និងកំពុងយកចិត្តទុកដាក់ចំពោះជនដែលមានពិការភាព ជាពិសេសជនពិការភាពផ្នែករាងកាយ។
ផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព២០១៤-២០១៨នេះ មានទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗចំនួន១០ ផ្ដោតលើការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ ការផ្ដល់សេវាសុខភាពប្រកបដោយគុណភាព និងសមភាព ព្រមទាំងការស្ដារលទ្ធភាពពលកម្មកាយសម្បទា និងសតិបញ្ញា ការផ្ដល់សេវាយុត្តិធម៌ ការពារការរើសអើង ការរំលោភបំពាន ការប្រមាថ និងការកេងប្រវញ្ចលើជនពិការ ការអប់រំ ការចូលរួម ក្នុងការសម្ដែងមតិ ទទួលព័ត៌មាន និងចូលរួមជីវភាពនយោបាយ ការអភិវឌ្ឍ និងកែសម្រួលឲ្យមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់បរិស្ថានរូបវន្ត មធ្យោបាយដឹកជញ្ជូនបម្រើសាធារណៈ ចំណេះដឹង ព័ត៌មាន និងទំនាក់ទំនងចំពោះជនពិការ ការធានាសមភាពយេនឌ័រ និងការលើកសមត្ថភាពស្រ្តី និងកុមារពិការ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយថ្នាក់អន្តរជាតិ។
តែទន្ទឹមនឹងនោះ ការអនុវត្តនៅមិនទាន់បានទូលំទូលាយនៅឡើយ។ ការផ្សព្វផ្សាយច្បាប់ និងគោលនយោបាយ ធនធានមនុស្សនិងធនធានហិរញ្ញវត្ថុសម្រាប់ការអនុវត្តគោលនយោបាយនៅមានកម្រិត ព័ត៌មាននិងទិន្និន័យច្បាស់លាស់របស់ជនមានពិការភាពនៅពុំទាន់មានគ្រប់គ្រាន់ ដែលធ្វើឲ្យដំណោះស្រាយឆ្លើយតបនៅពុំទាន់បានពេញលេញ។ ការបង្ហាញពីការស្រាវជ្រាវរបស់វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ នាថ្ងៃនេះ គឺជាផ្នែកមួយឆ្លើយតបទៅនឹងកង្វះខាតខាងលើនេះផងដែរ។
ជនពិការភាព ទាំងផ្នែករាងកាយនិងសតិបញ្ញា នៅទទួលបានការរើសអើង មាក់ងាយ កេងប្រវ័ញ្ចពីសង្គមខាងក្រៅ និងសង្គមគ្រួសារផងដែរ ជាពិសេសជនមានពិការភាពដែលជាស្រ្តី និងកុមារី។ រូបភាពនិងពលកម្មរបស់ជនមានពិការភាពត្រូវបានយកទៅប្រើប្រាស់មិនសមស្រប ដូចជា ការសុំទាន ជាដើម។ សង្គមគ្រួសារមួយចំនួននៅគិតថា គឹជាកម្មពៀរដែលមានជនពិការនៅក្នុងគ្រួសារ ហើយជនពិការ គឺជាបន្ទុកដ៏ធ្ងន់របស់ពួកគាត់។ ការទទួលបាននូវការអប់រំ ការថែទាំសុខភាព ការប្រកបការងារ និងការចូលរួមក្នុងការងារអភិវឌ្ឍសង្គម សេដ្ឋកិច្ច នៅតែជាបញ្ហាចម្បងចំពោះជនមានពិការភាព។
តាមរយៈកិច្ចប្រជុំពិភាក្សាពីលទ្ឋផលនៃការសិក្សាស្រាវជ្រាវនេះ យើងរំពឹងថា នឹងមានការចូលរួមមតិយោបល់ពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ស្ថានភាពជនមានពិការភាពឲ្យកាន់តែមានប្រសិទ្ឋភាព។ ការងារសំខាន់ៗ ដែលត្រូវសហការធ្វើនិងរួមគ្នាធ្វើបន្ត គឺការជម្រុញការអនុវត្តគោលនយោបាយ និងយន្តការនានា ដើម្បីកាត់បន្ថយ និងលុបបំបាត់នូវការរើសអើង មាក់ងាយពីសង្គម បង្កើនឱកាសក្នុងការចូលរួមផ្តល់យោបល់ និងការទទួលបាននូវសេវាសាធារណៈ ការអប់រំ ការងារ មុខរបរសមស្រប ទទួលបានកិច្ចគាំពារសង្គមពេញលេញ និងការរស់នៅប្រកបដោយភាពថ្លៃថ្នូរ។
អុកស្វាម តាមរយៈកម្មវិធី វ៉យ គឺជាកម្មវិធីដ៏សំខាន់មួយ ដើម្បីចូលរួមឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីលុបបំបាត់ភាពក្រីក្រនិងអសមធម៌ ដោយមិនទុកអ្នកណាម្នាក់ចោលឡើយ។ លើសពីនេះទៀត អ្នកដែលងាយរងគ្រោះ គឺជាក្រុមអាទិភាព ហើយយើងនឹងខិតខំប្រឹងប្រែងដើម្បីជួយដល់ក្រុមជនដែលងាយរងគ្រោះជាងគេឱ្យបានច្រើនជាទីបំផុត។ អុកស្វាមមានភាពរីករាយដែលបានចូលរួមចំណែកលើកកម្ពស់ស្ថានភាពរបស់ជនមានពិការភាព និងបានគាំទ្រគម្រោង សម្លេង របស់ជនមានពិការភាពក្នុងសកម្មភាពគណនេយ្យសង្គម ដែលជាគម្រោងមួយប្រកបដោយភាពច្នៃប្រឌិត ដើម្បីឲ្យជនមានពិការភាពអាចចូលរួមផ្តល់យោបល់ និងទទួលបានសេវានានា ប្រកបដោយបរិយាប័ន្ន។ បន្ថែមលើនេះទៀត កម្មវិធី វ៉យ ក៏បាននិងកំពុងផ្តល់ការគាំទ្រដល់អង្គការនានាដែលលើកកម្ពស់ជនមានពិការភាព ដែលមានបណ្តាញស្ត្រីមានពិការភាពវ័យកេ្មង អង្គការតំណាងជនពិការជួយខ្លួនឯង មណ្ឌលស្រ្តីមានវិបត្តិ សាលារៀនទន្សាយ និងមណ្ឌលផ្តល់ការងារដល់ជនមានពិការភាព -ល-។
អង្គការអុកស្វាម នឹងបន្តសហការ និងធ្វើការជាមួយដៃគូពាក់ព័ន្ធនានា ព្រមទាំងស្ថាប័នជាតិ និងអន្តរជាតិដើម្បីចូលរួមចំណែកលើកកម្ពស់និងគាំទ្រដល់ក្រុមដែលតំណាងឲ្យជនងាយរងគ្រោះ និងក្រុមដែលទទួលនូវការរើសអើងបំផុត ដើម្បីអាចចូលរួមក្នុងភាពជាតំណាងដ៏ប្រសើរក្នុងដំណើរការធ្វើសេចក្តីសម្រេចនៅក្នុងសហគមន៏ និងសង្គម។
ជាចុងបញ្ចប់ ខ្ញុំសូមគោរពជូនពរដល់ឯកឧត្តម នាងកញ្ញា លោក លោកស្រី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិអ្នកចូលរួមទាំងអស់ ឲ្យមានសុខភាពល្អ និងជោគជ័យក្នុងការងារ៕
All photos: Sokha Srey/Oxfam